ចោល​គ្រាប់បែក​សាំង​ចូល​ស្ថានីយ​រថភ្លើង​ក្រោម​ដី​នៅ​ហុងកុង​តែ​មិន​បង្ក​របួស​

322
ចែករម្លែក

គ្រាប់បែក​សាំង​ជា​ច្រើន​គ្រាប់ ត្រូវបាន​គេ​ចោល​ចូលក្នុង​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ហុងកុង​មួយ​កាលពី​ថ្ងៃ​សៅរ៍​ទី​១២​តុលា តែ​មិន​បាន​បង្ក​របួសស្នាម​ទេ នៅ​ពេល​ពួក​អ្នក​ប្រឆាំង​តវ៉ា​​ទាមទារ​លទ្ធិប្រជាធិបតេយ្យ បាន​នាំគ្នា​ចូល​មក​កាន់​ដង​វិថី​ជាថ្មីទៀត​។​

​ស្ថានីយ​កៅ​លុន តុង បាន​រង​ការខូចខាត​ដោយ​ការវាយប្រហារ​នេះ ហើយ​ប៉ូលិស​បាន​ទៅកាន់​បណ្តា​វិថី​នៅ​សង្កាត់​កៅ​លុន ក្រោយ​ការវាយប្រហារ​ដោយ​គ្រាប់បែក​សាំង​។​

ស្ថានីយ កៅ​លុន តុង រង​ការខូចខាត​ដោយ​គ្រាប់បែក​សាំង​កលា​ពីថ្ងៃ​១២​តុលា​

​រដ្ឋាភិបាល​ហុងកុង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា «​ប៉ូលិស​បាន​ព្រមាន​ពួក​កុបករ​អោយ​ឈប់​អំពើ​ខុសច្បាប់​និង​ចាកចេញ​ជាបន្ទាន់​។​យើង​សូម​ថ្កោលទោស​អំ​ពោះ​​ហិង្សា​ខុសច្បាប់​ហើយ​នឹង​បើក​ការស៊ើបអង្កេត​ករណីនេះ​»​។​

​បើ​តាម​ប៉ូលិស អ្នក​ប្រឆាំង​តវ៉ា​រាប់ពាន់នាក់ ភាគច្រើន​វ័យក្មេងៗ​និង​ពាក់​ម៉ា​សមុខ បាន​ដើរ​ដង្ហែ​នៅ​សង្កាត់​កៅ​លុន ចំ​ពេល​មាន​ការវាយប្រហារ​។​ពួកគេ​បាន​ចូលរួម​ការជួបជុំ​​ខុសច្បាប់​មួយ ដើម្បី​ប្រឆាំង​នឹង​ការប្រើ​ច្បាប់​ដាក់​ប្រទេស​ក្នុងស្ថានភាព​គ្រា​អាសន្ន​។​

​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ហុងកុង​ដែល​ទទួល​បំរើ​អ្នកដំណើរ​ប្រមាណ​៥​លាន​នាក់​ក្នុង​មួយថ្ងៃ រង​ការរំខាន​ពី​បាតុកម្ម​តវ៉ា​អស់​ពេល​ជាង​៤​ខែ​មក​នេះ​ជា​ញឹក​ញយ និង​ទើបតែ​វិល​មក​​ដំណើរការ​ធម្មតា​វិញ​កាលពី​ថ្ងៃ​សុក្រ​បន្ទាប់ពី​ត្រូវ​បិទ​ទាំងស្រុង​។​

​ការតវ៉ា​ប្រឆាំង​នៅ​ហុងកុង​ដែល​បង្ក​ឡើង​ពី​ច្បាប់​បត្យាប័ន​ដែល​ឥឡូវ​ត្រូវ​បាន​រដ្ឋាភិបាល​ដក​ចោល​ទៅ​វិញ​ហើយ បាន​អូសបន្លាយ​ពេល​អស់​ជាង​៤​ខែ​មក​ហើយ​និង​រីក​រាលដាល​​ទៅ​ជា​ចលនា​ទាមទារ​កាន់តែ​ច្រើនឡើង​ដោយសារ​តែ​កំហឹង​អំពី​វិសមភាព​សង្គម​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី​មួយ​នេះ​។​វា​បាន​រុញច្រាន​ទីក្រុង​នេះ​ចូល​ក្នុង​វិបត្តិ​អាក្រក់​​បំផុត​របស់​ខ្លួន​ចាប់តាំងពី​ត្រូវបាន​អង់គ្លេស​ប្រគល់អោយ​ចិន​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ​១៩៩៧ ៕​ដោយ​៖​វាសនា​

បាតុករ​កាលពី​ថ្ងៃ​សៅរ៍​នាំគ្នា​ធ្វើ​បាតុកម្ម​ខុសច្បាប់​ដើម្បី​ប្រឆាំង​នឹង​ច្បាប់​គ្រា​អាសន្ន ដែល​ក្រោម​ច្បាប់​នេះ​ការពាក់​ម៉ាស​តវ៉ា​ជា​ការខុសច្បាប់​