ចោរ​ចាក់សោ​តូប​ហើយ​បិទ​វិញ​នៅ​ផ្សារ​ប៉ា​ហ៊ី​លួច​យក​ទ្រព្យសម្បត្តិ​អស់​មួយចំនួន

341
ចែករម្លែក

ដោយ:គ្រញូង/​ប៉ៃលិន ៖ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​១៥ ខែមីនា ​ឆ្នាំ​២០១៩ ​ស្ថិតនៅក្នុង​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ជើង ​សង្កាត់​ប៉ៃលិន ​ក្រុងប៉ៃលិន​ មាន​​ការភ្ញាក់​ផ្អើល​ដោយ​តូប​លក់ដូរ​របស់​ស្ត្រី​ម្នាក់​ត្រូវ​ចោរ​ចាក់សោ​ចូល​លួច​អីវ៉ាន់​ក្នុង​តូប​អស់​រួច​ចាក់សោ​បិទ​វិញ​។​

លោក​ យែ​ម សារិទ្ធ​ អធិការនគរបាល​ក្រុង​ប៉ៃលិន​បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ មាស ស្រី ហៅ​ពៅ ភេទ​ស្រី​អាយុ​៤០​ឆ្នាំ រស់​នៅក្នុង​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន។ ​សម្ភា​រៈ​ដែល​បាត់បង់​មានកូន​ធុងបាស​ម៉ាក JBL ១​គ្រឿង​តម្លៃ​៣០០​ដុល្លារ ខោអាវ​កូរ៉េ​ជាច្រើន អាវ​កូនក្មេង និង​ខោខ្លី​(​លី​អូ​)​ជាច្រើន​បាត់​សារុង​អស់​១២០ ។​

ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ​មុនពេល​កើតហេតុ​មាន​អ្នកលក់​កាហ្វេ​ម្នាក់​ងើប​ទៅ​ដាំទឹក​សម្រាប់​ឆុង​កាហ្វេ​លក់​ដូច​សព្វ​មួយ​​ដង ស្រាប់តែ​ឃើញ​ជនសង្ស័យ​ចំនួន​២​នាក់ មាន​ដាក់​អីវ៉ាន់​នៅលើ​រទេះ​វេលា​ម៉ោង​១​និង​១០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៥​ ខែ​​មីនា​។​ លុះ​គាត់​សួរនាំ​ចុះឡើងៗ ពួកគេ​ក៏​នាំគ្នា​អូស​រទេះ​ម៉ូតូ​ដែលមាន​ផ្ទុក​ឥ​វ៉ាន់​ក្នុងនោះ​ហើយ​នាំគ្នា​ជិះ​គេចខ្លួនបាត់​តែម្តង ។​

ប្រភព​ដដែល​បាន​បន្តថា​គាត់​មិន​ចាប់អារម្មណ៍​ថា​ ជា​ចោរ​ស្មានតែ​អ្នកដើរ​រើស​អេតចាយ ឬ​អ្នករៀបចំ​ឥ​វ៉ាន់​នៅក្នុង​ផ្សារ​។​ លុះ​ព្រឹក​ឡើង​ទើប​មានការ​ផ្អើលឆោឡោ​ថា​ចោរលួច​គាស់​តូប​យក​ឥ​វ៉ាន់​អស់ ។

ស្ត្រី​រងគ្រោះ​ឈ្មោះ មាស ស្រី បាន​រៀបរាប់​ឱ្យដឹងថា តូប​របស់គាត់​បាន​ចាក់សោ​រួចរាល់​អស់ហើយ ដោយ​ប្រើ​សោ​ធម្មតា​លុះ​ព្រឹក​ឡើងមក​ចាក់សោ​លក់​ដូច​សព្វមួយដង ស្រាប់តែ​បាត់​ឥ​វ៉ាន់​អស់រលីង​តែម្តង។ ​គាត់​បន្តថា​រៀង​​រាល់​ខែ​គាត់​បង់ប្រាក់​ឱ្យ​សន្តិសុខ​ដែល​យាម​យប់​ដោយ​ទុកចិត្ត​ថា គេ​មើលថែ​តូប​ក្នុង​ផ្សារ​បានល្អ ប៉ុន្តែ​បែរជា​បាត់​ឥ​វ៉ាន់​របស់គាត់​អស់​រលីង​ទៅវិញ។ គាត់​មិន​សុខចិត្ត​នោះ ទេ គឺ​នឹងដាក់​ពាក្យបណ្តឹង​ឱ្យ​សន្តិសុខ​ឬ​អ្នក​គ្រប់​គ្រង​ផ្សារ​ឱ្យ​រក​ដំណោះស្រាយ​ជូន​គាត់ ព្រោះ​សន្តិសុខ​ហាក់ដូចជា មិន​យកចិត្តទុកដាក់​យាមកាម​ឱ្យ​បានល្អ​នោះទេ។ បន្ទាប់ពី​បាត់​ឥ​វ៉ាន់​នៅក្នុង​ផ្សារ​បែបនេះ​អ្នកលក់ដូរ​ជាច្រើន​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ខណ​ផ្សារ​មាន​សន្តិសុខ​តែ​ដូច​អត់​សន្តិសុខ បែរជា​ធ្វែ​ស​ប្រហែស​ឱ្យ​ចោរ​ចូល​លួច​គាស់​និង​កាត់​សោ​លួច​អស់​ជាច្រើន​បែបនេះ។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក​អធិការ​នគរ​បាល​ក្រុងប៉ៃលិន​បានឱ្យដឹងថា ​សមត្ថកិច្ច​កំពុងតែធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ខាងលើ​ ដោយសារ​ខណៈដែល​ចោរ​ចូលទៅ​លួច​នោះ​មិនបាន​ធ្វើឱ្យ​បាត់​ទ្រង់ទ្រាយ​ដើម ដោយ​គាស់​តូប​នោះទេ គឺ​ពួកគេ​ចាក់សោ​ចូល​លួច រួច​ចាក់សោ​បិទ​វិញ ដែលជា​ហេតុនាំឱ្យ​មានកា​រ​សង្ស័យ​ខ្លាំងណាស់​៕B/