ចេ​ហ្វ បេ​ហ្សូ​ស បញ្ចេញ​គំនិត​អំពី​យាន​ចុះចត​លើ​ព្រះ​ចន្ទ​

326
ចែករម្លែក

​សហគ្រិន​នៃ​ក្រុមហ៊ុន​Amazon​លោក​ចេ​ហ្វ បេ​ហ្សូ​ស ( Jeff Bezos)​បាន​បញ្ចេញ​សំណាក​នៃ​យាន​ចុះចត​ឋាន​ព្រះ​ចន្ទ ក្នុង​គោលបំណង​នាំ​គ្រឿង​បរិក្ខា​និង​មនុស្ស​ទៅ​កាន់​​ព្រះ​ចន្ទ​នៅ​យ៉ាងយូរ​ត្រឹម​ឆ្នាំ​២០២៤​។​

​យាន​គ្មាន​មនុស្ស​បើក​Blue Moon​នេះ នឹង​នាំ​គ្រឿង​បរិក្ខា​វិទ្យាសាស្ត្រ ផ្កាយរណប​និង​យាន​ចុះចត​ទៅកាន់​ព្រះ​ចន្ទ​។​វា​រួម​មាន​ម៉ាស៊ីន​រ៉ុក្កែត​មួយ​ហៅថា​ឪ​BE-7​ដែល​អាច​បាញ់​​ខ្យល់​កម្លាំង​១០.០០០​ផោន​(៤.៥៣៥​គីឡូក្រាម​)​។​

​លោកបេ​ហ្សូ​ស បាន​និយាយថា​«​វា​ដល់​ពេល​វិល​ទៅកាន់​ព្រះ​ចន្ទ​»​។​លោក​បាន​បង្ហាញ​គោលដៅ​បេសកកម្ម​នៅ​ព្រះ​ចន្ទ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​អវកាស​Blue Origin​របស់​លោក​នៅ ក្រុង​វ៉ាស៊ីនតោន ទៅកាន់​ទស្សនិកជន ដែល​រួមមាន​អតិថិជន​នាពេល​អនាគត​និង​មន្ត្រី​មក​ពី​អង្គការ​ណា​សា​។​

​យាន Blue Moon​អាច​នាំ​ទំនិញ​ទៅកាន់​ផ្ទៃ​ព្រះ​ចន្ទ ដោយ​ទម្លាក់​ចុះ​យាន​បើក​ដោយ​ខ្លួនឯង​៤​គ្រឿង និង​ដាក់​ផ្កាយរណប​ចូល​ក្នុង​គន្លង​ព្រះ​ចន្ទ​។​វា​នឹង​មាន​ទម្ងន់​៣៣.០០០​ផោន​ពេល​ចេញ​ដំណើរ​ពី​ផែនដី តែ​ថយ​ចុះ​មក​នៅ​ប្រមាណ​៧.០០០​ផោន​ពេល​ចុះចត​លើ​ព្រះ​ចន្ទ​។​

​បើ​តាម​ផែនការ យាន​នេះ​នឹង​ចុះ​នៅ​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ កន្លែង​ដែល​គេ​រកឃើញ​ទឹកកក​នៅក្នុង​មាត់​រណ្តៅ​ធំៗ​។​បន្ទាប់​មក​ទឹក​យកចេញ​ពី​ទឹកកក​អាច​បំបែក​ទៅជា​​អ៊ីដ្រូហ្សែ​ន ដែល​អាច​ប្រើ​ជា​ថាមពល​យាន​សំរាប់​បេសកកម្ម​បន្ថែមទៀត​នៅ​ទូទាំង​ប្រព័ន្ធ​ព្រះអាទិត្យ​។​

​កាលពី​ខែ​មីនា រដ្ឋការ​របស់​ត្រាំ​បានប្រកាសថា ខ្លួន​មាន​បំណង​បញ្ជូន​អវកាសយានិក​ទៅកាន់​ព្រះ​ចន្ទ​នៅ​យ៉ាងយូរ​ត្រឹម​ឆ្នាំ​២០២៤​។​

​នៅក្នុង​សុន្ទរកថា​របស់​លោក លោកបេ​ហ្សូ​ស បាន​និយាយថា Blue Origin​នឹង​អាច​បំពេញ​តាម​កាលបរិច្ឆេទ​របស់​ត្រាំ តែ​ដោយសារ​តែ​ក្រុមហ៊ុន​បានចាប់ផ្តើម​រចនា​គំរូ​យាន​​ចុះចត​នេះ​តាំងពី​ឆ្នាំ​២០១៦​។​លោក​ចង់​ធ្វើអោយ​ប្រសើរ​ឡើង​ការចូល​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ ដោយសារតែ​លោក​មាន​ទស្សនវិស័យ​ទូលំទូលាយ​អំពី​អនាគត​មួយ ដែល​មនុស្ស​អាច​​រស់នៅ​និង​ធ្វើការ​ក្នុង​ទី​អវកាស ៕​ដោយ​៖​វាសនា​