ចៅក្រម​វ៉េ​ណេ​ស៊ុយ​អេ​ឡា ​កំពុង​ធ្វើ​ចំណាត់ការ​ដើម្បី​ដកហូត​អភ័យឯកសិទ្ធិ​របស់​មេ​បក្សប្រឆាំង ​លោក​ហ្វ័​ន ក្វា​យ​ដូ​

347
ចែករម្លែក
  • 10
    Shares

​កាលពី​ថ្ងៃ​ចន្ទ​ទី​១​មេសា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ បានស្នើ​សុំឱ្យ​ពួក​សមាជិកសភា​ដកហូត​អភ័យ​ឯក​សិទ្ធ​ពី​មេដឹកនាំ​គណបក្សប្រឆាំង​លោក​ហ្វ័​ន ក្វា​យ​ដូ ដោយ​ចាត់វិធានការ​ឆ្ពោះទៅកាន់​ការកាត់ទោស​លោ​ក​ចំពោះ​បទឧក្រិដ្ឋ​ដែល​បាន​ចោទប្រកាន់​នានា ខណៈដែល​លោក​កំពុង​ស្វះស្វែង​ដើម្បី​ទម្លាក់​លោក​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ​។​

​ចៅក្រម​តុលាការ​កំពូល​លោក​ម៉ា​យ​គែល ម៉ូ​រី​ណូ​ បាន​និយាយថា លោក​ក្វា​យ​ដូ​គួរតែ​ត្រូវបាន​កាត់ទោស​ពីបទ​រំលោភ​លើ​ការហាម​ប្រាម​មិនឱ្យ​ចាក​ចេញពី​ប្រទេស​នេះ នៅពេល​លោក​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រជាជាតិ​អាម៉េរិក​ឡាទីន ដែល​គាំទ្រ​ការផ្លាស់ប្តូរ​នៅក្នុង​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​

​មេដឹកនាំ​គណបក្សប្រឆាំង​ដែលមាន​អភ័យឯកសិទ្ធិ​ពី​ការកាត់ទោស​ក្នុងនាម​ជា​ប្រធានរដ្ឋសភា ក៏​ត្រូវបាន​ចោទប្រកាន់​ផងដែរ​ដោយ​រដ្ឋាភិបាល​របស់លោក​ម៉ា​ឌូ​រ៉ូ​ពីបទ​ញុះញង់​ឱ្យមាន​អំពើហិង្សា​ទាក់ទង​នឹង​ការតវ៉ា​នៅតាម​ដងផ្លូវ​និង​ការទទួលយក​មូលនិធិ​ខុសច្បាប់​ពី​បរទេស​។​

​លោក​ក្វា​យ​ដូ​ បាន​ច្រានចោល​តុលាការ​ជាន់ខ្ពស់​ដែល​គាំទ្រ​លោក​ម៉ា​ឌូ​រ៉ូ​ថា​ខុសច្បាប់​និង​បាន​បន្ត​ការអំពាវនាវ​ឱ្យ​លោក​ម៉ា​ឌូ​រ៉ូ​ចុះ​ចេញពី​តំណែង​។ លោក​បាន​ចោទប្រកាន់​មេដឹកនាំ​សង្គមនិយម​ថា​បាន​ប្រើប្រាស់​ការ​ដាច់​ភ្លើង​ទូទាំងប្រទេស​ធ្វើជា​ដើមទុន​នយោបាយ​។ មេដឹកនាំ​គណបក្សប្រឆាំង​រូបនេះ​បាន​និយាយថា​ការធ្វេសប្រហែស​ជាច្រើន​ឆ្នាំ​ដោយ​រដ្ឋាភិបាល​បានធ្វើឱ្យ​បណ្តាញ​អគ្គិសនី​ខូចខាត​បែបនេះ មិនមែន​មកពី​គេ​លួច​បំផ្លិចបំផ្លាញ​នោះទេ​។​

​លោក​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដើរ​តវ៉ា​តាម​ដងផ្លូវ​រហូតដល់​លោក​ម៉ា​ឌូ​រ៉ូ​ចាក​ចេញពី​អំណាច​។​

​លោក​ក្វា​យ​ដូ​ បាន​និយាយ​នៅឯ​សាកលវិទ្យាល័យ​មួយ​នៅ​ទីក្រុង​កា​រ៉ា​កាស​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ថា “​យើង​ត្រូវតែ​រួបរួមគ្នា​ឥឡូវនេះ​ជាង​ពេលណាៗ​ទាំងអស់​។ យើង​ត្រូវតែ​ធ្វើបាតុកម្ម​ធំ​បំផុត​ដើម្បី​បដិសេធ​នូវ​អ្វីដែល​កំពុង​កើតឡើង​”៕ ដោយ៖ កញ្ញាដាលីស/Ha

លោក​ហ្វ័​ន ក្វា​យ​ដូ​អំពាវនាវ​ឱ្យ​ប្រជាជន​តវ៉ា​តាម​ដងផ្លូវ​ដើម្បី​ទម្លាក់​លោក​ម៉ា​ឌូ​រ៉ូ​ចេញពី​តំណែង
#