ចេះ​នឹកឃើញ​បំផុសគំនិត​ឱ្យ​ប្រជាជន​យក​ដប​ប្លា​ស្ទិ​ក​ដូរ​យក​សំបុត្រ​រថយន្តក្រុង​

324
ចែករម្លែក

​មនុស្ស​រាប់សិប​នាក់​ដែល​យួរ​ថង់​ពេញ​ដោយ​ដប និង​កែវ ឬ​ពែង​ប្លា​ស្ទិ​ក​តម្រង់​ជួរ​គ្នា​នៅ ចំណតរថយន្ត​ក្រុង​ដ៏​មមាញឹក​មួយ​ក្នុង​ស៊ូ​រ៉ា​បា​យ៉ា (Surabaya) ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ដូរ​យក​សំបុត្រ​រថយន្តក្រុង​។

​ឥណ្ឌូនេស៊ី ជា​ប្រទេស​ដែល​បំពុលបរិស្ថាន​សមុទ្រ​ធំ​បំផុត​ទី​២ ក្នុង​ពិភពលោក​បន្ទាប់ពី ប្រទេស​ចិន ហើយ​បាន​ប្ដេជ្ញា​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​ក​ក្នុង​ដែនទឹក​របស់ខ្លួន​ឱ្យបាន ៧០​ភាគរយ ត្រឹម​ឆ្នាំ​២០២៥ តាមរយៈ​ការលើកកម្ពស់​ការកែច្នៃ​ប្រើប្រាស់​ឡើង​ការ បង្កើន​ការយល់ដឹង​របស់​សាធារណជន​និង​ការ​កំហិត​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។​

​យោងតាម​អាជ្ញាធរ​ឱ្យដឹងថា គម្រោង​នេះ​មាន​ភាព​ផុសផុល​យ៉ាងខ្លាំង​នៅក្នុង​ទីក្រុង ដែលមាន​ប្រជាជន​រស់នៅ​ប្រមាណ ២,៩ លាន​នាក់​នេះ ដោយ​ក្នុង​មួយ​សប្ដាហ៍ៗ​មាន អ្នកដំណើរ​រហូតដល់​ទៅជិត ១៦.០០០​នាក់​យក​សំរាម​ប្លា​ស្ទិ​កមក​ដូរ​សំបុត្រ​ធ្វើដំណើរ ឥតគិតថ្លៃ​។​

​អ្នកស្រុក​ម្នាក់​ឈ្មោះ ហ្វ្រែ​ន​ស៊ី​ស្កា នូ​ហ្គ្រា​ហេ​ពី (Fransiska Nugrahepi) វ័យ ៤៨ ឆ្នាំ បានបង្ហាញ​ការយល់ឃើញ​របស់ខ្លួន​ជុំវិញ​គម្រោង​នេះ​ថា “​នេះ​ជា​ដំណោះស្រាយ​ដ៏ ឈ្លាសវៃ​។ មិនចាំបាច់​ចំណាយ​ប្រាក់ ហើយ​ជំនួស​ឱ្យ​ការបោះ​ដប​ចោល​ឥឡូវ​ប្រជាជន នាំគ្នា​ប្រមូល​យកមក​ទីនេះ​”​។

​សម្រាប់​ការធ្វើដំណើរ​តាម​រថយន្តក្រុង​រយៈពេល​មួយ​ម៉ោង​ដែល​ត្រូវ​ឈប់​រដឹក​តាមផ្លូវ ត្រូវ​បង់ ៣ ដប​សម្រាប់​ដប​ធំ ៥ ដប​សម្រាប់​ដប​ទំហំ​មធ្យម ឬ ១០ កែវ ឬ​ពែង​ប្លា​ស្ទិ​ក​។ ប៉ុន្តែ​ដប ឬ​ពែង​ប្លា​ស្ទិ​ក​ទាំងនោះ​ត្រូវ​លាង​ឱ្យ​ស្អាត ហើយ​មិនត្រូវ​ធ្វើឱ្យ​ខ្ទេច​ឡើយ​។

​ពេលនេះ​មាន​មនុស្ស​កាន់តែ​ច្រើនឡើងៗ យក​សំរាម​មក​តម្រង់​ជួរ​គ្នា​ដូរ​យក​សំបុត្រ រថយន្តក្រុង​។​

​មន្ត្រី​សាធារណការ​ក្រុង​ម្នាក់​ឈ្មោះ ហ្វ្រែ​ង​គី យួ​នូ​ស (Franki Yuanus) និយាយថា គោលបំណង​នៃ​កម្មវិធី​នេះ​មិន​ត្រឹមតែ​ដើម្បី​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​ក​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរ​ផងដែរ​តាមរយៈ​ការជំរុញឱ្យ​ប្រជាជន​ប្តូ​រងាក​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​សាធារណៈ​។​

​បច្ចុប្បន្ននេះ​មាន​រថយន្តក្រុង ២០ គ្រឿង​ដែល​បើក​ឆ្វែល​ប្រមូលយក​សំរាម​ប្លា​ស្ទិ​ក​។ អាជ្ញាធរ​និយាយថា​ជា​លទ្ធផល​ក្នុង​មួយខែៗ​ប្រមូល​សំរាម​ប្លា​ស្ទិ​ក​ពី​អ្នកដំណើរ​បាន ប្រមាណ ៦ តោន មុនពេល​ដាក់​ដេញថ្លៃ​ទៅឱ្យ​បណ្ដា​ក្រុមហ៊ុន​កែច្នៃ​សំរាម​៕ ប្រែ​សម្រួលៈ​ខុម​