ចោរ​ឥណ្ឌា​ជីក​រូង​ក្រោម​ដី​៨​ម៉ែត្រ អស់​ពេល​ជាង​៤​ខែ ដើម្បី​ប្លន់​ធនាគារ​

313

​ចោរ​មួយក្រុម​នៅ​ទីក្រុង​មុំ​បៃ ប្រទេស​ឥណ្ឌា បាន​លួច​ប្លន់​ធនាគារ​មួយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល បន្ទាប់ពី​ពួកគេ​បានសម្រេច​ក្នុង​ការជីក​ផ្លូវ​រូង​ក្រោម​ដី​៨​ម៉ែត្រ ដែល​ពួកគេ​បាន​ជីក​អស់​ពេល​ជាង​៤​ខែ​។​

​ប៉ូលិស​បាន​ប្រាប់​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី ថា សាច់ប្រាក់​និង​គ្រឿងអលង្ការ ត្រូវបាន​លួច​យកទៅ ប៉ុន្តែ​តម្លៃ​គិត​ជា​លុយ​សរុប​ប៉ុន្មាន​នោះ​មិនទាន់​ត្រូវបាន​កំណត់​នៅឡើយ​ទេ​។​

​ក្រុម​អាជ្ញាធរ​ជឿថា ក្រុមចោរ​នេះ បាន​ជួល​កន្លែង​មួយ​នៅក្បែរ​ធនាគារ Baroda ដើម្បី​អាច​ជីក​រូង​ក្រោម​ដី​បាន​នោះ​។​
​ពួកគេ​ត្រូវបាន​គេ​និយាយថា​បាន​បើកហាង​លក់​គ្រឿងទេស​មួយ​នៅ​ជិត​ធនាគារ​ដើម្បី​បិទបាំង​ការធ្វើសកម្មភាព​របស់​ពួកគេ​។​

​ក្រុមចោរ​ដែល​គេ​សង្ស័យ​នេះ​បាន​បាត់​ខ្លួន​ចាប់តាំងពី​បានធ្វើ​សកម្មភាព​លួច​ប្លន់​ធនាគារ​នេះ​កាលពី​យប់​ថ្ងៃ​សៅរ៍​។ គេ​មិន​ច្បាស់​ទេ​ថា​តើ​មាន​មនុស្ស​ចំនួន​ប៉ុន្មាន​នាក់ ដែល​ជីក​រូង​ក្រោម​ដី​អស់​រយៈពេល​ច្រើន​ខែ​ដោយ​គ្មាន​ការសង្ស័យ​បែបនេះ​។ ក្រុមចោរ​នេះ​មិនត្រូវ​បានដឹង​អត្តសញ្ញាណ​នៅឡើយ​ទេ​៕ ដោយ៖ សុខា

ក្រុមចោរ​នេះ បាន​លួច​ប្លន់​ធនាគារ Baroda ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​នេះ
ក្រុមចោរ​ឥណ្ឌា បាន​ជីក​រូង​ក្រោម​ដី អស់​ពេល​ជាង​៤​ខែ​ដើម្បី​ប្លន់​ធនាគារ