ចោរ​២​នាក់​ប្ដី​ប្រពន្ធ លួច​គ្រឿងអលង្ការ​គេ​ពី​សៀមរាប គេច​មក​ភ្នំពេញ ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់បាន​

320

(​ភ្នំពេញ​) ៖ ជនសង្ស័យ​ក្នុង​អំពើចោរកម្ម​២​នាក់ ត្រូវជា​ប្តី​ប្រពន្ធ​នឹង​គ្នា ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ខណៈដែល​យក​គ្រឿងអលង្ការ​ដែល​លួច​គេ​ពី​ខេត្តសៀមរាប រួច​រត់គេចខ្លួន​មកដល់​ភ្នំពេញ​។ ហេតុការណ៍​កើតឡើង កាលពី​វេលា​ម៉ោង ១០​ព្រឹក ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិតនៅ​បន្ទប់​ជួល​លេខ C4 ផ្លូវ​លេខ​១០៧ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

​ជនសង្ស័យ​ទាំង ២​នាក់ ទី​១. ឈ្មោះ លឹម សម្បត្តិ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ សន្តិសុខ​ក្រុមហ៊ុន និង​ប្រពន្ធ​ឈ្មោះ ទ្រី សុខ​លៀប អាយុ ១៧​ឆ្នាំ មុខរបរ នៅផ្ទះ អ្នក​ទាំង ២​នាក់ ប្តី​ប្រពន្ធ ស្នាក់នៅ​ភូមិ​បន្ទាយ​ចាស់ ឃុំ​ស្លា​ក្រាម ស្រុក​សៀមរាប ខេត្តសៀមរាប ចំណែកឯ​ជនរងគ្រោះ​ឈ្មោះ ប៉ិច ធីតា ភេទ​ស្រី អាយុ ៣២​ឆ្នាំ មុខរបរ សន្តិសុខ ស្នាក់នៅ​ភូមិ​បន្ទាយ​ចាស់ ឃុំ​ស្លា​ក្រាម ស្រុក​សៀមរាប ខេត្តសៀមរាប​។​

​គួរ​បញ្ជាក់ថា កាលពី​វេលា​ម៉ោង ៦ និង ១៥​នាទី ព្រឹក​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៧ ជនសង្ស័យ​ទាំង ២​នាក់​ខាងលើ បានធ្វើ​សកម្មភាព​លួច​យក​គ្រឿងអលង្ការ​គេ នៅ​ចំណុច​ក្នុង​ក្រុមហ៊ុន​សន្តិសុខ​ឯកជន ១​កន្លែង ស្ថិតនៅ​ក្នុងភូមិ​បន្ទាយ​ចាស់ ឃុំ​ស្លា​ក្រាម ស្រុក​សៀមរាប ខេត្តសៀមរាប​។ សម្ភារ​ទាំងនោះ មាន ខ្សែក​.​ចំនួន ២​តម្លឹង​, បន្តោង​ព្រះអង្គ ចំនួន ៦​អង្គ​, ខ្នោះ​ចំនួន​១, ដំបង​ដែក​ចំនួន​១ និង​សំលៀកបំពាក់​ចំនួន​១ គិត​ជា​ទឹកប្រាក់​ប្រហែលជា ២៥​ពាន់​ដុល្លារ​អាមេរិក​។

​រហូតមកដល់​ព្រឹក​ថ្ងៃទី​០៨ ខែកញ្ញា នេះ កម្លាំង​សមត្ថកិច្ច​ខេត្តសៀមរាប បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ បានធ្វើការ​ចុះបង្ក្រាប​ជនសង្ស័យ​ទាំង ២​នាក់ ប្តី​ប្រពន្ធ ជាក់ស្តែង​នៅ​បន្ទប់​ជួល​លេខ C4 ដែល​ស្ថិតនៅតាម​បណ្តាល​ផ្លូវ​លេខ​១០៧ ក្នុង​សង្កាត់​ទួល​សង្កែ​។ ពេល​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បា​ន​គ្រឿងអលង្ការ​មួយចំនួន​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ ត្រូវបានធ្វើ​ការប្រគល់​ជនសង្ស័យ​ទាំង​២​នាក់​នេះ ទៅកាន់​ស្នង​នគរបាល​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕L ដោយ​៖ លីន​ណា​