ចោរលួច​កាច់​សោ​រក​ម៉ូតូ​ម្ចាស់​ដេញតាម​ទាន់​ចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច​

263

(​ភ្នំពេញ​)៖​ជនសង្ស័យ​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​និង​ម្ចាស់​ម៉ូតូ​ដេញចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរ​រដ្ឋបាល​ភ្នំពេញ​ថ្មី​បន្ទាប់ពី​រូបគេ​បានធ្វើ​សកម្មភាព​ចូល​លួច​កាច់​សោ​រក​ម៉ូតូ​ហើយ​ខំប្រឹង​ជិះ​រត់​។​ហេតុការណ៍​បានកើត​ឡើង​កាលពី​ថ្ងៃ​ច័ន្ទ ១៥​កើត ខែ បុស្ស ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨​វេលា​ម៉ោង ១១ និង​៣០​នាទី នៅ​ចំណុច​មុខផ្ទះ​លេខ​០៩​អា ផ្លូវ​១៩៥៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

ជនសង្ស័យ​មាន ឈ្មោះ លឹម គង្គា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ (​មាន​សារធាតុ​ញៀន​) ។​ចំណែក​ជនរងគ្រោះ​មាន ឈ្មោះ មិន ចាន់​ឌី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​០៩​អា ផ្លូវ​១៩៥៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​សមត្ថកិច្ច​បាន​ប្រាប់ថា​នៅមុន​ពេល​កើត​ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្មាស់​ពណ៌​ក្រហម​សេរី​ឆ្នាំ​២០១២​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BR8636​នៅមុខ​ផ្ទះ​ដោយ​ចាក់សោ​រក​ត្រឹមត្រូវ​ហើយក៍​ដើរចូល​ទៅក្នុង​ផ្ទះ​ពេលនោះ​ជនសង្ស័យ​ឃើញ​មាន​សភាព​ស្ងប់ស្ងាត់​ក៏​ធ្វើ​សកម្មភាព ចូលទៅ​លួច​យក​ម៉ូតូ​រួច​ជិះ​បាន​ចម្ងាយ​ប្រហែល​៥​ម៉ែត្រ​។

​តែ​ត្រូវ​ជនរងគ្រោះ​ឃើញ​បាន​ស្រែកថា​ចោរៗ​រួច​នាំគ្នា​ដេញចាប់បាន​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​តែម្តង​។​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន​។​
​បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕S/​ដោយ អង្គា​រ៍​ហេង​

​ចោរលួច​កាច់​សោ​រក​ម៉ូតូ​ម្ចាស់​ដេញតាម​ទាន់​ចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច​