ចេញពី​ក្លឹប​ត្រូវ​ក្រុមចោរ​កាប់​ប្លន់​របួសធ្ងន់​ដេរ​៩៥​ថ្នេរ ហើយ​យក​ម៉ូតូ​ស្គូ​ប​ពី​យកទៅ​បាត់​

1081
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: យុវជន​ម្នាក់​ក្នុងចំណោម​៤​នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ ត្រូវបាន​ប​ញ្ជួ​ន​ទៅកាន់​មន្ទីរពេទ្យ​ដេរ​៩៥​ថ្នេរ បន្ទាប់ពី​មាន​ក្រុមក្មេងស្ទាវ​មួយក្រុម មាន​គ្នា​៧​នាក់​ជិះ​ម៉ូតូ​៤​គ្រឿង ប្រដាប់​ដោយ​កាំបិត ដាវ ជិះ​ដេញតាម​កាប់​ប្លន់ យក​ម៉ូតូ​ស្គូ​ប​ពីមួយ​គ្រឿង​បានសម្រេច ហើយ​គេចខ្លួនបាត់ ក្រោយពេល​ជនរងគ្រោះ​ចេញពី​ក្លឹប​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ ស្ថិតនៅ​តាមផ្លូវ​២០០៤ ភូមិ​ទ្រង់មាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ឈ្មោះ ឆែម នាថ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ បុគ្គលិក ក្លឹប​អ​វ៉ា​លូន ស្នាក់នៅ​ភូមិ​ប៉​ប្រ៉​កជើង សង្កាត់​កា​កាប​១ ខ​ណ្ដ​ពោធិ​សែន​ជ័យ រងរបួស​បាក់​រយះ​ដៃស្តាំ និង​រយះ​ក្បាល ដេរ​៩៥​ថ្នេរ​។ ចំណែក​ម៉ូតូ​ដែល​ក្រុម​ជនសង្ស័យ​កាប់​ប្លន់​យកទៅ​បាត់​ម៉ាក ស្គូ​ប​ពី សេរី​២០១២ ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ ក្រចេះ 8221​។​

​តាម​សម្តី​មិត្ត​ភ័ក្ដិ​ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ​ជាមួយ រងរបួស​ស្រាល បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ខណៈដែល​ពួកខ្លួន​មាន​គ្នា​៤​នាក់ សុទ្ធតែជា​បុគ្គលិក បម្រើ​ការងារ​នៅ​ក្លឹប​ខាងលើ ជិះ​ម៉ូតូ​២​គ្រឿង ស្គុ​ប​ពី​ពណ៌​ឈាមជ្រូក របស់ខ្លួន​មួយគ្រឿង និង​មួយគ្រឿង​ទៀត ម៉ាក​ស្កុប​ពី​ពណ៌​ស មួយគ្រឿង​នាំគ្នា​ជិះ​ចេញពី​កន្លែងធ្វើការ នៅវេលា​ម៉ោង​ខាងលើ តាម​បណ្តោយ​ផ្លូវ​២០០៤ ពី​កើ​តទៅ​លិច​លុះដល់​ចំណុច​ខាងលើ ស្រាប់តែ មាន​ក្រុមក្មេងស្ទាវ​មួយក្រុម​មាន​គ្នា​ប្រមាណ​៧​នាក់ ជិះ​ម៉ូតូ​៤​គ្រឿង​ប្រដាប់​ដោយ​កាំបិត និង​ដាវ ជិះ​ដេញតាម​ពីក្រោយ ស្រែក​គំរាម​ឲ្យ​ឈប់ ទោះជា​ព្យាយាម​បើក​ម៉ូតូ​រត់គេច​ក៏​មិន​រួច ត្រូវបាន​ក្រុម​ជនសង្ស័យ​ស្ទាក់ ហើយ​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​ស្គូ​ប​ពីមួយ​គ្រឿង​ទៅ​បាត់ ចំណែក​ម៉ូតូ​មិត្ត​ភ័​ក្ត ស្គូ​ប​ពីមួយ​គ្រឿង​ទៀត ដក​កូនសោ​បោះចោល នាំគ្នា​រត់គេច​ពី​ការដេញ​កាប់​របស់​ជនសង្ស័យ​។

​ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន រហូតដល់​ព្រឹក​ថ្ងៃទី​១០ ខែមេសា​នេះ ទើប​ជនរងគ្រោះ​ម្នាក់​រត់​ទៅប្តឹង​សមត្ថកិច្ច ប៉ុស្តិ៍​អូរ​បែកក្អម​៕ ល​