ចៅហ្វាយក្រុង​ហ្វីលីពីន​ដែល​ស្ថិត​ក្នុង​បញ្ជី​ថ្នាំញៀន​ត្រូវបាន​បាញ់សម្លាប់​

2889
ចែករម្លែក

​ចៅហ្វាយ​ទីប្រជុំជន​មួយ​នៅ​កោះ​មីន​ដា​ណាវ ដែល​មានឈ្មោះ​ក្នុង​បញ្ជី​របស់​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត ថា​ជា​អ្នកនយោបាយ​មូលដ្ឋាន​ម្នាក់​ដែល​មាន​ជាប់​ពាក់​ព័ន្ធនឹងារ​ជួញ​​ដូរ​ថ្នាំញៀន ត្រូវបាន​បាញ់សម្លាប់​កាលពី​ថ្ងៃ​សុក្រ​ក្នុងពេល​ស្ថិត​ក្នុង​ការឃុំ​ខ្លួន​របស់​ប៉ូលិស​ចំពោះ​ករណី​វាយដំ​មិន​ពាក់ព័ន្ធ​ថ្នាំញៀន​មួយ​នៅ​ហ្វីលីពីន​។​

​គេ​ថា បុរស​ប្រដាប់ប់​អាវុ​ធពាក់​ម៉ា​សមុខ បាន​បាញ់សម្លាប់​លោក​ដា​វីត ណា​វ៉ា​រ៉ូ នៃ​ទីប្រជុំជន ក្លា​រី​ន នៅពេល​គេ​បញ្ជូន​គាត់​ពី​ប៉ុស្តិ៍​ប៉ូលិស​ទៅ​ការិយាល័យ​រដ្ឋអាជ្ញា​នៅ​ក្រុង​សេប៊ុ​យ​។​

​ណា​វ៉ា​រ៉ូ ជា​ចៅហ្វាយក្រុង​ឬ​ទីប្រជុំជន​ទី​១៣​ហើយ​ដែល​ត្រូវបាន​សម្លាប់​ដោយ​ប៉ូលិស​ឬ​ឃាតករ​មិន​ស្គាល់​អត្តសញ្ញាណ ចាប់តាំងពី​លោក​ឌុយ​ទែត​ចូលកាន់​តំណែង​នៅ​ឆ្នាំ​២០១៦​មក​។​​គេ​ថា​លោក​ណា​វ៉ា​រ៉ូ​បាន​ពាក់អាវ​ក្រោះ​និង​អម​ការពារ​ដោយ​ប៉ូលិស​នៅក្នុង​រថយន្ត​ប៉ូលិស​មួយ​នៅពេល​ការវាយប្រហារ​កើតឡើង​។​

​ក្នុងពេល​ជាមួយគ្នា នាយ​ប៉ូលិស​ម្នាក់​បាន​និយាយថា មាន​ខ្មាន់កាំភ្លើង​យ៉ាងតិច​១០​នាក់​នៅក្នុង​រថយន្ត​វ៉ែន​ពណ៌​ស​មួយ​ដែល​បាន​បើក​មក​ពាំង​រថយន្ត​ប៉ូលិស​ដឹក​ចៅហ្វាយក្រុង​​រូបនេះ​។​ជន​វាយប្រហារ​បន្ទាប់​មក​បញ្ជា​អោយ​គាត់​ចុះ​ពី​រថយន្ត ទាញ​គាត់​ចេញពី​រថយន្ត​និង​បាញ់​គាត់​ពី​ចម្ងាយ​ដ៏​ជិត​។​

​មេ​ប៉ូលិស​ក្រុង​ក្លា​រី​ន ប៉ូលិស​ម្នាក់​ទៀត​និង​អង្គរក្ស​របស់​ចៅហ្វាយក្រុង​ដែល​អមដំណើរ​លោក​ណា​វ៉ា​រ៉ូ ក៏​រងរបួស​ក្នុង​ការវាយប្រហារ​។​

​ណា​វ៉ា​រ៉ូ​ត្រូវបាន​ប៉ូលិស​ក្រុង​សេប៊ុ​យ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ​ពី​រង​ការចោទប្រកាន់​ថា​វាយ​អ្នក​ម៉ាស្សា​ម្នាក់​នៅ​ហាង​ម៉ាសា​មួយ​នៅ​ក្រុង​សេប៊ុ​យ​កាលពី​យប់​ថ្ងៃ​ពុធ​។​​លោក​បាន​ទៅ​ទីក្រុង​នេះ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​មួយ​របស់​បណ្តា​អភិបាល​ក្រុង​នៅ​កោះ​មីន​ដា​ណាវ​។​

​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ហ្វីលីពីន​PNA លោក​ឌុយ​ទែតបាន​ដាក់​ឈ្មោះ​លោកណា​វ៉ា​រ៉ូ ក្នុងចំណោម​មន្ត្រី​៤៤​រូប​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​។​តែ​លោក​ណា​វ៉ា​រ៉ូ​​បាន​បដិសេធ​ថា​មិន​មាន​ពាក់ព័ន្ធ​នឹង​ថ្នាំ​ញៀន​ទេ​។​

​កាលពី​ខែ​ឧសភា​ឆ្នាំ​២០១៧ គេ​ថា​ប៉ូលិស​បាន​ដក​សិទ្ធិអំណាច​ពី​លោក​ណា​វ៉ា​រ៉ូ ក្រោយ​ពី​ស៊ើប​ដឹងថា មន្ត្រី​របស់​គាត់​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជំនួញ​ថ្នាំញៀន​។​

​ចាប់តាំងពី​លោក​ឌុយ​ទែត​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១៦ មនុស្ស​ប្រមាណ​៦៦៦០​នាក់​ត្រូវបាន​សម្លាប់​ក្នុង​ប្រតិបត្តិ​ការពាក់ព័ន្ធ​ថ្នាំញៀន នេះ​បើ​តាម​របាយ​​ការណ៍​ប៉ូលិស​ជាតិ​ហ្វីលីពីន តែ​ក្រុម​សិទ្ធិ​មនុស្ស​និយាយថា ចំនួន​នេះ​អាច​ដល់​២៧.០០០​នាក់​៕​ដោយ​៖​វាសនា​

ចៅហ្វាយក្រុង​ក្លា​រី​ន លោក​ដា​វីត ណា​វ៉ា​រ៉ូ ត្រូវ​ប៉ូលិស​ចាប់​នៅ​ក្រុង​សេប៊ុ​យ ចំពោះ​ការវាយដំ​អ្នក​ម៉ាស្សា​ម៉ាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ មុនពេល​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ថ្ងៃ​បន្ទាប់​