ចោរលួច​មាន់​ក្នុង​ស្នងការ​ខេត្តកណ្ដាល ត្រូវ​ដោះលែង​, មជ្ឈដ្ឋាន​មួយចំនួន​កំពុងមាន​មន្ទិល​

1949

(​កណ្ដាល​)៖​ជា​រឿង​ភ្ញាក់ផ្អើល​មួយ ដែល​ចោរហារយ​អាច​ចូល​លួច​មាន់​ជល់​ដែលជា​វត្ថុ​បទល្មើស​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ។ ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន តែ​ក្រោយមក​ត្រូវបាន​ដោះលែង​វិញ ដែល​ធ្វើឱ្យ​មជ្ឈដ្ឋាន​មួយចំនួន​កំពុងមាន​មន្ទិលសង្ស័យ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល ថ្លែងថា ជនសង្ស័យ​ឈ្មោះ ឡេង បាន​លបចូល​លួច​មាន់​ជា​វត្ថុតាង​បទល្មើស​ដែល​នគរបាល​ខេត្តកណ្តាល​បង្ក្រាប​កាលពី​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ទីតាំង​ជល់​មាន់​ដ៏​ធំ នៅ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល ស្រាប់តែ​នៅ​យប់​ថ្ងៃទី​០៥ ខែធ្នូ ជនសង្ស័យ​ឈ្មោះ ឡេង បាន​ចូលទៅ​លួច​មាន់ នៅក្នុង​ស្នងការដ្ឋាន​ចំនួន​មួយ​ក្បាល រួច​បាន​យកទៅលក់​ឱ្យ​ម្ចាស់​មាន់​ជា​ថៅកែ​កាប់​ជ្រូក​នៅ​ខណ្ឌ​ច្បារអំពៅ​តម្លៃ​៥០០០​ដុល្លារ ។

​លោកស្នងការ បាន​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឱ្យកម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ទៅ​វាយខ្នោះ​ជនសង្ស័យ​នៅក្នុង​ហាង​លក់​បាយ​តែម្តង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ា​វ ចំរើន “​ឱ្យតែ​មន្ត្រីនគរបាល​ណាមួយ​ហ៊ាន​លួច​មាន់​ជា​វត្ថុតាង​បទល្មើស​និង​សមគំនិត​ជាមួយ​ក្រុម​ប្រជល់មាន់ លោក​នឹង​ដក​សក្តិ ហើយ​ចាប់​វាយខ្នោះ បញ្ជូន​ឱ្យ​តុលាការ​ចាត់ការ​តាមច្បាប់​”​។​

​ទោះបីយ៉ាងណា នៅ​រសៀល​ថ្ងៃទី​០៦ ខែធ្នូ ជនសង្ស័យ​ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​ឡើងវិញ ។​

​ប្រភពព័ត៌មាន បញ្ជាក់ថា មូលហេតុ​នៃ​ការដោះលែង នេះ គឺ ក្រោម​ហេតុផល​អប់រំ ហើយ​តុលាការ​ជា​អ្នកសម្រេច ។ ប៉ុន្តែ​ប្រភពព័ត៌មាន​ពី​មន្ត្រី​តុលាការ វិញ​អះអាងថា ការដោះលែង​នេះ គឺ មន្ត្រីនគរបាល​ជា​អ្នក​សុំ ដើម្បី​យកទៅ​អប់រំ តែ​សំណុំរឿង​ត្រូវ​បញ្ជូនទៅ​តុលាការ ចាត់ការ​បន្ត ៕ L ដោយ​៖ ឆាយា​នាថ​