ចោទប្រកាន់​ជន​ដែល​ស្រវឹងស្រា​បើករថយន្ត​បុក​រះ​បង្ក​ឱ្យ​មនុស្ស​ស្លាប់​និង​របួស​

668

(​ភ្នំពេញ​)៖​តុលាការ​រាជធានី​បាន​ចោទប្រកាន់​បុរស​ម្នាក់​ដែល​ស្រវឹងស្រា​បើករថយន្ត​បុក​រះ​បង្កឱ្យមាន​មនុស្ស​ស្លាប់​របួស​និង​ខូចខាត​ទ្រព្យសម្បត្តិ​ជាច្រើន​។​ហេតុការណ៍​នោះបាន​កើតឡើង​នៅ​ចំណុច​មុខ​សាលាសង្កាត់​ជ្រោយចង្វារ ផ្លូវ​ទន្លេសាប សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ នៅ​ខណ្ឌ​ជ្រោយចង្វារ​កាលពី​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា​ឆ្នាំ​២០១៧​កន្លងទៅ​។​
លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែធ្នូ​នេះ សម្រេច​ចោទប្រកាន់​បុរស​ម្នាក់​ដែល​បើករថយន្ត​លឿន​ក្នុងស្ថានភាព​ស្រវឹង​បុក​រះ​រថយន្ត​និង​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​របួស​នៅ​ខណ្ឌ​ជ្រោយចង្វារ​។​

មន្ត្រី​តុលាការ​បាន​ថ្លែង​ឲ្យ​ដឹងថា ជនបង្ក​ត្រូវបាន​ចោទប្រកាន់​ពីបទ​”​បើកបរ​ធ្វេសប្រហែស​បណ្តាលឱ្យ​ស្លាប់​និង​របួស​អ្នកដទៃ​” តាម​មាត្រា​៨៣ និង​មាត្រា​៨៥ ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។​បច្ចុប្បន្ន​ជន​ត្រូវ​ចោទ និង​សំណុំរឿង ត្រូវបាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ ចាត់ការ​បន្ត​តាម​នីតិវិធី​។

គួររំលឹកថា​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​២៣៖២០​នាទី ថ្ងៃទី​៣០ ខែវិច្ឆិកា នៅ​ចំណុច​មុខ​សាលាសង្កាត់​ជ្រោយចង្វារ ផ្លូវ​ទន្លេសាប សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។ ជនបង្ក​មានឈ្មោះ ឆាយ សុ​ផា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បាលី​លេ​យ្យ​២ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើករថយន្ត​ម៉ាក LEXUS 470 ពណ៌​ទឹកមាស ពាក់​ផ្លាកលេខ ភ្នំពេញ​2Q-0999​។​

​សាក្សី​បាន​បញ្ជាក់ថា រថយន្ត​បើកបរ​ពី​ត្បូង​ទៅ​ជើង មកដល់​កន្លែងកើតហេតុ​បុក​រថយន្ត​មួយគ្រឿង​ពីក្រោយ ម៉ាក TOYOTA CAMRY ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ 2Q-8385​។ បន្ទាប់មក​រថយន្ត LEXUS បន្ត​បុក​រះ​រថយន្ត​និង​ម៉ូតូ​៤​គ្រឿង​ទៀត ព្រមទាំង​បុក​អ្នក​ថ្មើរជើង​ម្នាក់​ឈ្មោះ សាន់ សុខន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ស្លាប់​បញ្ជូនទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៕S/​ដោយ​៖​ហូ​សាន់​

​ចោទប្រកាន់​ជន​ដែល​ស្រវឹងស្រា​បើករថយន្ត​បុក​រះ​បង្ក​ឱ្យ​មនុស្ស​ស្លាប់​និង​របួស​(រូប៖វ៉េបសាយ)