ចោរ​កាត់​ទ្វារ​ចូល​គាស់​ទូដែក​ក្នុង​រោងចក្រ​ផលិត​ស្បែកជើង “​ម៉ា​រូ ឈុន​”

1440
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: រោងចក្រ​ផលិត​ស្បែកជើង ម៉ា​រូ ឈុន ដែលមាន​ទីតាំង​ស្ថិតនៅ​ក្បែរ​ផ្សារ​ទួល​ពង្រ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ត្រូវបាន​ជនសង្ស័យ​កាត់​ផ្លោះ​របង គាត់​ទ្វារ​ចូលទៅក្នុង​រោងចក្រ គាស់​ទូដែក​ចំនួន​២ រើកកាយ​លួច​ទ្រព្យសម្បត្តិ លុយកាក់ ហើយ​គេចខ្លួន តាំងពី​វេលាយប់ រហូតដល់​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៨ បន្ទាប់ពី​ថៅកែ​រោងចក្រ ចូលទៅក្នុង​ការិយាល័យ ដើម្បី​ពិនិត្យ​រាល់​ឯកសារ​ការងារ ទើប​ឃើញ ទូដែក គាស់​បំបែក​ខ្ទេច សម្ភារៈ រើកកាយ​ពេញ​បន្ទប់ រត់​ទៅប្តឹង​ប៉ូលិស​ចុះទៅ​ពិនិត្យមើល​ជាក់ស្តែង​។​

​តាមរយៈ​អ្នកបកប្រែ ថៅកែ​ជនជាតិ​ចិន បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​០៣ ខែមិថុនា នេះ​គាត់​ចូលទៅ​ពិនិត្យ​លើ​ឯកសារ កិច្ចការងារ​រដ្ឋបាល ក្នុង​ការិយាល័យ ស្រាប់តែ​ឃើញ ក្នុង​បន្ទប់ ត្រូវបាន​ជនសង្ស័យ រើកកាយ សម្ភារៈ​ធ្លាក់​រប៉ាត់រប៉ាយ ទូដែក ដាក់​ឯកសារ និង​សម្ភារៈ សំខាន់ៗ ត្រូវបាន​ជនសង្ស័យ គាស់ បំបែក​ខ្ទេច ហើយ​បន្ត​តាម​ពិនិត្យ ស្លាកស្នាម ជនសង្ស័យ​គាស់​ទ្វារ​ចូល​បន្ទប់ គណនេយ្យ រោងចក្រ គាស់​ទូដែក​មួយទៀត នឹង​រើ សម្ភារៈ រាយ​ពេញ​បន្ទប់ នៅវេលា​ម៉ោង​២​និង​៥០​នាទី​អធ្រាត្រ ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៨​នេះ ដោយ​ផ្អែកទៅលើ​ម៉ោង​កាមេរ៉ា​សុវត្ថិភាព​។​

​តែបើ​បុគ្គលិក​បម្រើ​ការងាររដ្ឋបាល ក្នុង​រោងចក្រ​ខាងលើ បាន​ឲ្យ​ដឹងថា ផ្អែកទៅលើ​កាមេរ៉ា​សុវត្ថិភាព ក្នុង​រោងចក្រ ជនសង្ស័យ​២​នាក់ ពាក់​ម៉ាស់​ជិត កាត់​បន្លា​លួស​របង ពី​ចំហៀង​រោងចក្រ ចូល​ហើយ បាន​កាត់​ទ្វារ​ដែក ចំហៀង​បន្ទប់​គណនេយ្យ ចូល​រើកកាយ​ហើយ ឡើងទៅ​ជាន់​លើ បន្ទប់​ថៅកែ​រោងចក្រ គាស់​ទូដែក​ខ្ទេច​។​

​ចំពោះ​ការបាត់បង់ មិនត្រូវ​បាន​ថៅកែ​រោងចក្រ ប្រាប់​ចំនួន​ជាក់លាក់​ឡើយ គ្រាន់តែ​ឲ្យ​ដឹងថា លុយកាក់​មួយចំនួន ព្រោះ​ក្រុមហ៊ុន​មិនទាន់​យកលុយ​ចូល​សម្រាប់​ទូទាត់​ឲ្យ​កម្មករ​នៅឡើយ បាត់​ឯកសារ និង​ស្បែកជើង​មួយចំនួន​។​

​ករណី​ខាងលើ​សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបសួរ ស្រាវជ្រាវ​នៅឡើយ​៕ ល​