ចៅហ្វាយ​ខណ្ឌមានជ័យ ត្រូវគេ​រិះគន់​យ៉ាង​ចាស់ដៃ ផ្អើល​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ព្រោះតែ​មិន​លើក​ទូរស័ព្ទ​

835
ចែករម្លែក
  • 340
    Shares

​ដោយៈ សាវ​រក្ស / ភ្នំពេញៈ លោក ពេជ្រ កែវ​មុន្នី ចៅហ្វាយ​ខណ្ឌមានជ័យ រង​ការរិះគន់ យ៉ាង​ចាស់ដៃ ផ្អើល​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បន្ទាប់ពី​ប្អូនស្រី​របស់ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​អត់ទ្រាំ មិន​ឈឺឆ្អាល ចំពោះ​សម្រែក​ទុក្ខលំបាក របស់​រាស្ត្រ មិនបាន​។ ប៉ុន្តែ​មតិ​មហាជន បាន​រិះគន់ថា ឋានៈ​ដល់​ប្អូនស្រី​សម្ដេច​តេ​ជោ ហ៊ុន សែន ទៅហើយ នៅ​ទូរស័ព្ទ​មិន​លើក ចុះ​ទម្រាំ​រាស្ត្រសាមញ្ញ​វិញ តើ​ពេល​មាន​អាសន្ន​អន់ក្រ តើ​ឲ្យ​ពួកគាត់ រត់​រក​អ្នកណា​ជួយ​? ។​

​យើង​ឃើញថា នៅ​ថ្ងៃទី​១០ ធ្នូ ២០១៨ លោកស្រី ហ៊ុន ស៊ី​ណាត តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន បាន​បង្ហោះ​សារ​មួយ ដោយ​បង្ហាញ​ពី ការ​ស្ទើរ​អស់សង្ឃឹម ព្រោះតែ​លោកស្រី ព្យាយាម​ជួយ​ដល់​មន្ត្រីរាជការ ២ នាក់ ប្ដី​ប្រពន្ធ រងគ្រោះ​ព្រោះ​គេ​លេប​ត្របាក់​ដីធ្លី ដែលជា​កម្លាំង​ញើស​ឈាម របស់​ពួកគាត់​។ សារ​នេះ បានធ្វើ​ឲ្យ​មហាជន រិះគន់​ទៅលើ​អាជ្ញាធរ ខណ្ឌមានជ័យ ជាពិសេស​លោក​ចៅហ្វាយខណ្ឌ ពេជ្រ កែវ​មុន្នី តែម្ដង ដែល​មិន​យកចិត្តទុកដាក់ ចំពោះ​សុខទុក្ខ​របស់​រាស្ត្រ ក្នុង​មូលដ្ឋាន​របស់ខ្លួន​។​

​លោកស្រី ហ៊ុន ស៊ី​ណាត បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​ “​ម្សិលមិញ រវល់​ការ​ចៅ តែ​ការ​ចៅ​ក៏ពិតមែន តែ​អារម្មណ៍​របស់ខ្ញុំ ឮ​តែ​សំឡេង​ប្អូន​ម្នាក់ យំ​ស្រែកហៅ​ខ្ញុំ ឱ្យជួយ​រក​យុត្តិធម៌ នៅក្នុង​សង្កាត់​ចាក់អង្រែ​។ រឿង​របស់លោក ចៅ លិ​ន ជា​គ្រូបង្រៀន នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ និង​ប្រពន្ធ​ឈ្មោះ ហម សូ​លក្ខណ៍ ជា​មន្ត្រីរាជការ​”​។​

​ប្រភព​ដដែល បាន​បន្តថា​ “​បើតាម​ការរៀបរាប់រ​បស់​គាត់ ដី​នេះ ទិញ​តាំងពី​ឆ្នាំ​២០០៤ លុយ​នេះ ជា​កំលាំង​ញើស​ឈាម របស់គាត់ សន្សំ​ប្រាក់ខែ ជា​គ្រូបង្រៀន​បន្តិចបន្តួច ហើយ​គាត់ សង្ឃឹមថា ក្នុង​គ្រួសារ​ជីវិត​គ្រូបង្រៀន​មួយ​នេះ មាន​ដំបូល​ជ្រកកោន តែ​អនិច្ចា​ណាស់ ខ្ញុំ​បាន​ទូរស័ព្ទ ជួប​ចៅសង្កាត់​ចាក់អង្រែ កែវ សាវឿន តែ​គាត់​ថា រឿងនេះ ថ្នាក់លើ​បញ្ជា​មក​។ ខ្ញុំ​ទូរស័ព្ទ​ទៅ​លោក​អភិបាល ខណ្ឌមានជ័យ ពេជ្រ កែវ​មុន្នី តែ​គាត់​មិន​លើក​”​។​

​ចំពោះ​ករណី​ជម្លោះដីធ្លី​នេះ លោកស្រី បាន​គូសបញ្ជាក់ថា លោកស្រី មិនមែន​បុគ្គល​ដោះស្រាយ​វិវាទ​ដីធ្លី អ្វី​នោះទេ តែ​រឿង​ដី​លោកគ្រូ​នេះ លោកស្រី ជឿជាក់ និង​សង្ឃឹម​ទៅលើ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នឹង​ដោះស្រាយ ជូន​ពួកគាត់ មិន​ឲ្យ​ជីវិត​លោកគ្រូ ត្រូវ​រស់នៅ​ដោយ​អត់​ដំបូល ជ្រក​អាស្រ័យ​ឡើយ​។​

​ជាមួយគ្នានេះ លោកស្រី ក៏​លើកទឹកចិត្ត ដល់​មន្ត្រីរាជការ ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​ថា​ “​សូម​លោកគ្រូ កុំ​អស់សង្ឃឹម​អី ទីណា មានទុក្ខ ទីនោះ​មាន​សម្ដេច​តេ​ជោ និង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ដែលជា​ដៃស្ដាំ របស់​សម្ដេច គាត់​នឹង​ជួយ​រក​យុត្តិធម៌ ជូន​មិន​ខាន សូម​ឯកឧត្តម ឃួន ស្រេង មេត្តាជួយ​លោកគ្រូ​ផង​” ។​

​ដោយឡែក នៅក្នុង​ការបញ្ចេញមតិ ចំពោះ​ខ្លឹមសារ​របស់លោក​ស្រី មាន​ទាំង​អ្នក​កាន់ជើង និង​អ្នក​រិះគន់​លោក​ចៅហ្វាយខណ្ឌ ព្រមៗ​គ្នា​តែម្ដង​។ ស្រាប់​តែមាន​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ LY Seyha ដែល​អះអាងថា ជា​ជំនួយការ លោក​ចៅហ្វាយខណ្ឌ ពេជ្រ កែវ​មុន្នី បាន​តប​ទៅ​សារ​បញ្ចេញមតិ ( comment) របស់លោក ផែង វណ្ណៈ ដែលថា​ “​អភិបាលខណ្ឌ ស្ដេចត្រាញ់ ដែល​អ្នក​មីង ទូរស័ព្ទ​ទៅហើយ មិន​លើក​ទៀត​” ​ថា​ “Vannak Pheng មិនមែន​បែបនេះ​ទេ​បង ប្រហែល​អាចជា​គាត់ រវល់​មិន​បានដឹង ដោយ​ទុក​ទូរស័ព្ទ​ចោល ណាមួយ សម្បូ​អ្នកកាសែត​មួយចំនួន តេ​សុំ​លុយ​ច្រើន អញ្ចឹង​អាច​មិ​ស​ស៊ី​ខ​ល អ្នក​មីង​អាច​នៅ​ខាងក្រោម​។ តែ​ពេលនេះ គាត់​នឹង​ទាក់ទង​ទៅ​អ្នក​មីង​វិញ ក្រោយ​ចប់​ប្រជុំ​ណា​បង​”​។​

​ឈ្មោះ LY Seyha បញ្ជាក់ថា​ “​ហើយ​រឿងនេះ ឯកឧត្តម សុ​យ សារិន ជា​អ្នកដឹកនាំ ចុះ​រុះរើ ។ ដោយឡែក លោកគ្រូ និង​ភរិយា​គាត់ ក៏បាន​មកដល់​សាលាខណ្ឌ សុំឱ្យ​លោក​អភិបាល ជួយ​ដែរ ក្រោយ​រុះរើ​ហើយ និង​មុន​រុះរើ ហើយ​លោក​អភិបាល ក៏បាន​ឱ្យ​គាត់​ទាំង ពីរ​នាក់ ធ្វើ​ប្រវត្តិ​ដី​មកឱ្យ​គាត់ ដោយ​ឱ្យ​ដឹងឮ ពី​សង្កាត់​ផ្ទាល់​ថា តើ​ដី​គាត់​ទិញ​ពី​ពេលណា​? ពី​អ្នកណា​? ក្នុង​ឆ្នាំ​ណា​?” ។​

​នៅពេលនោះ លោកស្រី ហ៊ុន ស៊ី​ណាត ក៏​តប​ទៅ LY Seyha ថា​ “​លោកក្មួយ និយាយថា សម្បូរ​អ្នកកាសែត តេ​សុំ​លុយ ម្ចាស់​ថ្លៃ​អើយ ចុះបើ​បែបនេះ​មែន ឲ្យ​រាស្ត្រ​សង្ឃឹម​ខ្យល់​ទៅ ក្នុងនាម​ខ្លួន​ជា អ្នកបម្រើ​រាស្ត្រ មិនគួរ​ខ្លាច ក្នុងកា​លើក​ទូរស័ព្ទ​ទេ មានតែ​មន្ត្រី គ្រាប់​ល្ពៅ​ឆៅ​ទេ ដែល​ខ្លាច​មិន​ហ៊ាន​លើក​ទូរស័ព្ទ​នោះ​។ ខ្ញុំ​តេ​នេះ គ្រាន់តែ​ចង់ដឹង​រឿង ដី​លោកគ្រូ​ប៉ុណ្ណឹង​ទេ តែ​ខ្ញុំ​តេ ក្នុង​ថ្ងៃអាទិត្យ ខ្ញុំ​គិតថា បែប​អស់លោក មិន​លើក​ទូរស័ព្ទ ពីព្រោះ​ថ្ងៃ​ក្រហម​…”​។​

​លោក ផែង វណ្ណៈ ក៏​តប​ការឆ្លើយតប​ខាងលើ ៖ “​ខ្លាច​អ្នក​មីង​តេ សុំ​លុយ​ដែរ​ទេ​ដឹង បាន​មិន​លើក ហេ ហេ ហេ​”​។ ទើប​លោកស្រី បន្តថា​ “Vannak Pheng បែប​ហើយ​ក្មួយ មន្ត្រី​ល្អ គាត់​ខ្លាច​រាស្ត្រ​តេ​រំខាន ម្សិលមិញ ម្ចាស់​ដី​គាត់​ឆាត មក​យំ​រហូត​មីង ចង់ដឹង​រឿង​ប៉ុណ្ណឹង មីង​តេ​ជាមួយ​តាំង​ណៃ មិត្ត​របស់​មីង ពីព្រោះ​តាំង​ណៃ​គាត់ ឮ​សំ​ឡែ​ង​នាង​នោះ​យំ តែ​ខ្ជិល​ប្រកាន់​អី​គាត់ មិន​លើក ហើយ​មានតែ​សុំ​ឲ្យ លោក​ឃួន ស្រេង ជួយ​មើល​”​។​

​មកដល់​ល្ងាច​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨ លោក ពេជ្រ កែវ​មុន្នី បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ថា ចំពោះ​រឿង​ដីធ្លី លោកគ្រូ អ្នកគ្រូ លោក​ក៏មាន ការអាណិតអាសូរ ពួកគាត់​ដែរ ព្រោះ​ដី​រដ្ឋ​សម្បទាន គឺ​ជូន​តែ​អ្នក​មានផ្ទះ ឯ​ពួកគាត់​មានតែ​ដី តាម​គោលការណ៍ សាលាក្រុង គឺ​មិន​ឲ្យ​នោះទេ​។ ចំណែក​រឿង​ទូរស័ព្ទ ដែល​មិនបាន​លើក​នោះ គឺ​ដោយសារ ជាប់រវល់​ប្រជុំ​ផង និង​ទូរស័ព្ទ ជាប់​លេខ​កូដ​ផង (Error) ទោះ​មានការ​ខ​ល​ចូល មិន​ជាប់​អ្វី​ទាំងអស់ មើលមិនឃើញ មី​ស​ស៊ី​ខ​ល អ្វី​ទាំងអស់ ដល់​ចឹ​ង​មិន​បានដឹង មាន​អ្នក​ណាខ​ល ចូល​នោះទេ​។

​លោក​អភិបាល បាន​បន្តទៀតថា ចំពោះ​កា​រខ​ល មិន​លើក​សម្បូ​អ្នកកាសែត​មួយចំនួន តេ​សុំ​លុយ​ច្រើន គឺ​មិន​ពិត​នោះទេ ព្រោះ​ទូរស័ព្ទ​ជាប់​លេខ​កូដ (Error) មិន​ហ៊ាន​យក​ឲ្យ​ជាង​ធ្វើ ព្រោះ​មាន​ឯកសារ​សម្ងាត់​ជាច្រើន ៕