ចូ ហាត បង្ខំចិត្ត​ចូលរួម​ដំណើរ​ប្រកួត​កម្តៅ​សាច់ដុំ​ជាមួយ ស៊ី​ធី

825
ចែករម្លែក

​ចូ ហាត (Joe Hart) អាច​បង្ខំចិត្ត​ចូលរួម​ដំណើរ​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី ធី​នៅ​រដូវក្តៅ​នេះ បើទោះបីជា​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) មិនត្រូវ​ការ​ក៏ដោយ​។​
​ ​
​ចូ ហាត បាន​វិលត្រឡប់​មកកាន់​ក្លឹប​ស៊ី​ធី​វិញ​បន្ទាប់ពី​ចំណាយពេល​ខ្ចី​ជើង ពេញ​មួយ​រដូវ​កាល​ជាមួយ​ក្លឹប​អ៊ីតាលី Torino ប៉ុន្តែ​ដឹងថា ខ្លួន​នៅមាន​អនាគត នៅ​ពហុកីឡាដ្ឋាន Etihad Stadium ក្រោម​ការដឹកនាំ​របស់​លោក ហ្គា​ឌី​អូ​ឡា នៅ ឡើយ​។​
​ ​
​ស៊ី​ធី បាន​ផ្ទេរ​អ្នកចាំទី អេ​ដឺ​សិន ម៉ូ​រ៉េ​ស (Edersen Moraes) ពី​ក្លឹប Benfica ក្នុងតម្លៃ​៣៥​លាន​ផោន ហើយ​បាន​លក់​ចេញ​អ្នកចាំទី វី​ល​លី កា​បា​ឡេ​រ៉ូ (Willy Caballero) ខណៈពេល​ខ្ចី​ជើង​អ្នកចាំទី Angus Gunn ទៅ​ក្លឹប Norwich ។​
​ ​
​ស្របពេល​ក្លឹប​ស៊ី​ធី​អវត្តមាន​អ្នកចាំទី ក្លូ​ឌី​អូ ប្រា​វ៉ូ (Claudio Bravo) ដោយសារ​បំពេញ​កាតព្វកិច្ច ជាមួយ​ក្រុម​ជម្រើសជាតិ​ឈី​លី​សម្រាប់​ការប្រកួត Confederations Cup ធ្វើ​ឲ្យ​កីឡាករ អេ​ដឺ​សិន និង ហាត ក្លាយជា​ជម្រើស​ពីរ​គត់​សម្រាប់​លោក ហ្គា​ឌី​អូ​ឡា​។​
​ ​
​មានន័យថា ហាត វ័យ​៣០​ឆ្នាំ​ប្រឈមមុខ​នឹង​ស្ថានភាព​មិនល្អ​មួយ​ដែល​ត្រូវ​ចូលរួម​ដំណើរ​ប្រកួត កម្តៅ​សាច់ដុំ​មុន​រដូវ​កាល​របស់​ស៊ី​ធី​នៅ​អាមេរិក​នៅ​រដូវក្តៅ​នេះ បើទោះបីជា​លោក ហ្គា​ឌី​អូ​ឡា គ្មាន​ការជឿជាក់​លើ​ខ្លួន​ក៏ដោយ​។​
​ ​
​ស៊ី​ធី​ត្រូវ​ប្រកួត​ជាមួយ​គូប្រជែង​ជាមួយ​ក្រុម ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នៅ​ទីក្រុង Houston ក្រុម Real Madrid នៅ​ទីក្រុង Los Angeles និង​ក្រុម Tottenham នៅ​ទីក្រុង Nashville មុនពេល​ជួប​ប្រកួត​ជាមួយ​ក្រុម West Ham នៅ​ប្រទេស​អ៊ី​ស្លង់​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ហាត អន្ទះសា​ចង់​ផ្ទេរ​ចេញពី​ក្លឹប​ស៊ី​ធី បន្ទាប់ពី​ចំណាយពេល​លេង​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល​កន្លងមក ប៉ុន្តែ​ស៊ី​ធី​មិន​បានទទួល​សំណើ​សមស្រប​ណាមួយ​សម្រាប់​អ្នកចាំទី​លេខ​១​របស់​អង់គ្លេស​រូបនេះ​ទេ ដែល​ស៊ី​ធី​បានដាក់​តម្លៃ​២៥​លាន​ផោន​៕ ប្រែ​សម្រួល​:​ពិសិដ្ឋ​

អ្នកចាំទី ចូ ហាត (Joe Hart)