ចោរលួច​កាត់​ខ្សែភ្លើង នៅក្នុង​សណ្ឋាគារ​បាយ័ន អេ​រ៉ា ភ្លាត់ស្នៀត​ឆក់​ស្លាប់​ខ្លួនឯង​

480
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: ចោរ​ស្លៀកពាក់​សន្តិសុខ ចូល​លួច​កាត់​ខ្សែភ្លើង នៅក្នុង​សណ្ឋាគារ បាយ័ន អេ​រ៉ា ម្នាក់ ភ្លាត់ស្នៀត ឆក់​ខ្លួនឯង​បណ្តាលឱ្យ​ស្លាប់ បង្កឱ្យមាន​ការភ្ញាក់ផ្អើល ខណៈ​ពេលនោះ​ម្ចាស់​សណ្ឋាគារ បំ​រ៉ុង​បិត​រឿង មិនឱ្យ​ព័ត៌មាន​ផ្សព្វផ្សាយ ប៉ុន្តែ​ត្រូវ​បែកធ្លាយ​ចេញពី​ក្នុង​តែម្តង រហូត​ដឹង​ដល់​សមត្ថកិច្ច​។​

​ហេតុការណ៍​ឆក់​ស្លាប់ ចោរលួច​ខ្សែភ្លើង​ម្នាក់ នៅក្នុង​សណ្ឋាគារ បាយ័ន អេ​រ៉ា នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ ១៧​និង​១០​នាទី​ល្ងាច ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។​

​តាម​ប្រភពពី​ប៉ូលិស​ខេត្ត​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ​ថា​៖​ក្រោយពេល​កើតហេតុ​មនា​បុគ្គលិក​បាន​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​ថា មាន​បុរស​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់ នៅក្នុង​សណ្ឋាគារ បាយ័ន អេ​រ៉ា កន្លែង​ការដ្ឋាន​កំពុង​សាងសង់ ស្ទី​ម សូ​ណា ខណៈ​ពេលនោះ​កម្លាំង​ជំនាញ ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​រួចមក កម្លាំង​នគរបាល​មូលដ្ឋាន ក៏បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​អធិការនគរបាល​ក្រុង ដើម្បី​ត្រួតពិនិត្យ​ទៅលើ​សាកសព​ភ្លាមៗ​ផងដែរ​។ បន្ទាប់ពី​ពិនិត្យ​សាកសព​រួច ក៏​សួរ​បុគ្គលិក​នៅ​ទីនោះ ក្រែង​មាន​អ្នក​ស្គាល់ឈ្មោះ​។

​ប្រភព​បានបញ្ជាក់​ទៀតថា មាន​បុគ្គលិក​ម្នាក់ សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​សមត្ថកិច្ច​យើង​ថា ចោរ ដែល​ព្រហើន ហ៊ាន​ចូល​លួច​កាត់​ខ្សែភ្លើង​នៅក្នុង​សណ្ឋាគារ បាយ័ន អេ​រ៉ា នោះ គឺ​មិនមែនជា​មនុស្ស​ធម្មតា​ទេ ហើយ ក៏​ជាម​នុស្ស ដែល​ធ្លាប់​ចេញចូល​នៅ​ទីនោះ​ដែរ ទើប​ហ៊ាន​ដូច្នេះ​។​ប្រភព​បានបញ្ជាក់​បន្ថែម​ថា ចោរ​ដែល​ចូល​លួច​ខ្សែភ្លើង​ឆក់​ស្លាប់​នោះ​មាន ឈ្មោះ ប៊ី ប៊ុន ភេទ ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ត្រពាំងរុន ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។​មូលហេតុ ចោរ​ចូល​លួច ខ្សែភ្លើង នៅក្នុង​សណ្ឋាគារ បាយ័ន អេ​រ៉ា កន្លែង​ការដ្ឋាន​សំណង់​កំពុង​សាងសង់ ស្ទឹម សូ​ណា ក្នុងនោះ​ឃើញ​មាន ស្នាម​ឆេះ ខ្លោច​ដើមដៃ កូនដៃ និង បាតដៃ ធ្ងន់ធ្ងរ ដោយមាន​ដៃ​កំពុងកាន់​កន្ត្រៃ​ផងដែរ​។​

​សូមបញ្ជាក់ថា ម្ចាស់​សណ្ឋាគារ ចង់​បិត​ដែរ តែ​បិត​មិន​ជិត ព្រោះ​ចោរ ដែល​ចូល​លួច​ខ្សែភ្លើង​នោះ គឺ ជា​សន្តិសុខ​នៅ​ទីនោះ ហើយ​ម្ចាស់ ចង់​បង្វែរ ទៅជា​ចោរ លួច​ខ្សែភ្លើង​ទៅវិញ នេះ​បើតាម បុគ្គលិក លួច​ខ្សិ​ប​ប្រាប់ ដូច​ពាក្យចាស់​ពោលថា ដំរី​ងាប់​មិនអាច​យក​ចង្អេរ​មក​បិត​បាំង​ជិត​ទេ ដូច​ករណី ចោរ​ចូល​លួច​ខ្សែភ្លើង​ឆក់​ស្លាប់​នៅក្នុង​សណ្ឋាគារ បាយ័ន អេ​រ៉ា នេះ​ស្រាប់ បើ​អ្នក​មកពី​ឆ្ងាយ តើ​ហ៊ាន​ចេញចូល ស្រួល​បែបនេះ​បានទេ ព្រោះ​កន្លែង​នោះ មាន​សន្តិសុខ​យាមកាម​តឹងតែង ព្រមទាំង ចេញ ឆែក ចូល​ឆែក ត្រឹមត្រូវ ហើយក៏ ជា​កន្លែង​ថ្នាក់​ផ្កាយ​លើ​មេឃ ដែរ មិនមែនជា​កន្លែង​សណ្ឋាគារ​ធម្មតា​ទេ ចុះ​រឿង​អ្វី ចោរ​ចូល​ស្រួល​ម្ល៉េះ ឬមួយ ចោរ​នេះ​ចេះ​ស្ពិ​ន ភ្នែក ចុះបើ​ចោរលួច កាត់ ហេតុអ្វី​មិន​កាត់​នៅ​ខាងក្រៅ​សណ្ឋាគារ​នោះ​ទៅ ខ្វះ​អី​ខ្សែ​ត្រូវ​កាត់ រឿង​អី​ចូលទៅ​កាត់​ដល់​ក្នុង​។​

​ក្រោយពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ពិនិត្យ ទៅលើ​សាកសព ចោរលួច​កាត់​ខ្សែរ​ភ្លើង​នោះ បាន​សន្និដ្ឋានថា ពិតជា​ត្រូវ​ឆក់​ខ្សែភ្លើង​ស្លាប់​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​។

​បច្ចុប្បន្ន សាកសព ចោរលួច​កាត់​ខ្សែភ្លើង​នោះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ជំនាញ​ប្រគល់ឱ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រួចរាល់​ហើយ​៕

#