ចៅសង្កាត់ មេភូមិ និង​នាយក​សាលា​ទាំងអស់​ក្នុង​ខណ្ឌ​ត្រូវធ្វើ​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា

1040
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ នៅក្នុង​កិច្ចប្រជុំ​លោក​អភិបាល​ខណ្ឌដង្កោ បាន​ណែនាំ​ដល់​លោក​និង​លោកស្រី​ចៅសង្កាត់ លោក​និង​លោកស្រី​មេភូមិ និង​នាយក​លោកស្រី​នាយិការ​សាលា​ទាំងអស់​ក្នុង​ខណ្ឌ ធ្វើការ​ផ្សព្វផ្សាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខ ដើម្បី​ជ្រើសរើស​អ្នកដឹកនាំ​ល្អ បន្ត​ការអភិវឌ្ឍ​ន៏​ជាតិ ដោយ​មិនត្រូវ​ជឿ​តាម​ការឃោសនា ញុះញង់ របស់​ក្រុម​ជន​អគតិ មួយក្រុម​តូច ដែល​បំផុសបំផុល​កុំឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ដែល​ទង្វើរ​នេះ​ជាការ​បំបិទ​សិទ្ធិ​ប្រជាពលរដ្ឋ និង​បំផ្លិចបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​
​លោក នុត ពុធ​ដា​រ៉ា អភិបាលខណ្ឌ​ដង្កោ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដង្កោ បាន​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ​របស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨ ដោយមាន​ការចូលរួម​ពី​អភិបាលរងខណ្ឌ លោក អធិការនគរបាល​ខ​ណ្ឌ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ មន្ត្រីរាជការ ចៅសង្កាត់ នាយប៉ុស្តិ៍ ស្មៀន មេភូមិ និង​នាយក​សាលា​ទាំងអស់​ក្នុង​ខណ្ឌ​។
​នៅក្នុង​កិច្ចប្រជុំ​នោះ​លោក​អភិបាលខណ្ឌ ក៏បាន​លើកឡើង​អំពី​ការងារ​មួយចំនួនទៀត​ដើម្បី​ដាស់តឿន​ដល់​ចៅសង្កាត់​លោក​មេភូមិ​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់ មាន​សុវត្ថិភាព បង្កា ទប់ស្កាត់​បទល្មើស លួច ឆក់ ប្លន់​គ្រប់​ប្រភេទ​កុំ​ឲ្យ​កើតមានឡើង ជាពិសេស​ល្បែងស៊ីសង និង​គ្រឿងញៀន​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ ជៀសវាង​ការដាក់​តាំង​លក់ដូរ នៅលើ​ចំណីផ្លូវ​សាធារណៈ បង្ក​ឲ្យ​ខូច​សណ្តាប់ធ្នាប់ កកស្ទះ​ចរាចរណ៍ និង​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។​
​លោក​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដង្កោ​បា​ណែនាំ​ដល់​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន ពិនិត្យ និង​រៀបចំ​ស្តារ​ប្រពន្ធ​លូ ក្នុង​មូលដ្ឋាន ឲ្យ​បាន​មុន​រដូវវស្សា​ចូលមក​ដល់ ដើម្បី​សម្រួល​ដល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ហើយ​អស់លោក លោកស្រី​ចៅសង្កាត់​ទាំងអស់ មុន​ចុះហត្ថលេខា​លើ​លិខិតស្នាម​ផ្សេងៗ​ត្រូវ​ត្រួតពិនិត្យ​ឲ្យ​បានច្បាស់លាស់​ជាមុនសិន ជៀសវាង​ផលប៉ះពាល់ និង​បញ្ហា​ផ្សេងៗ​ដែល​អាច​កើតមានឡើង​៕