ចូ​ស ម៉ូ​រី​ញ៉ូ ត្រូវបាន​មែន​ញូ​បណ្តេញ​ចេញពី​តំណែង​អ្នកចាត់ការ​កណ្តាល​ទី​

721
ចែករម្លែក

​ក្លឹប​បាល់ទាត់​បិសាច​ក្រហម​មែន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត កាលពី​ថ្ងៃ​អង្គារ​ទី​១៨​ធ្នូ បាន​បណ្តេញ​អ្នកចាត់ចែង​ការ​លោក​ចូ​ស ម៉ូ​រី​ញ៉ូ​(Jose Mourinho)​បន្ទាប់ពី​ការចាប់ផ្តើម​​រដូវ​មួយ​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិ​លេង​នៅ​រយៈពេល​ជិត​៣​ទសវត្សរ៍​មកនេះ​។​

​លោក​ម៉ូ​រី​ញ៉ូ អាយុ​៥៥​ឆ្នាំ កាន់​តែមាន​អារម្មណ៍​មួរ​ម៉ៅ​ឆាប់​ច្រឡោតខឹង​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​នៅ​ទឹកដី Old Trafford ដោយបាន​វាយប្រហារ​រិះគន់​គោល​​នយោបាយ​ផ្ទេរ​កីឡាករ​របស់​គណៈកម្មកា​រ​ក្លឹប​និង​ជះ​កំហឹង​លើ​ក្រុមបាល់ទាត់​ខ្លួនឯង ជាពិសេស​កីឡាករ​ដែល​ទិញ​មក​ក្នុង​តំលៃ​ខ្ពស់បំផុត​ផូ​ល ផុ​ក​បា​។​

​ការស្រែក​ឡូឡា​ស្តីបន្ទោស​របស់លោក​អំពី​ការខ្វះ​ទឹកចិត្ត​លេង​របស់​កីឡាករ​បាន​ប៉ះពាល់​ដល់​ការលេង​នៅ​ទីលាន ដែល​បន្ថែម​ដោយ​បរាជ័យ​៣-១​ក្រោម​ថ្វី​ជើង​ហង្ស​ក្រ​​ហម​លី​វើ​ភូ​ល​កាលពី​ថ្ងៃអាទិត្យ ជាហេតុ​ធ្វើអោយ​អតីត​ក្លឹប​ជើងឯក​នេះ​នៅ​ពីក្រោយ​គូប្រកួត​ដល់​ទៅ​១៩​ពិ​ន្ទុះ​។​

​ចូ​ស ម៉ូ​រី​ញ៉ូ​ប្រតិកម្ម​ក្នុងអំឡុង​ការប្រកួត Premier League​ទល់នឹង​លី​វើ​ភូ​ល​កាលពី​ថ្ងៃអាទិត្យ​

​ការបណ្តេញ​លោក​ម៉ូ​រី​ញ៉ូ បានកើត​ឡើង​តែ​២​ឆ្នាំកន្លះ​ក្រោយ​លោក​ចូលកាន់​តំណែង​នេះ និង​នៅពេល​៣​ឆ្នាំ​មួយថ្ងៃ​បន្ទាប់ពី​ក្លឹប​ឆែ​ល​ស៊ី បណ្តេញ​រូបលោក​ក្រោយ​លោក​​ដឹកនាំ​ក្លឹប​ដណ្តើមបាន​តំណែង​ជើងឯក​។​

​ការចាប់ផ្តើម​ដ៏​អាក្រក់​បំផុត​របស់​ក្លឹប​នៅក្នុង​លី​ក​ចាប់តាំងពី​ឆ្នាំ​១៩៩០​មក​មានន័យថា​មហិច្ឆតា​របស់លោក​ម៉ូ​រី​ញ៉ូ​ដើម្បី​បាន​តំណែង​៤​លើ​គេ​ក្នុង​លី​ក​និង​ការជាប់​បាន​កៅអី​​មួយ​សំរាប់​ចូល​លេង​Champions League ប្រឈម​គ្រោះថ្នាក់​។​ទោះជា​មែន​ញ៉ូ​បាន​ឈានដល់​ដំណាក់កាល​ទាត់​ជម្រុះ​ក្នុង​Champions League ក៏​ខ្លួន​ត្រូវ​ប្រឈម​ការ​​ប្រកួត​ជម្រុះ​១៦​ក្រុម​ចុងក្រោយ​ជាមួយ​ក្លឹប​Paris Saint-Germain បូករួម​ទាំង​លទ្ធផល​មិនល្អ ការទាស់ទែង​សម្តី​ក្នុង​បន្ទប់​ផ្លាស់ប្តូរ​សម្លៀកបំពាក់​កីឡាករ និង​ការរិះគន់​​គណៈកម្មការ​របស់​ក្លឹប ជា​កក្តា​នាំ​ដល់​ការបញ្ឈប់​តំណែង​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុក​ហ្កា​ល់​រូបនេះ​ពាក់កណ្តាល​ទី​។​

​ប្រភពព័ត៌មាន​បានអោយ​ដឹងថា ក្លឹប​មែន​ញ៉ូ នឹងត្រូវ​បង់ប្រាក់​អោយ​លោក​ម៉ូ​រី​ញ៉ូ ចំនួន​២៨,៥​លាន​ដុល្លារ ដើម្បី​បញ្ចប់​ការងារ​របស់លោក​មុន​កាលកំណត់​នេះ​។​

​សេចក្តី​ថ្លែង​ការ​របស់​ក្លឹប​បាន​និយាយថា​«​មែន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ប្រកាសថា អ្នកចាត់ការ ចូ​ស ម៉ូ​រី​ញ៉ូ បាន​ចាក​ចេញពី​ក្លឹប​។​ក្លឹប​សូម​អរគុណ​លោក​ចូល​ចំពោះ​ការ​​ងារ​របស់លោក​នៅ​ក្លឹប​និង​ជូនពរ​អោយ​លោក​ជួប​ជោគជ័យ​នៅពេល​អនាគត​។​អ្នកចាត់ការ​ចាំផ្ទះ​ថ្មី​ម្នាក់​នឹងត្រូវ​តែងតាំង​ជំនួស​អោយ​បន្ត​ដឹកនាំ​ក្លឹប​រហូតដល់​ចប់​រដូវ​កាល​​បច្ចុប្បន្ន​…»​។​

​អតីត​គ្រូបង្វឹក​ក្លឹប Real Madrid លោក​ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន និង​អ្នកចាត់ការ​ក្លឹប Tottenham Hotspur​លោក​ម៉ូ​រី​ស្យូ ប៉ូ​ចេ​តទី​ណូ រួមទាំង​អតីត​ខ្សែបំរើ​មែន​ញូ​លោក​ហ្ការី​​ណេ​វី​ល ត្រូវបាន​គេ​លើក​មក​និយាយ​សំរាប់​ចូល​ជំនួស​តំណែង​នេះ​៕​ដោយ​៖​វាសនា​