ចៅក្រម​បញ្ជូន​សំណុំរឿង​លោក​កឹម សុខា ពីស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​ទៅ​ជំនុំជម្រះ

355
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បិទ​បញ្ចប់​ការ​ស៊ើបសួរ​សំណុំរឿង​លោក​កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពីបទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស បញ្ជូនទៅ​ជំនុំជម្រះ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៌​មាន​របស់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩​។​


អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៧ សាលាដំបូង​រាជធានី​ភ្នំពេញ បានទទួល​ចាត់ការ​ស៊ើបសួរ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៥៦៤២ ចុះ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ដែលមាន​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ភេទ​ប្រុស សញ្ជាតិ​ខ្មែរ កើត​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​១៩៥៣ ត្រូវបាន​ចោទប្រកាន់​ពីបទ ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។​
​អ្នកនាំពាក្យ​បាន​បញ្ជាក់ថា ក្រោយពី​បាន​ស្រាវជ្រាវ និង​ស៊ើបសួរ​ចប់សព្វគ្រប់ ចៅក្រម​ស៊ើបសួរ​ពិនិត្យឃើញថា មាន​ភស្តុតាង​ដាក់បន្ទុក​គ្រប់គ្រាន់​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ពីបទ ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស ហើយ​ចៅក្រម​ស៊ើបសួរ​បានសម្រេច​បិទ​បញ្ចប់​ការ​ស៊ើបសួរ​នេះ ដោយ​បញ្ជូន​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ទៅ​តុលាការ​ជំនុំជម្រះ តាម​ដីកា​បញ្ជូនទៅ​ជំនុំជម្រះ​លេខ ៦៤០០ «​គ​» ដ​.​ដ ចុះ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៩​៕សរន