ចោរឆក់​វ័យក្មេង២​ក្រុម ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​

283
ចែករម្លែក

​ដោយ:​ចាន់តូ/ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ចោរឆក់វ័យក្មេងចំនួន​៣​នាក់ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​

​ចោរឆក់​វ័យក្មេង​ទាំង​០៣​នាក់​នេះ ស្ថិតក្នុង​២​ក្រុម ផ្សេងគ្នា ដោយ​២​នាក់ ឈ្មោះ ឈាង ម៉េង​ឡុង ហៅ​ដំឡូង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ និងឈ្មោះ ឈឹម សុវណ្ណ​វិ​ចិ​ត្រា ភេទ​ប្រុស អាយុ១៧​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​សម្ងាត់​របស់​អាវុធហត្ថ រាជធានី​ភ្នំពេញ ប្រដេញ​ធ្លាក់ទឹក​និង​ចាប់បាន​នៅវេលា​ម៉ោង​២០:០៥​នាទី ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច មុខ​វិទ្យាល័យ​បុរី​១០០​ខ្នង ភូមិ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បន្ទាប់ពី​ពួកគេ៤​នាក់ ម៉ូតូ២​គ្រឿង បានធ្វើ​សកម្មភាព​ឆក់ ទូរស័ព្ទដៃ​រប​ស់បុរ​ស ០១​នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​និយាយ​ទូរស័ព្ទ​លើ​ដងផ្លូវ តែ​បក្សពួក ០២​នាក់​បាន​បត់​ត្រឡប់ក្រោយ​គេចខ្លួន​រួច សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បន្ត​។ ម្នាក់ទៀត​មានឈ្មោះ ឈ្មោះ សុខ វ​ឌ្ឈ​នៈ ហៅ​មករា ភេទ​ប្រុស អាយុ១៦​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​ឯកសណ្ឋាន​របស់​អាវុធ​ហត្ថ​មូលដ្ឋាន​ខណ្ឌដូនពេញ ឃាត់ខ្លួន​បាន​ភ្លាមៗ នៅ វេលា​ម៉ោង​២១:០០​នាទី ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៩ ត្រង់ចំណុច ផ្លូវ​សុធារស កែង​ផ្លូវ​១៧៨ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។ ខណៈដែល​រូបគេ​និង​បក្ខពួក​ម្នាក់ទៀត បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយរបស់​ស្ត្រី​ម្នាក់លើ​ម៉ូតូ​កង់​បី តែ​បក្ខពួក​ម្នាក់ទៀត​បានគេច​ខ្លួន​រួច សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បន្ត​។​

​ក្រោម​វិធាន​ការជំនាញ របស់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចោរឆក់​វ័យក្មេង​ទាំង​០២​ក្រុម​ខាងលើ ក៏បាន​សារភាព​ឲ្យ​ដឹងផងដែរ​ថា កន្លងមក​ពួកគេ​សុទ្ធតែ​ធ្លាប់​បានធ្វើ​សកម្មភាព​ឆក់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ បានសម្រេច​ជាច្រើនលើក​រួចមកហើយ​៕B/