ចៅក្រម​កំពូល​របស់​ហ្វីលីពីន ដែល​ពូកែ​រិះគន់​ឌូ​តឺ​តេ ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​

987
ចែករម្លែក

​តុលាការ​ជាន់ខ្ពស់​ហ្វីលីពីន​បាន​បណ្តេញ​ចៅក្រម​កំពូល​របស់ខ្លួន​ដែលជា​អ្នក​រិះគន់​ទៅលើ​ប្រធានាធិបតី​ផ្តាច់ការ​របស់​ប្រទេស​នេះ នៅ​ថ្ងៃ​សុក្រ​ទី​១១​ឧសភា​នេះ ក្នុងការ​បោះឆ្នោត​មិន​ធ្លាប់មាន​ពីមុនមក​ដោយ​ពួក​ចៅក្រម​រួម​អាជីព ដែល​លោកស្រី​ប្រធាន​ចៅក្រម​រូបនេះ និង​ក្រុមអ្នកតវ៉ា​រាប់រយ​នាក់​បាន​ហៅថា មិន​ស្របច្បាប់​រដ្ឋធម្មនុញ្ញ និង​គំរាមកំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ​។​

​អ្នកនាំពាក្យ​តុលាការ លោក ថេ​អូ​ដូ​រ៉េ តេ និយាយថា ចៅក្រម ៨ ក្នុងចំណោម ១៤ នាក់​បាន​បោះឆ្នោត​គាំទ្រ​ញត្តិ​របស់​អគ្គ​រដ្ឋអាជ្ញា​របស់​រដ្ឋាភិបាល​ដើម្បី​ដក​លោកស្រី ម៉ា​រី​យ៉ា លួ​ដេ​ស សេ​រ៉េ​ណូ ចេញពី​តុលាការ​កំពូល​ដែលមាន​សមាជិក ១៥ រូប​ដោយ​ចោទប្រកាន់​លោកស្រី​ថា​ខកខាន​ក្នុង​ការដាក់​ឯកសារ​ប​ង្ហា​ញ​ទ្រព្យសម្បត្តិ​និង​បំណុល ដែល​តម្រូវ​ដោយ​ច្បាប់​។ លោកស្រី ម៉ា​រី​យ៉ា បដិសេធ​ការចោទប្រកាន់​នេះ និង ជំទាស់​មិន​ព្រម​ចូលរួម​ក្នុងការ​បោះឆ្នោត​នេះ​ទេ​។​

​លោកស្រី ម៉ា​រី​យ៉ា បានធ្វើឱ្យ​លោក​ប្រធានាធិបតី​រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ ខឹង​ជាខ្លាំង ដោយសារ​លើកឡើង​អំពី​ការគោរព​ច្បាប់​និង​សិទ្ធិមនុស្ស នៅពេលដែល​គាត់​បាន​ដឹកនាំ​ការបង្ក្រាប​ដ៏​ឃោរឃៅ​ទៅលើ​គ្រឿងញៀន​ខុសច្បាប់ ដែល​បណ្តាលឱ្យ​ស្លាប់​មនុ​ស្ស​រាប់ពាន់នាក់​។​

​ក្រុមអ្នកតវ៉ា​ប្រហែល ១.៨០០ នាក់​បាន​ប្រមូលផ្តុំ​គាំទ្រ​លោកស្រី​ម៉ា​រី​យ៉ា​នៅ​ខាងក្រៅ​តុលាការ​ក្នុង​ទីក្រុង​ម៉ានីល កន្លែង​ដែល​ប៉ូលិស​ប្រឆាំងនឹង​កុបកម្ម​បាន​រារាំង​ផ្លូវ​ចូល ជាមួយ​ឡាន​ដឹកទំនិញ​និង​រនាំង​ដែក ដើម្បី​រក្សា​សណ្តាប់ធ្នាប់ និង​បាន​បំបែក​ក្រុមបាតុករ​ប្រឆាំងនឹង​លោកស្រី​ម៉ា​រី​យ៉ា​មួយ​ក្តាប់​តូច​ផងដែរ​។​

​លោកស្រី​ម៉ា​រី​យ៉ា​កំពុង​ប្រឈម​នឹង​ការចោទប្រកាន់​ដក​ពី​តំណែង​ដាច់ដោយឡែក​ពីគ្នា​មួយទៀត​នៅក្នុង​សភាតំណាងរាស្ត្រ ដែល​គ្រប់គ្រង​ដោយ​សម្ព័ន្ធមិត្ត​របស់លោក​ឌូ​តឺ​តេ​។ លោកស្រី​បាន​ព្រមាន​ថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​រដ្ឋបាល​ឌូ​តឺ​តេ​ដើម្បី​ទម្លាក់​លោកស្រី គឺជា​ការគំរាមកំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ ដោយ​និយាយថា ញត្តិ​ដែលនាំឱ្យ​មានការ​បោះឆ្នោត​នៅ​ថ្ងៃ​សុក្រ​នេះ គឺ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ ដែល​ចែងថា មន្ត្រី​កំពូល ដូចជា​លោកស្រី​អាច​ដក​ចេញពី​តំណែង​បាន ទាល់តែ​មានការ​បោះឆ្នោត​ដកចេញ​ពីមុខ​តំណែង​ដោយ​សភា​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី ម៉ា​រី​យ៉ា លួ​ដេ​ស សេ​រ៉េ​ណូ ត្រូវបាន​ទម្លាក់​ចេញពី​តំណែង​ប្រធាន​ចៅក្រម