ចោរឆក់​ទូរស័ព្ទដៃ​ពី​ស្ត្រីជន​ជាតិចិន​ម្នាក់​ត្រូវ​អាវុធហត្ថ​ចាប់បាន​

545

(​ភ្នំពេញ​)៖​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ ម្នាក់ ជា​ចោរឆក់​ទូរស័ព្ទដៃ​ក្នុងចំណោម​បក្ខពួក​ម្នាក់ ទៀត​ដែល​រត់គេច​ខ្លូន​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​ចំណុច​ស្តុ​ប​ថ្មី មុខ​ព្រលាន យន្តហោះ អន្តរជាតិ​ភ្នំពេញ ភូមិ​ក្បាលដំរី សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា ម៉ោង​៣​និង​៣០​នាទី រសៀល​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៧ ។​

​មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ដែលជា​ចោរឆក់​ឈ្មោះ កង ពៅ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​ឃាត់ខ្លួន​បាន នៅ​ចំណុច​ស្តុ​ប​ថ្មី មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ បន្ទាប់ពី​ជនសង្ស័យ ខាងលើ និង​បក្ខពួក​ដែល​រត់គេច​ខ្លូន បានធ្វើ​សកម្មភាព ឆក់ ទូរស័ព្ទ របស់​ជនរងគ្រោះ ឈ្មោះ Zheng Xiu Mei ភេទ​ស្រី អាយុ ៥៥​ឆ្នាំ ជា​ជន​ជាតិចិន​។​

មន្ត្រី​ដដែល​បាន​បន្តថា ដំបូង​ឡើយ ជនរងគ្រោះ ឈ្មោះ Zheng Xiu Mei បាន ដើរ​ចេញពី​ព្រលានយន្តហោះ និង​បាន​ឆ្លងទៅ​ផ្លូវ​ម្ខាង​ទៀត ក្នុង​គោលបំណង​ចាំ​រថយន្ត​ដើម្បី​ធ្វើដំណើរ​ទៅ ខេត្ត​ព្រះសីហនុ បន្តទៀត ដោយ​ដើរ​បណ្តើរ និយាយ​ទូរស័ព្ទ បណ្តើរ ។​

​ស្រប​ពេលដែល​ជនរងគ្រោះ​កំពុងតែ​ដើរ​និយាយ​ទូរស័ព្ទ ស្រាប់​តែមាន​ជនសង្ស័យ ០២​នាក់ ជិះ​ម៉ូតូ ០១​គ្រឿង ម៉ាក ហុងដា​សេ ១២៥ ពណ៍​ខ្មៅ មិន​ចាំ​ស្លាក​លេខ បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ជនរងគ្រោះ​តែម្តង ។​តែ​ជា​សំណាងអាក្រក់ របស់​ចោរ ឆក់ ទាំង ០២​នាក់ នេះ ត្រូវបាន​កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃើញ ក៏​ប្រដេញ​តាម​បង្ក្រាប បាន​ម្នាក់ ភ្លាមៗ ។​ចំណែក​បក្ខពួក​ម្នាក់ទៀត បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់ តែម្តង​។​

​ជនសង្ស័យ ខាងលើ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​អាវុធហត្ថ​ឱ្យដឹងថា មុន​ពេលធ្វើ​សកម្មភាព​ខ្លួន​កំពុង​ដេក​ក្នុង​បន្ទប់​ជួល​ម្នាក់ឯង​ស្រាប់តែ​ពេលនោះ ឈ្មោះថា​ដែលជា​មិត្តភក្តិ​របស់ខ្លួន​បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ពណ៍​ខ្មៅ​មិន​ចាំ​ស្លាក​លេខ​មក​ឌុប​រូប​ខ្លួន​ក្នុង​គោលបំណង​ដើររក​ឆក់​សម្ភារៈ​ពី​អ្នកដំណើរ ។​លុះ​ពេល​ជិះ​មកដល់​មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ក៏​ឃើញ​ស្ត្រី​ជា​ជនរងគ្រោះ​កំពុង​ដើរ​កាន់​ទូរស័ព្ទ​និយាយ ឃើញ​ឱកាសល្អ​ពួកគេ​ទាំង ០២​នាក់ បាន​ជិះ​ម៉ូតូ​ទៅ​ក្បែរ​ជនរងគ្រោះ ហើយ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ជនរងគ្រោះ​តែម្តង ។​

​ស្រប​ពេលដែល​កម្លាំង​អាវុធហត្ថ​ល្បាត​ឃើញ សកម្មភាព​របស់​ពួកគេ ក៏​ប្រដេញ​តាម​ភ្លាមៗ​រហូត​ឈានដល់​ការឃាត់ខ្លួន​បាន ០១​នាក់ ចំណែក​កប្ស​ពួក ០១​នាក់ ទៀត បាន​រត់ គេចខ្លួនបាត់​។​ជនសង្ស័យ ខាងលើ បាន​បន្តទៀតថា បក្សពួក​ខ្លួន​ឈ្មោះ ថា ភេទ​ប្រុស អាយុ ប្រហែល ២៧​ឆ្នាំ រូបគេ​ទាំង ០២​នាក់ ទើប និង​ស្គាល់គ្នា​បាន​ប្រហែល ០៣​ខែ ប៉ុណ្ណោះ​។

​ចំណែក​ទូរស័ព្ទដៃ ដែល​ដកហូត​បាន​ពី​ជនសង្ស័យ ខាងលើ ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ ប្រគល់ជូន​ជនរងគ្រោះ ជា​ម្ចាស់​ដើម​វិញ​។​ប​ច្ច​ប្បន្ន ជនសង្ស័យ ខាងលើ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ សួរចម្លើយ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើ​ម្ប​ផ្តន្ទាទោស​តាម​និតិ​វិធី​ច្បាប់ ។​រីឯ​បក្ខពួក​ដែល​រត់គេចខ្លួន សមត្ថកិច្ច​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុងធ្វើការ​ស្រាវជ្រាវ ស្វែងរក​ចាប់ខ្លួន​បន្ត​៕S/​ដោយ​៖​សហការី​