ចែក​ទូក​ម៉ាស៊ីន​១០០​គ្រឿង ដល់​សហគមន៍​នេសាទ​៥០ មកពី​ខេត្តក្រចេះ និង​ស្ទឹងត្រែង​

89
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: ទូក​ម៉ាស៊ីន​ចំនួន ១០០​គ្រឿង ត្រូវបាន​ចែកជូន​ប្រជា​សហគមន៍​នេសាទ​ចំនួន ៥០ ដែល​មកពី​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ ដែល​ពិធី​នេះ​បាន ប្រារព្វ​នៅក្នុង​បរិវេណ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តក្រចេះ នៅ​ថ្ងៃទី​១២​ខែកញ្ញា​នេះ ក្រោម​អធិបតីភាព​លោក វ៉េង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​។​

​លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល បាន​លើកឡើងថា វិស័យ​ជលផល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុង​ការជួយ​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ជាតិ សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ និង​ផ្តល់​មុខរបរ​ដល់​ប្រជាពលរដ្ឋ​។ ដោយ​មើលឃើញ​ពី​សារសំខាន់​នេះ ទើប​រាជរដ្ឋាភិបាល​បានទទួល​ហិរញ្ញប្បទាន​ពី​ធនាគារ​ពិភព លោក (WB) ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​គម្រោង​ស្តីពី​គឺ “​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​ទន្លេមេគង្គ​ដំណាក់កាល​ទី​៣” ក្នុងនោះ​សមាសភាគ​ទី​១ របស់​គម្រោង​គឺ​ផ្តោតលើ​ការគ្រប់គ្រង​ធនធាន​ជលផល និង​វា​រី​សត្វ​នៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។ ឱកាស​នេះ លោក​ក៏បាន​រំលេច​ពី​លទ្ធផល​ដែល​គម្រោង​សម្រេចបាន​នាពេល​កន្លងមក ជាក់ស្តែង​ការចែក​ទូក​ម៉ាស៊ីន​នា​ថ្ងៃនេះ​គឺជា​សក្ខីភាព ក្នុងនោះ​ទូក​ម៉ាស៊ីន​ចំនួន ៥០​គ្រឿង​សម្រាប់​សហគមន៍​នេសាទ​ចំនួន​២៥ ក្នុង​ខេត្តក្រចេះ និង ៥០ គ្រឿង​ទៀត​ផ្តល់ជូន​សហគមន៍​នេសាទ​ចំនួន​២៥ ក្នុង​ខេត្តស្ទឹងត្រែង​។ លើសពីនេះ​សហគមន៍​នេសាទ​នឹង​ទទួលបាន​សម្ភារ​មួយឈុត និង​ថវិកា​មួយចំនួនទៀត​សម្រាប់​ចំណាយ​លើ​ប្រតិបត្តិ​ការងារ​របស់ខ្លួន​ឲ្យ​មានដំណើរ​ការប្រកប​ដោយ​ប្រសិទ្ធភាព​។

​មាន​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍​នេសាទ​លោក​រដ្ឋមន្ត្រី​បាន​សម្តែង​ទឹកចិត្ត​សប្បាយរីករាយ និង​ចូលរួម​អបអរសាទរ​ជាមួយ​ប្រជា​សហគមន៍​ដែល​ទទួលបាន​ទូក​ម៉ាស៊ីន​នា​ថ្ងៃនេះ​។ តាមរយ​:​អំណោយ​ដ៏​ថ្លៃថ្លា​នេះ ក្នុងនាម​ក្រសួង បាន​សម្តែង​នូវ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ និង​វាយតម្លៃ​ខ្ពស់​ជូន​ចំពោះ​ធនាគារ​ពិភព លោក​ដែល​បាន​ជួយឧបត្ថម្ភ​ទូក​ម៉ាស៊ីន​នេះ​តាមរយ​:​គម្រោង​ដូចដែល លោក​អេង ជា​សាន​បាន​លើក​ថា ធនាគារពិភពលោក​បាន​ជួយឧបត្ថម្ភ ផ្តល់​ការគាំទ្រ​រាជ​រដ្ឋា​ភិ បាល​កម្ពុជា តាមរយៈ​គម្រោង​នានា និង​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ដំណើរ​ការកសាង​ជាតិ និង​អភិវឌ្ឍ​កម្ពុជា​ចាប់តាំងពី​គ្រាក្រ​លំបាក​រហូត​ដល់ក​ម្ពុ​ជា​សម្រេចបាន​នូវ​សុខសន្តិភាព​ពេញលេញ លទ្ធិប្រជាធិបតេយ្យ និង​វឌ្ឍនភាព ហើយ​សង្ឃឹមថា WB នឹងចូលរួម​ចំណែក​យ៉ាងសកម្ម និង​មាន​ប្រសិទ្ធភាព​ក្នុងការ​លើកស្ទួយ​កំណើន​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ សំដៅ​ប្រែក្លាយ​ប្រទេស​នេះ​ឲ្យ​ទៅជា​ប្រទេសមួយ​មាន​ភាពជឿនលឿន​ប្រកបដោយ​ក្តីសង្ឃឹម ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​ឈានឆ្ពោះ ទៅ​សម្រេច​ចក្ខុវិស័យ​នា​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០​។ លោក​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​ផងដែរ​ថា សមិទ្ធផល​របស់​គម្រោង​ដែល​សម្រេចបាន​នា​ថ្ងៃនេះ ប្រាកដជា​បានមក​ដោយ​ការខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់ សហការ​ពេញលេញ​របស់​ម្ចាស់ជំនួយ រដ្ឋបាល​ជលផល មន្ត្រី​អនុវត្ត​គម្រោង អាជ្ញាធរ​មូលដ្ឋាន និង​ប្រជា​សហគមន៍ ដោយ​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ក្តីសង្ឃឹម​ទាញយក​ប្រយោជន៍​ជា​អតិបរមា​ជូន​ដល់​សហគមន៍​នេសាទ​គោលដៅ​។​

​ស្រប​ពេលដែល​បងប្អូន​ទទួលបាន​ជំនួយ​ជា​មធ្យោបាយ​ផ្លូវទឹក យើង​កំពុងតែ​ប្រ​ឈប​បញ្ហា​គ្រោះធម្មជាតិ​ទឹកជំនន់​លិច​ភូមិឋាន ផ្ទះសំបែង ស្រែចំការ សព្វ​ពាហន​: និង​ជាពិសេស​សកម្មភាព​រស់ នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​។ ស្ថិតក្នុង​ស្ថានភាព​ដ៏​លំបាក​ជាក់ស្តែង​ដែល​យើង​បានឃើញ​នាពេល នេះ​។ ក្នុងនាម​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ខេត្តក្រចេះ និង​ខ្លួន​លោក​ផ្ទាល់ លោក​បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ចែករំលែក​សមាន​ទុក្ខលំបាក​នេះ ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹ​ត្ត​បណ្ឌិត សម្តេច​មហា​ពញា​ចក្រី​ប្រធានរដ្ឋសភា និង​សម្តេច​វិបុល​សេនា​ភក្តី​ប្រធានព្រឹទ្ធសភា​។​

​សម្តេច​បាន​លើកទឹកចិត្ត​ឲ្យ​បងប្អូន​ខិតខំ​តស៊ូ​ជំនះ​គ្រប់​ឧបសគ្គ ដើម្បី​ឆ្លង​ផុត ឬ​ដោះស្រាយ​បញ្ហា​នេះ​បាន​រលូន និង​ល្អប្រសើរ​។ ទឹកចិត្ត​គោរព ស្រឡាញ់ និង​បេះដូង​របស់​សម្តេច​គឺ​ស្ថិត​នៅជាប់​បងប្អូន​គ្រប់ពេលវេលា និង​គ្រប់​កាល​:​ទេស​: ហើយ​សម្តេច​ទាំង​៤ បាន​ជូនពរ​ឲ្យ​បងប្អូន​យើង​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន សុខ​សុវត្ថិភាព និង​ឆ្លង​ផុតពី​គ្រោះភ័យ​ធម្មជាតិ​នេះ​បាន​គ្រប់ៗ​ក្រុមគ្រួសារ​។​

​ទាក់ទង​គម្រោង​ខាងលើ លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​មន្ត្រី​អនុវត្ត​គម្រោង​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ សហការ​ឲ្យ​បានល្អ​ជាមួយ​ម្ចាស់ជំនួយ ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន សហគមន៍​នេសាទ ដើម្បី​អនុវត្ត​គម្រោង​កម្មវិធី​នេះ​ឲ្យ​រលូន​ប្រកបដោយ​តម្លាភាព ស័ក្តិសិទ្ធិ​ភាព ទទួលខុស ត្រូវ​ខ្ពស់​ឲ្យ​សម្រេចបាន​ជោគជ័យ​ទៅតាម​ការរំពឹងទុក និង​ជាពិសេស​នោះ​គឺ​សម្រេច​គោលដៅ​ថ្នាក់ជាតិ​ស្តីពី​កិច្ចការពារបរិស្ថាន​ជលផល ការអភិរក្ស​ជីវៈចម្រុះ​៕ ល​

#