ចៅហ្វាយក្រុងប្រាប់ទៅខណ្ឌអោយទប់ស្កាត់​ការសង់​សំណង់​ខុសច្បាប់​,​ចាក់ដី​លុប​ប្រឡាយ លុប​អាង​ស្តុក​ទឹក​នៅក្នុង​រាជធានី​ភ្នំពេញ

1251
ចែករម្លែក

​(ភ្នំពេញ​)៖ លោក​អភិបាល​រាជធានី​ភ្នំពេញ​បានប្រកាស​ជា​សាធារណៈ​ទៅកាន់​ប្រជាពលរដ្ឋ​ទាំងអស់​និង​ដាក់​បញ្ជា​ដល់​អាជ្ញាធរ​ខណ្ឌ​សង្កាត់​ទាំងអស់​ចាត់វិធានការ​ដ៏​តឹងរឹង និង​គ្មាន​ការយោគយល់ ក្នុង​គោលបំណង​ទប់ស្កាត់ ការសង់​សំណង់​ខុសច្បាប់ និង​ចាក់ដី​លុប​ប្រឡាយ លុប​អាង​ស្តុក​ទឹក នៅក្នុង​រាជធានី​ភ្នំពេញ ដែល​កត្តា​ទាំងអស់​នេះហើយ ដែល​បាន​ចូលរួមចំណែក នាំ​ឲ្យ​ទឹក​ជន់​លិច នៅក្នុង​រាជធានី​ភ្នំពេញ​នោះ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានប្រកាស​បែបនេះ​បាន​ធ្វើឡើង​ក្នុងពេលដែល​លោក​បាន​ដឹកនាំ​លោក​អភិបាលរង រាជធានី​និង​ប្រធាន​មន្ទី​មន្ត្រី​ជំនាញ មន្ត្រី​ជំនាញ​អាជ្ញាធរ​ដែនដី​ចុះទៅពិនិត្យ​ផ្ទាល់​ប្រ​ឡាញ រំដោះ​ទឹកស្អុយ នៅក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ព្រមទាំង​ការជួប​សំណេះសំណាល ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​ផ្ទះ​អម​សងខាង​ប្រឡាយ​បឹងត្របែក​ផងដែរ​នៅ​រសៀល​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៧​ម្សិលមិញ ។​

​ជាមួយគ្នា​នោះដែរ​លោក ឃួ​ង ស្រេង បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា​៖​ថ្ងៃនេះ ក៏ដូចជារៀងរាល់​សប្តាហ៍ ខ្ញុំ​តែងតែ​ចុះ​ពិនិត្យមើល​តំបន់​មួយចំនួន ដែល​ងាយ​រងគ្រោះ ពីព្រោះ​កន្លែង​ខ្លះ បើ​មិន​ចុះ​ពិនិត្យ ដើម្បី​បន្ត​និរន្តរភាព​រដ្ឋបាល វា​អាចមាន​ជន​ឱ​កាស​និយម ចង់​សាងសង់ឬ​រៀបចំ​ចាក់ដីនៅលើ​អាង​ស្តុកនិង​នៅលើ​ប្រឡាយ ។​

ដើម្បីគ្រប់គ្រង​​បញ្ហា​នេះអោយកាន់​តែមាន​ប្រសិទ្ធភាព លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​អភិបាលរង និង​មន្ត្រី​ជំនាញ ចុះ​ថត​នៅតាម​ប្រឡាយ ដើម្បី​ប្រគល់​ឲ្យ​អភិបាលខណ្ឌនិង​ចៅសង្កាត់គ្រប់គ្រងធ្វើយ៉ាងណា​កុំ​ឲ្យ​មាន​សំណង់​ថ្មី​កើត​ឡើងថែមទៀត​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ទៀតថា​៖​រាជធានី​ភ្នំពេញ បើ​អត់​ប្រឡាយ អត់​អាង​ស្តុក​ទឹក​នេះ យើង​អត់​សង្ឃឹមលើ​អី​ទេ ពីព្រោះទីក្រុង​ភ្នំពេញឥឡូវ​នេះ មិន​ត្រឹមតែ​អភិវឌ្ឍលើ​បរិមាណ​ទេ តែ​ស៊ី​ជំរៅមាន​ទៅលើនិង​ក្រោម​ដី​។​

​គួរ​បញ្ជាក់ថា ការសង់​សំណង់​ខុសច្បាប់ ការចាក់ដី​លុប​ប្រឡាយ ក៏ដូចជា អាង​ស្តុក​ទឹកនិង​បឹង​ធម្មជាតិ នៅក្នុង​រាជធានី​ភ្នំពេញ ក៏បាន​ក្លាយជា​ប្រធានបទ​មួយ រង​ការរិះគន់ ពី​ប្រជាពលរដ្ឋ យូរ​ឆ្នាំ​មកហើយ ក៏​ដោយសារតែ​សកម្មភាព​ខុសច្បាប់​ទាំងនេះ បានធ្វើ​ឲ្យ​ទឹក​ជន់​លិច នាពេល​កន្លងទៅ ក្នុង​រាជធានី​ភ្នំពេញ នៅពេល​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង ក៏ដូចជា​ទឹក​ហូរ​មកពី​តាម​បណ្តា​ខេត្ត​ជិត​រាជធានី​មក (​ស្ទឹង​ព្រែក​ត្នោត​) បាន​ហូរ​ចូលមក​កាន់​រាជធានី​មួយ​នេះ​៕ដោយៈរ៉ាម៉ន/sn