ចេះតែ​ប៉ោង​ពោះ ហើយ​ពិបាក​ដកដង្ហើម ដល់​តែ​ទៅឱ្យ​ពេទ្យ​ពិនិត្យ​បាន​ញាក់សាច់

308
ចែករម្លែក

​ក្រុម​វេជ្ជបណ្ឌិត​នៅ​ប្រទេស​ឥណ្ឌា បាន​វះកាត់​ដុំ​គីស យ៉ាង​ធំ​ដែលមាន​ទម្ងន់​រហូតដល់​ទៅ ១៨,១ គីឡូក្រាម​ចេញពី​ក្នុង​អូវែរ (​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​បន្ត​ពូជ​) របស់​ស្ត្រី​ម្នាក់​។​
​ ​
ស្ត្រី​មេម៉ាយ​ក្រីក្រ កា​វី​តា កាឡា​ម (Kavita Kalam) វ័យ ៣៨ ឆ្នាំ​បានសម្រេច​ចិត្ត​ទៅ​មន្ទីរពេទ្យ ក្រោយ​ទ្រាំ​ការឈឺ​ចុកចាប់​ក្នុង​ពោះ​ខ្លាំង​អស់​រយៈពេល ៧ ខែ ហើយ​បាន​ប្រាប់​គ្រូពេទ្យ​ថា គាត់ ពិបាក​ដកដង្ហើម​ណាស់​។ មូលហេតុ​ដែល​គាត់​ទ្រាំ​ការឈឺចាប់​បែបនេះ​ព្រោះ​គ្មាន​លទ្ធភាព ហើយ​ត្រូវ​រង់ចាំ​យ៉ាង​អន្ទះសារ​ទម្រាំ​អ្នកភូមិ​ជួយ​រៃអង្គាស ប្រាក់​បាន ៧០​ដុល្លារ​ឱ្យ​គាត់​ទៅ​មន្ទីរ ពេទ្យ​។​

​ក្រុមគ្រូពេទ្យ​បានធ្វើ​តេស្ត​ពិនិត្យ​ជាច្រើន​ដង ហើយ​រកឃើញថា គាត់​មាន​គីស​ដុំ​សាច់​ក្នុង​អូវែរ ដែល​ទំហំ​ធំ​រហូតដល់​ទៅ ១០៦ សង់ទីម៉ែត្រ ។ ជា​សំណាងល្អ ដុំ​គីស ដែល​ពេញ​ទៅដោយ​ទឹក រងៃ​ថ្លា​នេះ​មិនមែនជា​ដុំ​សាច់​មហារីក​។​
​ ​
ហើយ​ក្រុមគ្រូពេទ្យ​នៅ​មន្ទីរពេទ្យ Acharya Vinoba Bhave Hospital ក្នុង​ក្រុង​វ៉ា​ដា (Wardha) រដ្ឋ​មហា​រ៉ា​ស្ត្រា (Maharashtra) បាន​វះកាត់​យក​គីស​ដុំ​សាច់​នេះ​ចេញ​ដោយ​ជោគជ័យ​។​
​ ​
​វេជ្ជបណ្ឌិត អា​ពី​តា ចា​អ៊ី​ស​វ៉ាល់ ស៊ីន​ហ្គា​ម (Arpita Jaiswal Singam) ដែល​ស្ថិត​ក្នុងចំណោម វេជ្ជបណ្ឌិត​ព្យាបាល​ស្ត្រី​ខាងលើ​និយាយថា “​នេះ​ជា​គីស​ធំ​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​វះកាត់​”៕ ប្រែ​សម្រួលៈ ខុម​