ចោរ​បង្កប់ខ្លួន ​ចូលធ្វើការ​ជាមួយ​ចិន​ លួច​ឡាន លុយ តែ​គេច​មិន​រួច​

996
ចែករម្លែក

ដោយ៖ណូ​រ៉ា/​
ភ្នំពេញ ៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ខ្លួន បុរស​ម្នាក់ ទៅ​តុលាការ នា​រសៀល​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៨ ក្រោម​ការចោទប្រកាន់ ពីបទ ដោយ​គាស់​ទម្លុះទម្លាយ យក​សម្ភារៈ និង​រថយន្ត​របស់​ជ​ន​ជាតិចិន កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៨ ។​

​តាម​បណ្តឹង​របស់​ជនរងគ្រោះ ឈ្មោះ លាំង ជៀន​កៃ ជា​ជន​ជាតិចិន ដោយមាន​អ្នកបកប្រែ មកជា​មួយ បាន​រៀបរាប់ថា ដំបូង​ឡើយ នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៨ ឈ្មោះ សុខ ជាវ​ឌ្ឍ​នា (​ជនសង្ស័យ​) បានមក​ដាក់ពាក្យ សុំចូល​បម្រើ​ការងារ ជា​អ្នកបើកបរ និង​បកប្រែ​ភាសា​ចិន ឱ្យ​ក្រុមហ៊ុន​របស់ខ្លួន តែ​ដោយ​ក្រុមហ៊ុន មិនទាន់​បានរៀបចំ​ត្រឹមត្រូវ ខ្លួន​ក៏​ទទួលយក​ជនសង្ស័យ ឱ្យមក​ធ្វើជា​អ្នកបើក​បរសិន ដោយ​ឱ្យ​ជូន​ខ្លួន ទៅមក​ផ្ទាល់ និង​ចេញចូល​ផ្ទះ ដោយ​សេរី​។​

​ក្រោយ​ធ្វើការ​បាន ៤​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៨ ជនសង្ស័យ បាន​ឆ្លៀតពេល​ជូន​ខ្លួន ទៅ​ជួប​ភ្ញៀវ ក៏​ត្រឡប់ទៅផ្ទះ ដែល​ខ្លួន​ស្នាក់នៅ​វិញ ធ្វើ​សកម្មភាព​កាត់​សោ​ផ្ទះ លួច​យក​កុំព្យូទ័រ ឡេ​ប​ថប ១​គ្រឿង​, អាយ​ផេ​ត ១​គ្រឿង​, កាមេរ៉ា ១​គ្រឿង​, ប៊ិច​ថ្លៃ ១​ដើម​, ប្រាក់​ដុល្លារ ១​ពាន់​ដុល្លារ​អាមេរិក​, ប្រាក់​ចិន ៣.០០០​យន់ និង​បើក​យក​រថយន្ត​មួយគ្រឿង ម៉ាក Toyota Siena គេចខ្លួនបាត់​តែម្តង​។​

​ក្រោយពី​បានទទួល​បណ្ដឹង កម្លាំង​ជំនាញ​នៃ​ការិយាល័យ បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ តាមរក​មុខសញ្ញា រហូត​កំណត់​ដឹងថា ជនសង្ស័យ​ខាងលើ ស្ថិតនៅ​ខេត្តសៀមរាប ទើប​កម្លាំង​ជំនាញ នៃ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ កម្លាំង​ជំនាញ នៃ​កងរាជអាវុធហត្ថ ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​បាន នៅ​ទី​រួម​ខេត្តសៀមរាប នា​វេលា​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៨ រួច​បញ្ជូនមក ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​អនុវត្តតាម​នី​តិ​វិធី ។​

​ក្រោម​វិធាន​ការជំនាញ របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​ឈ្មោះ សុខ ជាវ​ឌ្ឍ​នា បាន​រៀបរាប់​ពី ល្បិច​លួច​រថយន្ត ដ៏​ជំនាញ​របស់ខ្លួន​ថា រូប​ខ្លួន​មាន​សមត្ថភាព អាច​បើកឡាន និង​បកប្រែ​ភាសា​ចិន បាន​យ៉ាង​ស្ទាត់ជំនាញ ។ ដូច្នេះ​ខ្លួន ក៏​ដើរ​ដាក់​ប្រវត្តិរូប ជា​អក្សរ​ចិន ដើម្បី​សុំ​ការងារ​ធ្វើ នៅតាម​ក្រុមហ៊ុន​ចិន ។ រហូតដល់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៨ ខ្លួន​ក៏ត្រូវ​បាន​ជនរងគ្រោះ ឈ្មោះ លាំង ជៀន​កៃ ទទួល​ឱ្យ​ធ្វើការ ជា​អ្នកបើកបរ​។​

​ក្រោយពេល​ធ្វើការ​បាន​៤​ថ្ងៃ ឆ្លៀតឱកាស​ជនរងគ្រោះ រវល់​ជួប​ជាមួយ​ភ្ញៀវ ខ្លួន​បាន​លួច​បើករថយន្ត ទៅ​កន្លែង​ជនរងគ្រោះ​ស្នាក់នៅ និង​គាស់​ទ្វារផ្ទះ ចូល​លួច​យក​សម្ភារៈ​ផ្សេងៗ រួចហើយ​គេចខ្លួន ដោយ​យក​សម្ភារៈ ដែល​លួចបាន ទៅ​លាក់ទុក​នៅក្នុង​ផ្ទះជួល ម្តុំ​ច្បារអំពៅ ហើយ​បើក រថយន្ត ទៅ​ផ្ញើទុក នៅ​ចំណត ក្នុង​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​។​

​បន្ទាប់មក ក្នុង​ថ្ងៃ​ដដែល ខ្លួន​បាន​សរសេរ​ប្រវត្តិរូប ប្តូរ​ឈ្មោះ​ថ្មី​ថា ឈិន គ័​ង់​ហុយ ទៅ​ដាក់ពាក្យ​ធ្វើការ ជាមួយ​ជនជាតិ​ចិន​ផ្សេងទៀត នៅក្រោយ​ស្ថានទូត​ចិន​។ រហូតដល់​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៨ ខ្លួន​ក៏បាន​សម្ភាសន៍​ការងារ​ជាប់ ជា​អ្នកបកប្រែ ហើយ​ថៅកែ​ថ្មី បានឱ្យ​ខ្លួនរ​កឡាន ជូន​គាត់​ទៅ​សៀមរាប ដើម្បី​ពិភាក្សា​ការងារ ពាណិជ្ជកម្ម ទើប​ខ្លួន​បានមក​យក​រថយន្ត ដែល​បាន​លួច​ពី​ថៅកែ​មុន បើក​ជូន​ថៅកែ​ថ្មី ទៅ​សៀមរាប ក៏​ត្រូវបាន​សមត្ថកិច្ច អាវុធហត្ថ​ឃាត់ខ្លួន បានតែ​ម្តង​។​

​បច្ចុប្បន្ន សម្ភារ និង​រថយន្ត ដែល​សមត្ថកិច្ច ដកហូត​បាន​ពី​ជនសង្ស័យ បានប្រគល់​ជូន​ម្ចាស់​ដើម​វិញ ។ រីឯ​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ នៃ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕V