ចោរប្លន់​ហាង Wring Cafe គេច​មិន​ផុតពី​គុក​

912
ចែករម្លែក

(​ភ្នំពេញ​)៖ លោក សេង ហ៊ាង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១៣ ខែមីនា នេះ សម្រេច​ចោទប្រកាន់​ចោរប្លន់​ហាង Wring Cafe និង​អ្នកទទួល​ចោរកម្ម ជា​ផ្លូវការ​ហើយ ដែល​ពួកគេ​នឹងមិន​អាច​គេច​ផុតពី​គុក​ឡើយ​។

​មន្ត្រី​តុលាការ​ថ្លែងថា ឈ្មោះ ហូ ម៉េង​ហ័ង ត្រូវបាន​ចោទប្រកាន់​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​និង​ប្រើប្រាស់​គ្រឿងញៀន និង ឈ្មោះ ម៉ាន អាស់​ម៉ាត់ ត្រូវបាន​ចោទប្រកាន់​ពីបទ​ទទួលផល​ចោរកម្ម និង​ប្រើប្រាស់​គ្រឿងញៀន​។

​បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​និង​សំណុំរឿង​ត្រូវបាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ ចាត់ការ​បន្ត​តាម​នីតិវិធី​។

​គួររំលឹកថា កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ជនសង្ស័យ​ម្នាក់ បាន​យក​កាំភ្លើងខ្លី​មួយ​ដើម ចូល​ភ្ជង់​ប្លន់​បុគ្គលិក ហាង Wring Cafe មាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ហើយ​ស្រែក​គំរាម​ឱ្យ​បុគ្គលិក​នោះ​អង្គុយ​ចុះ រួច​ស្រវា​យកលុយ​បាន​ចំនួន​៤៨,៩០០​រៀល​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក​សាំ​សុង និង​ម៉ូតូ​មួយគ្រឿង ម៉ាក SH ។ បន្ទាប់មក​ជិះ​ម៉ូតូ​ដែល​យកបាន​ឆ្ពោះទៅ​ខេត្តកំពង់ស្ពឺ​។​

​លុះ​ស្អែក​ឡើង​យក​ម៉ូតូ លក់​ឱ្យឈ្មោះ ម៉ាប់ នៅ​ឃុំ​អូរ​តា​គី ខេត្តកំពង់ស្ពឺ បាន​៥០០​ដុល្លារ ទើប​ត្រឡប់មក​ភ្នំពេញ​វិញ ទៅ​លាក់ខ្លួន​នៅផ្ទះ​ជួល ម្តុំ​ផ្សារ​អូ​ដឹ​ម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រហូតដល់​ព្រឹក​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៨ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​នៅ​ចំណុច​នៅផ្ទះ​ជួល ម្តុំ​ផ្សារ​អូ​ដឹ​ម ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានតែ​ម្ដង​។​

​ក្រោយមក​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សាកសួរ​ជនសង្ស័យ និង​ស្រាវជ្រាវ រហូត​ឈានដល់​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ទៀត ដែល​ទទួលផល​ចោរកម្ម ទិញ​ម៉ូតូ​ពី​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព ប្លន់​នៅ​ខណ្ឌ​ជ្រោយចង្វារ និង​បាន​ដកហូត​ម៉ូតូ​ដែល​ប្លន់​យកទៅ​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​៕L ដោយ​៖​ឆាយា​នាថ​