ចៅអធិការ​វត្ត​ច្បារអំពៅ​ប្រកាស​ប្រមូល​ស្នាម​មេដៃ​ប្តឹង​លោក លោក ខឹម វាសនា​

1135
ចែករម្លែក

(​ភ្នំពេញ​) ៖ ព្រះចៅអធិការ​វត្ត​ច្បារអំពៅ ព្រះ​តេជគុណ ហោ សុខុន បានប្រកាសថា ព្រះអង្គ​នឹង​ទទួលយក​ស្នាម​មេដៃ​ព្រះសង្ឃ​និង​ប្រជា​​ពលរដ្ឋ​ទូទាំងប្រទេស ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ដើម្បី​ដាក់ជូន​ស្ថាប័ន​ពាក់​ព​ន្ធ័​គ្រប់​លំដាប់ថ្នាក់ ថ្កោលទោស​និង​ដាក់​​ពាក្យបណ្តឹង​ចំពោះ លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។​
​ ​
​ថ្ងៃទី​២៦ ខែកក្តា ឆ្នាំ​២០១៧ សង្ឃ​ទីប្រឹក្សា ហោ សុខុន ជា​ព្រះចៅអធិការ​វត្ត​ច្បារអំពៅ​បានចេញ​សេចក្តីជូនដំណឹង​ជា​ផ្លូវការ​ស្ដីអំពី​ការ​ប្រកាស​ព័ត៌មាន​ជា​សាធារណៈ ទទួលយក​ស្នាម​មេដៃ​ព្រះសង្ឃ ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​។​
​ ​
​ព្រះអង្គ​មាន​សង្ឃដីកា​បន្តថា “​បន្ទាប់ពី​ទទួលបាន​ស្នាម​មេដៃ​រួចហើយ យើង​នឹង​ដាក់ជូន​ស្ថាប័ន​ពាក់​ព​ន្ធ័​គ្រប់​លំដាប់ថ្នាក់​សុំ​ធ្វើការ​​ថ្កោលទោស និង​ដាក់​ពាក្យបណ្តឹង​ចំពោះ លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដោយសារ​បុគ្គល ខឹម វាសនា​នេះ កន្លងមក​បានធ្វើ​សកម្មភាព​ក្នុង​គោលបំណង​ញុះញង់​បំបែកបំបាក់​ជាតិខ្មែរ​ថែមទាំង​ក្នុង​ចេតនា​បំផ្លាញ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ ចង់​បំបែក​រដ្ឋ​បង្កើត​ប្រទេស​សម្ព័ន្ធ ប្រដូច​ជនជាតិខ្មែរ​ទៅនឹង​សត្វ​ឆ្កែ ដៀល​ពូជសាសន៍​ខ្មែរ​ថា ជា​ពូជសាសន៍​ថោកទាប និង​បាន​សាបព្រោះ​នូវ​វប្បធម៌​ជេរប្រមាថ​ជា​សាធារណៈ​។​ល​។​”​។​
​ ​
​ព្រះអង្គ​នេះ បាន​មាន​សង្ឃដីកា​បញ្ជាក់បន្ថែម​ទៀតថា “​យើង​មាន​ភស្ដុតាង និង​សាក្សី​គ្រប់គ្រាន់​អំពី​បទល្មើស​ដែល​បុគ្គល​ខឹម វាសនា បាន​ប្រព្រឹត្ត ដូច្នេះហើយ សូម​សាធារណៈជន​មេត្តា​ជ្រាប​”៕ដោយ៖វិបុល

#