ចៅក្រម​ទាត់ចោល​បណ្តឹង​របស់​ឌី​ជេ​វិទ្យុ​ម្នាក់ ដែល​ប្តឹង​នាង​ស្វី​ហ្វ​ថា​ធ្វើឱ្យ​ខ្លួន​អស់​ការងារ​ធ្វើ ដោយសារ​នាង​ចោទ​គាត់​ថា​ស្ទាប​គូទ​នាង​

195

​តារាចម្រៀង​ប៉ុប ថា​យ​ល័​រ ស្វី​ហ្វ បានទទួល​ជ័យជម្នះ​ដ៏​សំខាន់​នៅក្នុង​ការតស៊ូ​ក្តី​របស់​នាង​ជាមួយនឹង​អតីត​ឌី​ជេ​វិទ្យុ​ឈ្មោះ ដេវីត មូល​ល័​រ ដែល​នាង​បាន​អះអាងថា គាត់​បាន​ស្ទាប​គូទ​នាង​នៅ​ការប្រគុំ​តន្ត្រី​មួយ​ក្នុង​ឆ្នាំ ២០១៣​។​

​លោក មូល​ល័​រ អាយុ ៥៥ ឆ្នាំ​ដើមឡើយ​បាន​ប្តឹង​តារាចម្រៀង​ប៉ុប​នេះ​ទារ​សំណង​ជំងឺ​ចិត្ត ៣ លាន​ដុល្លារ ដោយនិយាយ​ថា​នាង​បានធ្វើឱ្យ​គាត់​បាត់បង់​ការងារ​។​

​ពាក្យបណ្តឹង​របស់គាត់​ត្រូវបាន​តុលាការ​នៅ​ក្រុង​ដេ​ន​វើ ទាត់ចោល​កាលពី​ថ្ងៃ​សុក្រ​ទី ១១ សីហា​។​

​ចៅក្រម​អាមេរិក លោក វី​លលៀម ម៉ា​ទីណេស បានសម្រេច​ថា នាង​ស្វី​ហ្វ​មិនត្រូវ មក​ទទួលខុស​ត្រូវចំ​ពោះ​ការបាត់បង់​ការងារ​រ​បស់​លោក​មូល​ល័​រ​ទេ ព្រោះ​លោក​មូល​ល័​រ​មិនបាន​បង្ហាញ​ភស្តុតាង​ថា​នាង​បានរៀបចំ​គម្រោង​ការដើ​ម្បី​ធ្វើឱ្យ​គាត់​អស់​ការងារ​ធ្វើ​។​

​ឌី​ជេ​រូបនេះ​ក៏បាន​ដាក់ពាក្យ​បណ្តឹង​ដូចគ្នានេះ​ប្រឆាំងនឹង​ម្តាយ​របស់​តារាចម្រៀង​រូបនេះ​ដែរ គឺ​លោកស្រី អង់​ដ្រេ ស្វី​ហ្វ និង​បុគ្គលិក​ទំនាក់ទំនង​វិទ្យុ ឈ្មោះ ហ្វ្រែ​ង ប៊ែ​ល​។ គណៈវិនិច្ឆ័យ​ឥឡូវ​នឹង​សម្រេច​ថា​តើ​ពួកគេ​ទាំងអស់នោះ​ទទួលខុសត្រូវ​ចំពោះ​ការបណ្តេញ​លោក មូល​ល័​រ ដែរ​ឬ​អត់​។​

​នាង​ស្វី​ហ្វ អាយុ ២៧ ឆ្នាំ បាន​ប្តឹង​បក​លើ​ឌី​ជេ​រូបនោះ​ពីបទ​លួច​ស្ទាប​គូទ​នាង បន្ទាប់ពី​នាង​បាន​យល់ព្រម​ថតរូប​ជាមួយ​គាត់​និង​មិត្តស្រី​របស់គាត់​។​

​នាង​កំពុង​ស្វែងរក​ប្រាក់​សំណង​ជំងឺ​ចិត្ត ១ ដុល្លារ​គត់ ដែល​នាង​សន្យាថា​នឹង​បរិច្ចាគ​វា​ទៅ​អង្គការ​សប្បុរសធម៌​។​

​សេចក្តីសម្រេច​ប្រឆាំងនឹង​លោក​មូល​ល័​រ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី ៥ នៃ​ការជំនុំជម្រះ​ក្តី​។​

​អតីត​អង្គរក្ស​របស់​នាង​ស្វី​ហ្វ បានផ្តល់​ភស្តុតាង​កាលពី​ថ្ងៃ​សុក្រ​ទី​១១​សីហា​ដោយ​គាំទ្រ​ការអះអាង​របស់​នាង​អំពី​ការ​បៀតបៀន​ផ្លូវភេទ ដោយ​ផ្តល់​សក្ខីកម្ម​ថា បានឃើញ​ឌី​ជេ​នោះ “​ដាក់​ដៃ​នៅក្រោម​សំពត់​របស់​នាង​”​។​

​លោក ក្រេ​ក ដេ​ន បាន​ប្រាប់​តុលាការ​រដ្ឋ​ខូ​ឡូ​រ៉ា​ដូ​ថា “​គាត់​មិន​បានឃើញ​ដៃ​របស់គាត់​ប៉ះ​រាងកាយ​របស់​នាង​ទេ​” ប៉ុន្តែ “​ឃើញ​ដៃ​របស់គាត់​ស្ថិតនៅក្រោម​សំពត់​របស់​នាង​” ។​

​ការចោទប្រកាន់​នេះ​ត្រូវបាន​គេ​និយាយថា​បានកើត​ឡើង​នៅក្នុង​ឆ្នាំ ២០១៣ ក្នុងអំឡុង​ការឈប់​សំចត​ច្រៀង​នៅ​ក្រុង​ដេ​ន​វើ​របស់​តារាចម្រៀង​ម្ចាស់​បទ Red រូបនេះ​។​

​លោក​មូល​ល័​រ ដែល​កាលនោះ​ជា​ឌី​ជេ​នៅ​ស្ថានីយ​វិទ្យុ KYGO ត្រូវបាន​គេ​អញ្ជើញ​ឱ្យទៅ​ជួប​នាង​មុនពេល​កម្មវិធី​ប្រគុំ​តន្ត្រី​។​ ​នាង​ស្វី​ហ្វ​បាន​តវ៉ា​ទៅ​ស្ថានីយ​វិទ្យុ KYGO ហើយ​ស្ថានីយ​បាន​បណ្តេញ​លោក​មូល​ល័​រ​នៅ​ពីរ​ថ្ងៃ​ក្រោយមក​នោះ​៕ ដោយ កញ្ញាដាលីស

នាង ថា​យ​ល័​រ ស្វី​ហ្វ