ចោរ​ថ្លើមធំ ម្ចាស់​កំពុង​រវល់​ជាប់ដៃ​អ៊ុតសក់ ចូល​ឆក់​កាបូប​លុយ​រត់ ស្រែក​ដេញ​ចាប់ខ្លួនបាន​

670
ចែករម្លែក

ដោយ​: ចាន់តូ​
​ភ្នំពេញ​:
ជនសង្ស័យ​ម្នាក់​ហ៊ាន​នុះ​ហ៊ាន ខណៈដែល​ម្ចាស់​កំពុង​រវល់​ជាប់ដៃ​អ៊ុតសក់​ឲ្យ​ភ្ញៀវ ចូលទៅ​ឆក់​កាបូប​លុយ​ដល់​ក្នុង​តូប បាន​ហើយ​រត់គេចខ្លួន តែ​មិន​រួច ម្ចាស់​ស្រែក​ឆោឡោ ផ្អើល​ប្រជាពលរដ្ឋ​ក្បែរ​ខាង ស្រប​ពេលដែល​កម្លាំង​ល្បាត​ទៅដល់ ដេញ​ចាប់ខ្លួនបាន​ភ្លាមៗ កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅ​តូប​អ៊ុតសក់ ក្នុង​ផ្សារ​តាំង​កសាង​ចាស់ ភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ជនសង្ស័យ​ឈ្មោះ ម៉ៅ ពុទ្ធា​រ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​តា​ងួន​២ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ​។ ចំណែក​ស្ត្រី​រងគ្រោះ​ឈ្មោះ និ​ញ ឆៃ​វី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ ជាង​អ៊ុតសក់ ស្នាក់នៅ ភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​១​។​

​តាម​ស្ត្រី​រងគ្រោះ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ខណៈដែល​កំពុង​ជាប់ដៃ អ៊ុតសក់​ឲ្យ​ភ្ញៀវ កូនស្រី​តូច​ដេក​ឱប​លេង​នៅលើ​កី​អី​ក្នុង​តូប ខាងមុខ​ហើយ​ដាក់​កាបូប​លុយ​នៅក្បែរ​ខ្លួន ស្រាប់តែ​នៅវេលា​ម៉ោង​ខាងលើ ជនសង្ស័យ​ដើរមក​ដល់ ឆ្លៀតឱកាស ចូលទៅ​ឆក់យក​កាបូប​លុយ បាន​ហើយ​រត់គេចខ្លួន ឃើញ​ភ្លាមៗ ស្រែក​ផ្អើល​ពលរដ្ឋ​ក្បែរ​ខាង សមត្ថកិច្ច ក្បែរ​នោះ​ស្រាប់​ទៅដល់ ដេញ​ចាប់ខ្លួនបាន នាំយកទៅ​ប៉ុស្តិ៍ សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​នប​ន្ត​តាម​នីតិវិធី​៕ ល​