ចៅក្រម​ប្រដាល់ ៣ រូប នៅ​សង្វៀន CNC ទទួល​ទណ្ឌកម្ម​ម្នាក់ៗ ៦ សប្ដាហ៍​

550
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ក្រុមប្រឹក្សាវិន័យ របស់​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ បានសម្រេច​ដាក់ទណ្ឌកម្ម ដល់​ចៅក្រម​របស់ខ្លួន ៣ រូប ដោយសារតែ​ធ្វេសប្រហែស ផ្ដល់​ពិន្ទុ​ធ្វេសប្រហែស ជាហេតុ​ធ្វើ​ឲ្យ​មាន​ភាព មិន​យុត្តិធម៌ ដល់​កីឡាករ ។

កាលពី​ថ្ងៃទី​៨ មិថុនា អ្នក​ប្រដាល់​កម្ពុជា ឃីម បូរ៉ា ក្លិប​រស្មី​ភូមិ​គាប ខេត្តបន្ទាយមាន ជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ទួន ប៉េ (Toun Pe) ។ លទ្ធផល​នៃ ការប្រកួត​ផ្លូវការ ដែល​ចៅក្រម​ផ្ដល់​ឲ្យ​នោះ គឺ​ចៅក្រម ៣ រូប ផ្ដល់​ពិន្ទុ​ឲ្យ ទួន ប៉េ ឈ្នះ និង ២ រូប ផ្ដល់​ពិន្ទុ​ឲ្យ បូរ៉ា ឈ្នះ ។ ការប្រកួត​ធ្វើឡើង នៅ​រសៀល ថ្ងៃទី​១៥ មិថុនា ២០១៩ ។​

​បន្ទាប់ពី​ការប្រកួត​ភ្លាមៗ កីឡាករ ឃុន ឌី​ម៉ា ដែលជា​បងប្រុស​បង្កើត របស់​បូរ៉ា បានធ្វើ​ការតវ៉ា​ភ្លាមៗ ហើយ​នៅ​ថ្ងៃទី​១៦ មិថុនា ក្រុម​អ្នកជំនាញ​សហព័ន្ធ រួមជាមួយ​ក្រុមប្រឹក្សាវិន័យ ដោយមាន​ការចូលរួម ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រមុខ​ប្រដាល់​គុន​ខ្មែរ ផង​នោះ បាន​ចាក់​វីដេអូ ប្រកួត​នេះ មើល​ឡើងវិញ មួយ​ទឹក​ម្ដងៗ ដោយ​ប្រុងប្រយ័ត្ន ជាទីបំផុត ។​

​ជាមួយនឹង​ការត្រួត​ពិនិត្យឡើងវិញ​នេះ គេ​សង្កេតឃើញថា នៅ​ទឹក​ទី​១ និង​ទឹក​ទី​២ បូរ៉ា ឈ្នះ​ទឹក​ទី​៣ បូរ៉ា ចាញ់​ទឹក​ទី​៤ បូរ៉ា ឈ្នះ និង វ៉ៃ​ទួន ប៉េ ឲ្យ​អាជ្ញាកណ្ដាល រាប់​៨​ទៀតផង ទឹក​ទី​៥ បូរ៉ា ចាញ់ ។ លទ្ធផល​ពិតប្រាកដ​គឺ​បូរ៉ា​ឈ្នះ ទួន ប៉េ​៣ ទល់​២ ។​

​សូមបញ្ជាក់ថា អាជ្ញាកណ្ដាល សម្រាប់​ការប្រកួត​នេះ គឺ​លោក អ៊ិន ខេមរិន្ទ ឯ​ចៅក្រម​ទាំង ៥ រូប មាន​លោក ទេស សារិន លោក​ម៉ាត់ សារ៉ន លោក​ឡុង សាល​វ័​ន្ដ លោក​ម៉​ង់ ស៊ីថន និង​លោក​រាម កុសល ។ ចៅក្រម ៣ រូប ដែល​ផ្ដល់​ពិន្ទុ​ឲ្យ បូរ៉ា ចាញ់ មាន​លោក ម៉​ង់ ស៊ីថន លោក ឡុង សាល​វ័​ន្ដ និង​លោក រាម កុសល ។ ចំពោះ​ចៅក្រម ដែល​ផ្ដល់​ពិន្ទុ​ឲ្យ បូរ៉ា ឈ្នះ មាន​លោក​ទេស សារិន និង​លោក​ម៉ាត់ សារ៉ន ។​

​នៅ​ថ្ងៃទី​១៧ មិថុនា លោក​ឧ​ត្ត​ម​សេនីយ៍ វ៉ា ស៊ិន​ភិរម្យ ប្រធាន​ក្រុមប្រឹក្សាវិន័យ របស់​សហព័ន្ធ បានចេញ​លិខិត​ដាក់ទណ្ឌកម្ម ចំនួន ៣ សម្រាប់​ចៅក្រម ៣ រូប គឺ​ចៅក្រម ម៉​ង់ ស៊ី​ថង ចៅក្រម រាម កុសល និង​ចៅក្រម ឡុង សាល​វ័​ន្ដ ក្នុង​ម្នាក់ៗ ចំនួន ៦ សប្ដាហ៍ ។​

​នៅក្នុង​សេចក្ដីសម្រេច របស់​សហព័ន្ធ ត្រង់​ប្រការ​ទី​១ បានសម្រេច​ដាក់ពិន័យ ចៅក្រម​ទាំង ៣ រូប ដោយ​ព្យួរការងារ​ជា​មន្ត្រី​ចៅក្រម បណ្ដោះអាសន្ន ដើម្បី​សិក្សា​រៀនសូត្រ​បន្ថែម រយៈពេល ៦ សប្ដាហ៍ ដោយ​គិត​ចាប់ពី​ថ្ងៃទី​១៦ មិថុនា តទៅ ។​

​ប្រការ ២ បាន​ចែងថា​ចៅក្រម​ទាំង ៣ រូប ត្រូវ​ទទួលស្គាល់​កំហុស​របស់ខ្លួន និង​ខិតខំ​រៀនសូត្រ អនុវត្តន៍​ឲ្យ​បានល្អ នូវ​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង​បទបញ្ជា គ្រប់គ្រង​ការប្រកួត និង​បទបញ្ជា​បច្ចេកទេស នៃ​ការផ្ដល់​ពិន្ទុ​របស់ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ។​

​លោក​ប្រមុខ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ បាន​ថ្លែងថា សហព័ន្ធ ក៏ដូចជា រូបលោក មិនបាន​ចោទប្រកាន់​ពួកគេ ទៅលើ​រឿង​ផលប្រយោជន៍​ទេ តែ​គេ​មាន​កំហុស ពីបទ​ធ្វេសប្រហែស ក្នុងការ​ផ្ដល់​ពិន្ទុ ៕v