ចេញ​ដីកា​ឲ្យ​ឃាត់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ​

932
ចែករម្លែក

(​ភ្នំពេញ​)៖​លោក ម៉ន ផល្លា ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ​ត្រូវ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ទៅ​បង្ហាញមុខ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ មុន​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ ដើម្បី​សាកសួរ​ករណី ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​ប្រព្រឹត្ត កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៧​កន្លងទៅ​។​

លោក​តេង​ស៊ី​ណូ​អធិការនគរបាល​ខណ្ឌ​មានជ័យ​បាន​បញ្ជាក់ថា​រហូតមក​ដល់​ល្ងាច​ថ្ងៃទី​២៨​ខែមិថុនា​នេះ​សមត្ថកិច្ច​នគរបាល​ពុំទាន់​ឃាត់ខ្លួន​លោក ម៉ន ផល្លា​បាន​នៅឡើយ​ទេ​។​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ចុះ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ បាន​បញ្ជាក់ថា​”​លោក ម៉ន ផល្លា អាយុ​៤២​ឆ្នាំ ភេទ​ប្រុស ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ 3Eo ផ្លូវ​លេខ​15C ភូមិ​អូរ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឲ្យ​ចូល​បង្ហាញខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឲ្យ​បាន​មុន​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ នៅ​រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​សាកសួរ​លើ​ករណី​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​”​កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៧​។​

​គួររំលឹកថា កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៧​កន្លងទៅ បុរសរងគ្រោះ​ម្នាក់​ត្រូវបាន​ក្រុម​សកម្មជន គណបក្ស​សង្គ្រោះ​ជាតិប្រមាណ​១០​នាក់ បាន​ព្រួត​វាយ​ធ្វើបាប គ្រាន់តែ​បើក​ម៉ូតូ​ឆ្លងកាត់​ក្បួន​ដង្ហែ​បក្ស​របស់​ពួកគេ បណ្តាល​ឲ្យ​ជាំ​ហើម​ភ្នែក​ខាងឆ្វេង​ក្បាល និង​លើ​ខ្លួនប្រាណ​ជាច្រើន​កន្លែង​។

ក្រោយមក​នៅ​ល្ងាច​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៧ បុរសរងគ្រោះ បានដាក់​ពាក្យ​ប្តឹង​ក្រុម​អ្នកគាំទ្រ​គណបក្ស សង្គ្រោះ​ជាតិ​ទាំងនេះ នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ដើម្បី​ចាត់ការ​តាមច្បាប់​៕ ​ដោយ ៖ស​រិ​ទ្ធ​

#