ចោរ​ដៃ​ស្អិត​ឆក់​កាបូប​ស្ត្រី​អូស្ត្រាលី សមត្ថកិច្ច​តាម​ចាប់បាន​បីនាក់​

770
ចែករម្លែក

​ដោយ​: គ្រញូង / បាត់ដំបង​: ចោរ​ដៃ​ស្អិត​ដែល​ឆក់​កាបូប​ស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់ កាលពី​ល្ងាច​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​សូ​ភី​១​សង្កាត់​រតនៈ ក្រុង​បាត់ដំបង ហើយ​ជិះ​គេចខ្លួន​ត្រូវ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាប់បាន​បីនាក់​ហើយ​កាលពី​ល្ងាច​ថ្ងៃទី​៤​ខែកញ្ញា នៅ​ចំណុច​ភូមិ​សង្កាត់​ខាងលើ ហើយ​ប្រគល់​ឲ្យ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ចាត់ការ​តាម​នីតិវិធី ពាក់ព័ន្ធ​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​)​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​នគរបាល​ខេត្ត​ទទួលបន្ទុក​ផែន​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងបី​នាក់​មាន ១-​ឈ្មោះ គំនិត ថា​ដា​នូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ២-​ឈ្មោះ ហឿ​ត រី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​សំរោង​ក្នុង ឃុំ​សំរោង​តា​កុក ស្រុក​ឯក​ភ្នំ និង​៣-​ឈ្មោះ សំ រី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​សូ​ភី​១ សង្កាត់​រតនៈ ក្រុង​-​ខេត្តបាត់ដំបង​។ ចំណែក​ជនរងគ្រោះ ឈ្មោះ ឡា ណា​អាន់ ភេទ​ស្រី អាយុ ៣៥ ឆ្នាំ​ជនជាតិ​អូស្ត្រាលី​។ ទ្រព្យសម្បត្តិ​ដែល​បាត់បង់​រួមមាន​កាបូប​ស្ពាយ​ពណ៌​ប្រផេះ​២ ទូរស័ព្ទដៃ IPhone 6plus១​គ្រឿង លុយ​ដុល្លារ ៧០​ដុល្លារ កាត ATM មួយ និង​ប័ណ្ណសម្គាល់ខ្លួន​មួយ​។​

​គួរ​បញ្ជាក់ថា ជនសង្ស័យ​បីនាក់​ត្រូវបាន​កម្លាំង​អន្តរាគមន៍​ស្រាវជ្រាវ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ នៅ​ល្ងាច​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៨​។ ក្នុង​ប្រតិបត្តិ​នេះ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង រួមមាន​ម៉ូតូ​ម៉ាក​ហុងដា CLICK ពណ៌​ស ស៊េរី​ឆ្នាំ​២០១៩ លេខ​តួ​-​ម៉ាស៊ីន 5570553​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ០៣នាក់​រួមទាំង​វត្ថុតាង​ខាងលើ ត្រូវ​ការិយាល័យ​ជំនាញ ចាត់ការ​តាម​នីតិវិធី ដើម្បី​បញ្ជូនទៅ​តុលាការខេត្ត​៕ ល​