ចែក​ស្រូវពូជ​ជាង​៧៧​តោន​ដល់​ប្រជា​ពល​៤​ឃុំ​នៅ​ស្រុក​កណ្តៀង​

1522
ចែករម្លែក

​ដោយ : ​ពស​/​ពោធិសាត់​ ៖ ​ស្រូវពូជ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​និង​ប្រព័ន្ធ​ត្រៀម​បម្រុង​កម្ពុជា នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ត្រូវបាន​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​ចែកជូន​ដល់​ប្រជាពលរដ្ឋ ចំនួន​៤​ឃុំ​នៅក្នុង​ស្រុក​កណ្តៀង ដែល មានលទ្ធភាព​ស្តា​ឡើងវិញ​បន្ទាប់ពី​គ្រោះរាំងស្ងួត​និង​ទឹកជំនន់​បឹង​ទន្លេសាប នា​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០១៨​។​

លោក ឆាយ គឹម​ម៉ុង អភិបាល​នៃ​គណ​អភិបាលស្រុក​កណ្តៀង បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ពាក់កណ្តាល​ខែតុលា ឆ្នាំ​២០១៨ នេះ​ការងារ​បង្កបង្កើនផល​សម្រេចបាន​ជាង​២១​ពាន់​ហិកតា​ក្នុងនោះ​ស្រូវ​ប៉ះពាល់​អស់​ជាង​៤​ពាន់​ហិកតា និង​ខូចខាត​អស់​ជាង ៣​ពាន់​ហិកតា នៅសល់​ផ្ទៃដី​ប្រមូល​ផល​ស្រូវ​ជាង​១៨​ពាន់​ហិកតា​និង​ត្រៀម​ស្តា​ឡើងវិញ​ជាង​៩​ពាន់​ហិកតា​។ ជាមួយគ្នា​នោះដែរ​ស្រុក កណ្តៀង​ទទួលបាន​ពូជស្រូវ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានធ្វើ​ពិធី​ចែក​ពេលនេះ មាន​ចំនួន​៧៧​តោន​៦៥០​គីឡូក្រាម​ក្នុង នោះ ពួជ​ស្រូវ​សែន​ក្រអូប​ចំនួន​៥៤​តោន​៨៥០​គីឡូក្រាម​និង​ពូជស្រូវ​អ៊ី​អ៊ែ​៦៦​ចំនួន​២២​តោន​៨០០​គីឡូក្រាម សម្រាប់​ឃុំ​ចំនួន​៤​ឃុំ គឺ​ឃុំ​ស្រែ​ស្តុក ឃុំ​ស្យា ឃុំ​កណ្តៀង​និង​ឃុំ​កញ្ជរ​ដែលមាន​ប្រជាពលរដ្ឋ​ចំនួន ១.៥៥៣​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ ទទួល​បាន​ស្រូវ ពូជ​៥០​គីឡូក្រាម​និង​គ្រាប់ពូជ​បន្លែ​២​កញ្ចប់​។​

លោក សុទ្ធ គឹម​កុល​មុនី តំណាង​គណកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​លោក សាយ សុជាតិ អភិបាលរង ខេត្ត​តំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ដែល​បាន​អញ្ជើញ​ចូលរួម​ចុះ​ចែក​ស្រូវពូជ​ផ្ទាល់ ទាំង​៤​ឃុំ បាន ថ្លែងថា ផ្តើមចេញពី​ការគិតគូ ដោះស្រាយ​និង​យកចិត្តទុកដាក់ ចំពោះ​សុខទុក្ខ​និង​ស្ថានភាព​រស់នៅ​របស់ ប្រជា​ពល រដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​ជូ​ប​ការលំបាក​ខ្វះខាត​ដោយសារ​គ្រោះ​អម្ម​ជាតិ ធ្វើ​ឲ្យ​លិចលង់​ដំណាំ​ស្រូវ បណ្តាល​មក​ជំនន់​ទឹក ភ្លៀង​និង​ជំនន់ ទឹក​បឹង​ទន្លេសាប រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​ពូជស្រូវ​និង​គ្រាប់ពូជ​បន្លែ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល មានលទ្ធភាព​ស្តា ឡើងវិញ​នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស​។

ជាក់ស្តែង​ថ្ងៃនេះ​នៅក្នុង​ស្រុក​កណ្តៀង​មាន​៤​ឃុំ​គឺ​ឃុំ​ស្រែ​ស្តុក ឃុំ​ស្យា ឃុំ​កណ្តៀង​និង ឃុំ​កញ្ជរ​ដែលមាន​ចំនួន​១,៥៥៣​គ្រួសារ បានមក​ទទួលយក​ស្រូវ​ពូជ​ក្នុង​មួយ​គ្រួសារ ទទួលបាន​៥០​គីឡូក្រាម អស់​ស្រូវពូជ​ចំនួន​៧៧​តោន​៦៥០​គីឡូក្រាម និង​គ្រាប់ពូជ​បន្លែ ដើម្បី​បន្ត​ការដាំដុះ​ឡើងវិញ​ក្រោយពី​ទឹក​ស្រក​។ មានតែ ការអនុវត្ត​​​បែបនេះ​ទេ​ទើប​ធ្វើ​ឲ្យ​ជីវភាព​របស់​បងប្អូន​ប្រជាកសិករ បាន​រួច​ផុតពី​ភាពក្រីក្រ ហេតុនេះ​ក្នុង​គណៈកម្មាធិការ​ជាតិ គ្រប់ គ្រង​គ្រោះមហន្តរាយ​និង​រដ្ឋបាលខេត្ត​សូម​អំពាវនាវ​ដល់​ប្រជា កសិករ​គប្បី​យក​ពូជ​ស្រូវ​និង​គ្រាប់​បន្លែ​ទាំងនេះ​ធ្វើការ​សាបព្រោះ ដាំ​ដុះ​ឲ្យ បាន​គ្រប់​តំបន់​គោលដៅ​និង​ក្រុមគ្រួសារ​សំដៅ​ធ្វើយ៉ាង​ណា​ឲ្យ​ជីវភាព​របស់ បងប្អូន​កាន់​ធូរធា​មួយកម្រិត​ទៀត​។​

សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២៥​ ខែតុលា ​ឆ្នាំ​២០១៨ លោក ខូ​យ រី​ដា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត តំណាង​ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាលខេត្ត លោក ចាប នាង អភិបាល​នៃ​គណៈ​អភិបាលក្រុង​ពោធិ៍សាត់ និង​មាន ការចូលរួម​ពី មន្ត្រី​សាលាក្រុង​មួយចំនួនទៀត បាន​អញ្ជើញ​ចុះ​ចែក​ស្រូវពូជ​និង​គ្រាប់​បន្លែ​នេះ​ចំនួន​២​កន្លែង គឺ​នៅ​សាលា បឋម សិក្សា​ដូន​អី ក្នុង​សង្កាត់​ចម្រើន​ផល​ដែលមាន​ស្រូវពូជ​ចំនួន​៨​តោន​៨០០​គីឡូក្រាម​ជូន​ដល់​ប្រជាពលរដ្ឋ​១៧៦​គ្រួសារ និង​នៅ​វត្ត​វាល សង្កាត់ លលកស ស្រូវពូជ​ចំនួន​១១​តោន​៥៥០​គីឡូក្រាម​ប្រជាពលរដ្ឋ​ចំនួន​២៣១​គ្រួសារ​។

គួររំលឹកថា គិត​ត្រឹម​ថ្ងៃទី​២៤ ​ខែតុលា ឆ្នាំ ២០១៨ ការងារ​បង្កបង្កើនផល ក្រុង​ពោធិ៍សាត់​សម្រេចបាន​ជាង​១២​ពាន់​ហិកតា ក្នុងនោះ​ខូចខាត​អស់​ជាង​១​ពាន់​ហិកតា​ស្រូវ​កំពុង​ទុំ​ជាង​៥​ពាន់​ហិកតា​និង​ច្រូតកាត់​រួច​បាន​ជិត​៤​ពាន់​ហិកតា​៕B