ចេតនា​, ចេតសិក​, សភាវៈ​, ចរចា​, ចរិត​, ចារឹក​, ចរិយា​, ចលនវត្ថុ​, អចលនៈ​, ចរណៃ​, ចក្រវាល​, ចក្រី​, ចលនា​, ចិញ្ចែង​, ចន្ទ​, ចន្ទាស​, ចក្រ​

240

​ចេតនា ចេ តៈ ន៉ា សំ​. បា​. ( ន​. ) គំនិត​ដែល​នាំ​ចិត្ត​ឱ្យ​ភ្នក​, ឱ្យ ផ្តួច​គិត ។ ចេតនា​នេះ ជា​តួ​ចេតសិក ដែល​ដឹកនាំ​ចិត្ត​ឱ្យ​ចេះ​គិត ។ ចេតនាកម្ម (–​កាំ​) អំពើ​ដែល​សម្រេច​ដោយ​ចេតនា ឬ​ដែល​កើតឡើង ដោយ​ចេតនា ។ ចេតនារម្មណ៍ (–​រ៉​ម់​) អារម្មណ៍​របស់ ចេតនា​, ធម្មជាតិ​ជាទី​រីករាយ​នៃ​ចិត្ត ។
​ ​
​ចេតសិក –​តៈ​– បា​. ( ន​. ) សភាវៈ​ដែល​ប្រកប​ផ្សំ​នឹង​ចិត្ត កើត រលត់ ព្រម​ជាមួយនឹង​ចិត្ត (​ពាក្យ​នេះ មាន​ក្នុង​ព្រះ​អភិធម្ម នៅមាន​សេចក្តី ជ្រាលជ្រៅ​ទៅទៀត​) ។
​ ​
​សភាវៈ សៈ​– បា​., សំ​. ( ន​. ) (​សភាវ​, ស្វ​ភាវ​) ដូច សភាព ដែរ ។ សភាវធម៌ (​សៈភាវៈ​ធ័​រ​) ធម្មជាតិ​ដើម​, គោល​របស់​ធម្មតា ។ សភាវសណ្ឋិត (​សៈភាវៈ​សន់ ឋិត​) ដែល​ឋិត​នៅ​ស៊ប់ តាម​កំណើត​ដើម​, អ្នក​ដែល​ឋិត​នៅ​ស៊ប់ ក្នុង​ធម្មតា ៘
​ ​
​ចរចា ច​-​ចា ( កិ​. ) និយាយ ប្រស្រ័យ​, សំណេះសំណាល​រកគ្នា​៖ គេ កំពុង​ចរចា​គ្នា​, សត្វ​សារិកាកែវ វា​កំពុង ទំ​លើ​មែកឈើ វា​ចរចា​គ្នា​វា​ដូច​មនុស្ស យើង​ដែរ​ហ្ន៎ !
​ ​
​ចរិត ចៈ រ៉ិ​ត សំ​. បា​. ( ន​. ) ការប្រព្រឹត្តិ​, កិរិយាមារយាទ​, ឫកពា​, បែបបទ ៘​៖ ចរិតល្អ​, ចរិតមិនល្អ​។ មនុស្ស​ខូច​ចរិត គឺ​មនុ​ស្សបង់​ឫកពា ប្រក្រតី​, ដែល​រកកល់​ឆ្កួត ។ បើ​មាន ទុ ភ្ជាប់​ពី​ខាងដើម ត្រូវ​សរសេរ​ជា ទុច្ចរិត​, បើ​មាន សុ នៅ​ខាងដើម ត្រូវ​សរសេរ​ជា សុចរិត ។
​ ​
​ចារឹក ( កិ​. ) ចារ​, សរសេរ កត់​៖ ខ្មែរ​ក្នុង​បុរាណសម័យ បាន​ចារឹក ប្រវត្តិ​នៃ​សិលាប្រាសាទ​ថ្ម​នានា​ច្រើន តំបន់ ។ ន​. អ្វីៗ មាន​ផ្ទាំង​ថ្ម​ជាដើម ដែលមាន​អក្សរ​ជា​សម្គាល់​៖ គោល ចារឹក​ព្រំដែន​, សិលាចារឹក​, មាន​ចារឹក ជា​គ្រឿង​សម្គាល់ ៘
​ ​
​ចរិយា ចៈ រ៉ិ​យ៉ា បា​., សំ​. ( ន​. ) (​ច​យ៌ា​) ការប្រព្រឹត្តិ​, សំណាង​, ព្រេង​, ព្រេងសំណាង​៖ អ្នក​ហ្នឹង​មាន ចរិយា​ល្អ​ណាស់ ។
​ ​
​ចលនវត្ថុ ចៈ​-​ល៉ៈ​-​ន៉ៈ​-​វាត់​-​ថុ ( ន​. ) វត្ថុ ឬ ទ្រព្យ​របស់​ដែល​កម្រើក បាន​, ដែល​លើកដាក់ ឬ​ដឹកនាំ​ពី កន្លែង មួយ​ទៅកាន់​កន្លែង​មួយទៀត​បាន មាន តុ ទូ ជាដើម ។ ព​. ផ្ទ​. អចលនវត្ថុ ។
​ ​
​អចលនៈ អៈ​ចៈ​ល៉ៈ​ន៉ៈ សំ​. បា​. ( ន​. ) (​អចលន​) ការមិន​កក្រើក​, មិន កម្រើក​, មិន​រំភើប​, ការ​ស្ងប់ ។ អចលន ភាព ភាវៈ​មិន​កម្រើក ។ អចលនវត្ថុ (​អៈ​ចៈ​ល៉ៈ​ន៉ៈ​វ័ត​-​ថុ​) មើល​ក្នុង​ពាក្យ អចល (​គួរប្រើ​ជា អចលវត្ថុ (​ព្រោះ អចល ជា គុ​., អចលន ជា ន​., ដែល​ពុំគួរ ផ្សំ​ជាមួយនឹង វត្ថុ ជា ន​. ដែរ​, ឬ​ប្រើ អសង្ហារិមវត្ថុ វិញ​ក៏បាន​) ។
​ ​
​ចរណៃ ច​-​រ៉ៈ ណៃ ( គុ​. ឬ ន​. ) កែវ ឬ ត្បូង ដែល​គេ​ច្នៃ​រួចហើយ​៖ កែវចរណៃ ។
​ ​
​ចក្រវាល ច័ក​-​ក្រៈ វ៉ាល​, ច័ក​-​កៈ​វ៉ាល សំ​. បា​. ( ន​. ) លោកធាតុ គឺ​ភ្នំ​ជា​កំពែង​ព័ទ្ធជុំវិញ​នៃ​ពិភពលោក ទាំងមូល (​ម​. ព​. លោកធាតុ ផង​) ។ ចក្កវាឡ​
​ ​
​ចក្រី សំ​., បា​. ( ន​. ) (​ច​ក្រិន​, ច​ក្កី​) អ្នកមាន​ចក្រ​, អ្នកទ្រទ្រង់​ចក្រ​, (​វិស្ណុ​, ស្តេច​ចក្រពត្តិ​, ព្រះមហាក្សត្រ​), អ្នកជិះ​លើ​រថ​… ។ ងារ​សេនាបតី​ក្នុង កម្ពុជរដ្ឋ សម្រេច​កិច្ច​ខាង​ក្រសួង​យុទ្ធនា ធិ​ការ​ចម្បាំង​ជើងគោក​៖ លោកអ្នក ឧកញ៉ា​ចក្រី​កុញ្ជរាធិបតី ។ សម័យ បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រីក្រសួង​ការពារ ប្រទេស ខាង​យុទ្ធនាធិការ​ដែរ ។
​ ​
​ចលនា ចៈ​-​ល៉ៈ​-​ន៉ា បា​. ( ន​. ) ការ​កម្រើក​, ការមិន​តាំងនៅ ស្ងៀម​, ដំណើរ​រវើក​ជានិច្ច​៖ ចលនា​នៃ គ្រឿងចក្រ​, ចលនានយោបាយ ។
​ ​
​ចិញ្ចែង ( គុ​. ) ត្រដែត​ជាក់ ស្តែង ។ បើ​ប្រើ​ជា​ពាក្យប្រៀប​ថា ខ្ពង់ ខ្ពស់​, ថ្កើងថ្កាន ។ ចិញ្ចែងចិញ្ចាច ចិញ្ចែង​ភ្លឺ​ស្ងាច​, រុងរឿង​ថ្លៃថ្លា ។
​ ​
​ចន្ទ ច័ន បា​. ( ន​. ) សភាវៈ សម្រាប់​បំភ្លឺ ជា​ចម្បង​ជាង​ពន្លឺ​ទាំងអស់ ដែល​ភ្លឺ​ក្នុង​វេលាយប់​៖ ព្រះ​ចន្ទ​ពេញ វង់ ហៅ​តាម​ពាក្យ​ធម្មតា​ថា លោក​ខែ​, ខែរះ​, ខែលិច​, ខែភ្លឺ ។
​ ​
​ចន្ទាស ( ន​. ) បាច់​ផ្តៅ​ចំនួន ២០​ដើម ចង​ជា​សំណុំ​រួច​បត់​ជា​ពីរ​ ៖ ផ្តៅ​មួយ​ចន្ទាស ។ បា​. ( ន​. ) (​សណ្ឌាស​) តម្បៀត​ធ្វើ​ដោយ​ដែក​ជាដើម​សម្រាប់ ចាប់ សម្រាប់​ដាក់​ផ្អោប​ត្បៀត​គ្នា (​ម​. ព​. សណ្ឌាស ផង​) ។ ដែលមាន​ស្រទាប់​ទ្រ ដុំរទេះ​ជាដើម ដើម្បីឱ្យ​រលាស់​ស្រួល ក៏​ហៅ ចន្ទាស ដែរ​៖ ចន្ទាសរថយន្ត (​ខ្មែរ​សម័យបុរាណ​សរ​សេរ សណ្ឌាស ជា​ពាក្យ​ត្រឹមត្រូវ ប៉ុន្តែ​គេ​ច្រើន​រិះគន់ថា និយាយ​មិន​ច្បាស់​ទៅវិញ​) ។
​ ​
​ចក្រ ច័ក សំ​., បា​. ( ន​. ) (​ចក្ក​) កង់​, កង់​មាន​កាំ​, អាវុធ​មាន​សណ្ឋាន ជា​វង់​មូល​មាន​ងៀង​ជា​បន្លា​ជុំវិញ មាន មុខ​មុត​, មណ្ឌល​, រង្វង់​មូល​, ប្រទេស​, អាណាខេត្ត​, ពួក​, ហ្វូង​, កងទ័ព​, កណ្តាប់​ព័ទ្ធជុំវិញ … ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេច​សង្ឃរាជ​ជួន ណាត​