ចៃ​កា​និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ចុះ​អនុស្សរណៈ​ដៃគូ​យុទ្ធសាស្ត្រ លើកកម្ពស់​ការអភិវឌ្ឍ​កំពង់ផែ​និង​ភស្តុភា​រកម្ម​

669
ចែករម្លែក

ដោយៈ​សុផល / ភ្នំពេញៈ លោក លូ គឹមឈន់ ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​លោក Shigenori OGAWA អគ្គនាយក​នៃ​នាយកដ្ឋាន​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន​(JICA) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ នៅ​ការិយាល័យ​កណ្តាល JICA ក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន នា​ថ្ងៃទី​៣ ខែមិថុនា​។​

​អនុស្សរណៈ​ស្តីពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​នេះ មាន​គោលបំណង​ពង្រឹង និង​ពង្រីក​ភាពជា​ដៃគូ រវាង JICA និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​កំពង់ផែ និង​ភស្តុភា​រកម្ម​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នៃ​ប្រទេស​កម្ពុជា​។

​គួរ​កត់សម្គាល់ថា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គឺជា​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​តែមួយគត់​ក្នុងប្រទេស​កម្ពុជា ហើយ​កំពង់ផែ​នេះ​បាន​ដើរតួ​ជា​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​សំខាន់ ក្នុងការ​ចូលរួម​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។ ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក JICA​បានផ្តល់​កម្ចី​ហិរញ្ញប្បទាន ហិរញ្ញប្បទាន​ឥត​សំណង កិច្ចសហប្រតិបត្តិការ​បច្ចេកទេស និង​បន្ត​ផ្តល់​ការគាំទ្រ​នានា​ដើម្បី​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ពង្រឹងសមត្ថភាព​កំពង់ផែ​។​

​ផ្អែកលើ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ក្នុងស្រុក​និង​តំបន់​យ៉ាងសំខាន់ ដែល​ក្នុងនោះ​ចំនួន​កុង​តេឺន័​រ​ឆ្លងកាត់​សរុប បាន​កើនឡើង​ពី​ចំនួន ២៩០ ០០០TEUs ក្នុង​ឆ្នាំ​២០១៣ ដល់ ៥៤០ ០០០TEUs ក្នុង​ឆ្នាំ​២០១៨​។ ទន្ទឹមនឹងនេះ វា​មាន​សារសំខាន់​ណាស់​ក្នុងការ​ធ្វើការ​អភិវឌ្ឍ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ហើយ​ការពង្រឹង​បន្ថែម​លើ​ប្រតិបត្តិការ និង​ការគ្រប់គ្រង​កំពង់ផែ និង​តំបន់​សេដ្ឋកិច្ច​ពិសេស ក៏មាន​សារសំខាន់​ផងដែរ​។​

​គួររម្លឹកថា​៖​ក្នុងជំនួប​ទ្វេភាគី​រវាង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក Shinzo ABE នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ កន្លងមកនេះ ប្រទេស​ជប៉ុន​បាន​ប្តេជ្ញា​បន្ត​ផ្តល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​ពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បន្ថែមទៀត ក្នុងនោះ​រួមមាន​ទាំង​ការរៀបចំ​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​កំពង់ផែ​ផងដែរ​។ ក្នុងន័យនេះ JICA នឹង​បន្ត​កិច្ចសហប្រតិបត្តិការ តាមរយៈ​ការផ្តល់​កម្ចី​ហិរញ្ញប្បទាន​សម្រាប់​គម្រោង “​អភិវឌ្ឍ​ចំណត​កុង​តឺន័​រ​ថ្មី​របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​” និង​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង “​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អគ្គិសនី​នៅ​កំពង់ផែ​ដើម្បី​ការធ្វើ​ទំនើបកម្ម​កំពង់ផែ​”​។

​មិនតែប៉ុណ្ណោះ JICA នឹងចូលរួម​លើកកម្ពស់​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន​និង​តំបន់​ឥណ្ឌា​-​ប៉ាស៊ីហ្វិក តាមរយៈ​ការពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​ជាមួយ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​៕ ល​/Ha