ចំការ​ឫស្សី​

677

ឫស្សី​ជា​ប្រភេទ​ដំណាំ​ឧស្សាហកម្ម​ក្រដាស ជា​ប្រភេទ​ប្រើ​ក្នុង​សិប្បកម្ម ក្នុង​សំណង់ ទាំង​ផ្ទះ​គោក ផ្ទះទឹក និង​អាច​ប្រើ​បាន​សព្វ យ៉ាង​ជំនួស​ឈើ​ខ្នាតតូច ។ ឫស្សី​ដុះ​ល្អ​តាម​ទី​ទំនាប ខ្ពប ទន្លេ ស្ទឹង ដងអូរ ក្រោយ​ឆ្នេរ ឬ​ពពួក​ស្រែ​ជំរៅ សុទ្ធតែ​អាចធ្វើ​ចំការ​ឫស្សី បាន​យ៉ាង​ល្អ ។

​ប្រៀបធៀប​ផល​ស្រូវ​ឡើង​ទឹក​ទៅនឹង​ឫស្សី​លើដី ១ ហិច​តា​

– ស្រូវ​ឡើង​ទឹក​ធ្វើ​ប្រវាស់​ជាមួយ​ធម្មជាតិ ផល​ធារ​ពុំ​ទៀងទាត់ ជួន​ស្កក ជួន​ទឹក​លិច ជួន​សត្វ​បំផ្លាញ តែ​ពេលនេះ​យើង​អោយ​ទិន្នផល​វា​: ៦០០៛ x ១៥០០​គ​.​ក្រ = ៩០០.០០០៛ ជា​តំលៃ​មិនទាន់​ផាត់​សោហ៊ុយ កំរៃ​ពលកម្ម ។​
– បើ​ដាំ​ឫស្សីព្រៃ ប្រភេទ​ធំ​ប៉ុន​ចុង​ភ្លៅ ក្នុង​មួយ​ហិច​តា​បាន ១៧០​គុម្ព កាប់​បានជា​មធ្យម​១៥​ដើម​ក្នុង​១​ឆ្នាំ តំលៃ​បោះ​ដុំ​មួយ​ដើមៗ ១.៥០០៛ ។ យើង​បាន ១.៥០០៛ x ១៥ x ១៧០ = ៣.៨២៥.០០០៛ ។ តែ​ពេលនេះ​យើង​ទំលាក់​ថ្លៃ​លក់​ឫស្សី ឲ្យ​នៅត្រឹមតែ ២.០០០.០០០៛ ក្នុងន័យ​ទំលាក់​ថ្លៃ​លក់​ខ្លះ និង​ផាត់​ការចាយវាយ​ផ្នែក​ប្រមូល​ផល​ខ្លះ ។ យើង​មាន​ចំណូល ២.០០០.០០០៛ សុទ្ធតែ ជា​ខ្ទង់​ប្រាក់​សល់ ។ ដូច្នោះ​កំរៃ​បាន​ពី​ការដាំ​ឫស្សី​ខ្ពស់ជាង​ស្រូវ​ច្រើន ហើយ​ទៀត​ទាត់​រាល់​ឆ្នាំ គ្មានអ្វី​បំផ្លាញ​វា​ឡើយ ថែមទាំង ហូត​ផល​រាប់សិប​ឆ្នាំ គឺ​រហូតដល់​វា​ផ្កា​ស្លាប់​ដើម ទើប​យើង​ដាំ​សារជាថ្មី ។

​ការ​រើស​ពូជ​
– យក​ពូជ​ឫស្សីព្រៃ​ខ្នាត​ដើម​ទំហំ​ប៉ុន​ចុង​ភ្លៅ ។ ពូជ​នេះ​បើ​នៅ​ខេត្តកំពង់ធំ មាន​តាម​ដង​ស្ទឹងសែន ក្នុងស្រុក​ឈូក និង​ស្រុក​សន្ដាន់ ។​
– ពូជ​នេះ​ផល​ខ្ពស់ជាង​ឫស្សីស្រុក ប្រើការ​បាន​ច្រើនយ៉ាង​ជាង​ឫស្សីស្រុក ព្រោះ​ចំរៀក​វា​ត្រង់​ពុំ​ដូច​ឫស្សីស្រុក​ដែល​ចំរៀក​វា​វៀច​ជា ជង្គង់​ឆ្កែ​ទេ ។​
– វា​ជា​ពូជ​ព្រៃ ងាយ​ដាំ​ជាង​ឫស្សីស្រុក ។​
– គួរ​ដាំ​ចំរុះ ដោយ​ឫស្សីស្រុក​ខ្លះ ព្រោះ​ជួនកាល​គេ​ត្រូវការ​វា ហើយ​វា​មិនចេះ​ផ្លែ​ទេ អាច​ហូត​ផល​បាន​ក្នុង​រយៈពេល​យូរអង្វែង ។​


​ការ​សំរាំង​ពូជ​
– គល់​ពូជ​ត្រូវយក​ដើម​ខ្ចី​អាយុ ១​ឆ្នាំ គឺ​ដើម​ដែល​ពុំទាន់​ចេញ​ទំពាំង ។ បើ​យក​គល់​ចាស់​ដាំ​ពុំមាន​ផល​ល្អ​ឡើយ ព្រោះ​គ្មាន​ទំពាំង​ល្អ​ចេញ ។

– គេ​អាច​យក​ពូជ​ដាំ​បាន​ពី​របៀប ។ គឺ​របៀប​ដាំ​កំណាត់​គល់​ប្រវែង​មួយ​ម៉ែត្រ ឬ​១​សន្ទូង ឬ​ត្រឹមណា ដែល​ផុត​ទឹក​នា​រដូវវស្សា និង​មួយបែប​ទៀត​កាត់​យក​ថ្នាំង​ដាំ ។​
– បើ​ដាំ​គល់​អាច​ហូត​ផល​លឿន​ជាង​ដាំ​ថ្នាំង ២​ឆ្នាំ ។ តែ​គល់​ពូជ​មាន​តំលៃ​ខ្ពស់ជាង​ថ្នាំង និង​ពិបាក​រក​អោយបាន​ច្រើនណាស់ ។​
– នៅ​រដូវ​សំរក​ត្រូវ​ព្យាយាម​រក​ពូជ​ត្រៀម​ទុក ។ គឺ​គាស់​យក​គល់​អាយុ​១​ឆ្នាំ តែ​តាមពិត​វា​ទើបតែ​មាន​អាយុ​៦-៧​ខែ​តែប៉ុណ្ណោះ ។ កាត់​យក​មួយ​កំណាត់​ខាង​គល់​តាម​ស្រលាញ់ ។ រីឯ​ផ្នែក​ដើម រើសយក​ថ្នាំង​មាន​ភ្នែក​ធំ ពុំទាន់​បែកខ្នែង ។ ភ្នែក​ល្អ ជា​ភ្នែក​ដែល​មិន បែក​មិន​ស្អុយ ។​
– ប្រើ​រណា​អារ​ដែក ឬ​រណា​មុត​ធ្មេញ​ល្អិត ទើប​អារ​មិន​ផ្ទាត់​សាច់​ឫស្សី ។ អារកាត់​កណ្ដាល​សាច់ ដើម្បី​យក​មួយ​ថ្នាំងៗ តែ​ទុក​សាច់ លើ​ថ្នាំង​អោយ​វែង​ជាង​ក្រោម​ថ្នាំង​បន្តិច ដើម្បី​ដាក់​ទឹកបាន​ច្រើន ។​
– ពូជ​នេះ​បើ​ដឹក​ពី​ឆ្ងាយ​សូមកុំ​អាល​កាត់ ចាំ​ដល់ទី​ផ្សាំ​សឹម​កាត់​ខ្លី​រួច​ដោត​ផ្សាំ​ភ្លាម​លើ​ថ្នាល​ដែល​បាន​រៀប​ទុកជា​ស្រេច​នៅ​ជិត​ចំការ ។ ឬមួយ​យើង​កាត់​ជា​២-៣​កំណាត់ ដើម្បី​កុំ​ឲ្យ​ទើស​ទែង ទើប​ងាយស្រួល​ក្នុង​ការដឹក​តាម​រទេះ ឬ​ទូក តែ​សូម​គ្រប​ដោយ​សំបក​បាយ​ទទឹក ។​

​ការរៀប​ថ្នាល​
– ថ្នាល​ផ្សាំ​ត្រូវ​កាប់​ដី​ត្រ​សោះ​អោយ​ធូរ​ជំរៅ​មួយ​ចប លាយ​ជីកំប៉ុស​មួយ​បង្គី​ក្នុង​ដី​មួយ​ម៉ែត្រការ៉េ ។ ទី​ថ្នាល​ត្រូវធ្វើ​ដំបូល​ប្រក់​ធាង ដូង​ទើប​កូន​ឫស្សី​ពុំ​សូវ​ខូច ។​
– បោះបង្គោល​ចង​ស្នួ​មួយ​សំរាប់​ទប់​គល់​ឫស្សី​ពូជ​កុំ​ឲ្យ​រលំ ។​


​របៀប​ផ្សាំ​
– គល់​ពូជ​ត្រូវ​ដោយ​ចំងាយ​ពីគ្នា ០.៣០ ម៉ែត្រ កប់​ដី​លិច​ក្បាល​គល់​មួយ​ទះ ។​
– ថ្នាំង​ពូជ​ត្រូវ​កប់​ដី​បញ្ឆិត ដាក់​ភ្នែក​ឲ្យ​បែរ​ឡើងលើ ហើយ​ភ្នែក​នេះ​ត្រូវ​នៅ​ប៉ប្រាស់​លើដី ។ រន្ធ​កំណាត់​លើ​ថ្នាំង​ត្រូវ​ចាក់ទឹក​អោយ ពេញ ការពារ​កុំអោយ​ស្ងួត និង​ត្រូវ​ឧស្សាហ៍​ថែម​ទឹក​ផង ។​
– ផ្សាំ​រួច​ត្រូវ​ស្រោច​ទឹក​អោយ​ជោគ​រាល់ ៣​ថ្ងៃ ព្រមទាំង​គ្រប​សំរាម​ជួយ​វា​អោយ​ត្រជាក់​គល់ ។​
– តោង​ផ្សាំ​ពូជ​ទុកអោយហើយ​ស្រេច​នៅ​ខែ ១១-១២ ។​


​ការរៀប​រណ្ដៅ​
– រណ្ដៅ​ដាំ​ឫស្សី​ជីក​ដូចគ្នា​នឹ​រណ្ដៅ​ដាំ​ដំណាំ​ដ៍ទៃទៀត​ដែរ គឺ​យក​ខ្នាត ០.៨០ ម x ០.៨០ ម x ០.៨០ ម ។ ជ្រុំ​បាត​ហាល​ចោល​មួយ ខែ អោយស្លាប់​ពពួក​ផ្សិត និង​ដី​ខាងៗ​រណ្ដៅ​ប្រេះ​ស្រួយ ។​
– ដាក់​ជី​ក្រោល​កំរាស់​មួយ​ទះ​ជ្រុំ​លាយ​ជាមួយ​ដី​បាត​រណ្ដៅ​ដែល​បាន​ជ្រុំ​ទុក ។ ដាក់​កំទេច​ជញ្ជ្រាំង ចំបើង ឬ​ស្លឹកឈើ​កំរាស់ ២​តឹក ថែម​ជី​ក្រោល​ពីលើ​កំរាស់​មួយ​ទះ​ទៀត យក​ចបជីក​រ៉េះ​ដី​រណ្ដៅ​ទំលាក់​លប់​សើៗ ពី​លើដី​ក្រោល រួច​កាយ​ច្របល់ ។ ដាក់​កំទេច​ជញ្ជ្រាំង ឬ​ចំបើង​មួយ​ជាន់​ទៀត កម្រាស់​២​តឹក ទើប​រ៉េះ​ជ្រាំង​រណ្ដៅ​លប់ ហើយ​កាយ​ដី​លើ​លប់​ថែម​អោយ​ស្មើ​មាត់ រណ្ដៅ ។​
– សូត្រ​រៀប​រណ្ដៅ​របៀបនេះ​អោយ​ឆាប់​រួច​នៅ​ខែ​២ ដើម្បី​ទុកពេល​អោយ​ពួក​សម្រាម​ទ្រោម​ស្រុត​អស់អំណាច​វា ។​
– រៀប​រណ្ដៅ​របៀបនេះ ដើម្បីអោយ​កូន​ឫស្សី​ដុះ​បាន​លឿន​ក្នុង ៤-៥​ខែ​ដំបូង​ទើប​ឈ្នះ​ទឹកជំនន់​នៅ​ឆ្នាំ​ទី​១ ហើយ​ការដែល​វា​លូត លឿន​ទើប​វា​ឈ្នះ​ឧបសគ្គ​សព្វ​យ៉ាង ។​

ការ​ផ្សាំ​កូន​ដាក់​ជាល​
– ពេល​ក្បាលល្ងាច​ត្រូវ​ត្បាញ​ជាលភ្នែកគ្រួច​ឬ​វែង​ជា​ត្រក​ខ្នាត​ទទឹង​មាត់ ០.៣០​ម កំពស់ ០.៣០​ម ទុក​តាម​ចំនួន​គល់​ពូជ និង​ថ្នាំង​ពូជ ។ លុះ​ដល់ពេល​ឫស្សី​ចាប់​ចេញ​ឬ​ស យើង​ផ្ទេរ​ពូជ​មក​ដាក់​ជាល​វិញ ។​
– យក​ដីស​ណ្ដេ​ង ២​ភាគ លាយ​ជីកំប៉ុស ១​ភាគ ច្របល់​គ្នា​អោយ​សព្វ​សំរាប់​ផ្សាំ​ពូជ​ក្នុង​ជាល ។
– យក​ស្លឹកត្នោត ឬ​ស្រទបចេក​ស្ងួត​បាំង​ពាស​រន្ធ​ជាល ដើម្បី​កុំអោយ​ពិបាក​ហូត​ចេញ​នៅពេល​ដាំ ។​
– បោះបង្គោល​ចង​ស្នួ​ទប់​គល់​ពូជ​កុំ​ឲ្យ​រលំ​បាន ។​
– យក​ក្រណាត់​កៅស៊ូ​ចាស់​ក្រាល​លើដី​សិន សឹម​ដាក់​ជាល​ពីលើ ដើម្បី​កុំអោយ​ឬ​សវា​ចាក់ចេញ​ចុះរ​កដី ទើប​ពេល​យកទៅ​ដាំ​វា​មិន អន់ ។ ស្រោច​ទឹក​រាល់ ៣​ថ្ងៃ ។​
– នៅ​ដើមខែ ៤ ត្រូវ​រើ​គំរប​ម្លប់​ចេញ​ដើម្បីអោយ​កូន​ឫស្សី​ហាលថ្ងៃ​ស៊ាំ ។​
– ពូជ​ត្រៀម​នេះ​គិត​តាម​រណ្ដៅ ។ បើ​ដាក់ ៤​គល់​ក្នុង​មួយ​រណ្ដៅ ទើប​ហូត​ផល​បាន​ឆាប់ ហើយ​ចំណូល​ខ្ពស់ តែបើ​លទ្ធភាព​រក​ពូជ មិនបាន យើង​ដាំ​តែមួយ​គល់​ក្នុង​មួយ​រណ្ដៅ ។​
– ផ្នែក​ទឹក​ជ្រៅ​ត្រូវ​ត្រៀម​គល់​ពូជ ផ្នែក​ទឹក​រាក់​ត្រូវ​ត្រៀម​ថ្នាំង​ពូជ ។​

​ការដាំ​
– ត្រៀម​ពូជ​របៀប​ខាងលើ ដើម្បីអោយ​ពូជ​នេះ​ឈ្នះ​ភាពរាំងស្ងួត​ក្នុង​រដូវប្រាំង ក្នុង​ចន្លោះ​រដូវវស្សា និង​ឈ្នះ​ទឹកជំនន់​នា​រដូវវស្សា​ទី ១​ផង ។​
– នៅ​ចុងខែ​៤ ឬ​ដើមខែ​៥ យ៉ាង​យឺត យើង​ជាន់​អង្រួន​ពីលើ​រណ្ដៅ បង្កា​ក្រោយ​ដាំ​កុំ​ឲ្យ​វា​ស្រុត​ផុង កូន​ឫស្សី​ចុះ​ជ្រៅ​បាន ។ យក​ជីកំប៉ុស​១​បង្គី​លាយ​ច្របល់​ដី​សើ​លើ​ក្នុង​រណ្ដៅ ។​

– មុន​ដឹក​កូន​ទៅ​ដាំ​ត្រូវ​បង្អត់ទឹក​កូន ២-៣​ថ្ងៃ​សិន ដើម្បីអោយ​ដី​ក្នុង​ជាល​ស្ងួត​រឹង​ទើប​ដឹកជញ្ជូន​មិន​បែក ហើយ​កូន​ឫស្សី​ក៏​ស៊ាំ​ក្ដៅ​ផង ។​
– ចុងខែ​៤ ត្រូវ​ស្រូត​ដាំ​អោយ​រួច ទើប​កូន​ឫស្សី​មាន​ពេល​លូតលាស់​នៅ​រណ្ដៅ​បានយូរ ដែល​ធ្វើអោយមាន​ភាព​មាំទាំ​ឈ្នះ​ទឹក ។
– មុន​ដឹកជញ្ជូន​ត្រូវ​ចង​រុំ​ជាល​ជាថ្មី បង្កា​ក្រែង​វា​ដាច់ដាច នាំអោយ​កូន​ឫស្សី​អន់ ។​
– កាយ​រណ្ដៅ​ល្មម​ដាក់​កូន​លប់​ដី​វិញ អោយ​គល់​ឫស្សី​នៅ​ស្មើ​ផ្ទៃដី​ព្រោះ​រណ្ដៅ​វា​ប្រុង​តែ​ស្រុត​តិចតួច​ទៀត ។ បើ​ខ្វះ​អាចម៍ដី​លប់ រណ្ដៅ ត្រូវ​កោស​យក​ដីស្រទាប់លើ​មក​លប់​ទើប​កូន​ឫស្សី​លូតលាស់​លឿន ។​


​ការថែរក្សា​
– ដាំ​រួច ស្រោច​ទឹក​អោយ​ជោក គ្រប​សំរាម​ឬ​ស្លឹកឈើ​ងាប់ តែ​ជៀសវាង​កុំ​យក​ចំបើង​គ្រប ព្រោះ​ទាក់ទាញ​គោ ក្របី អោយមក​ស៊ី ។ ស្រៈ​ដោយ​កូនឈើ មែកឈើ បន្លា ជុំជិត​ដើម្បី​កុំ​ឲ្យ​គោ ក្របី ត្រសុល​ក្បាល​ចូល​ស៊ី​បាន ។​
– ចំណែកឯ​គល់​ពូជ បើ​ដាំ​៤​គល់​ក្នុង​១​រណ្ដៅ ត្រូវ​ផ្ដេក​ចុង​រកគ្នា​ហើយ​ចង ដើម្បី​កុំ​ឲ្យ​ខ្យល់​បោក​បាន ។ បើ​ដាំ​តែ​១​គល់ ត្រូវ​បោះ បង្គោល​មាំ​ចងវា ទើប​មិន​កំរើក​ដោយ​ខ្យល់ ។​
– ក្រោយ​ដាំ​រយៈពេល​២-៣​ខែ អាច​មានកូន​ទំពាំង​តូចៗ ចេញ​ខ្លះ ។ យើង​ត្រូវ​ដើរ​មើល​ជួយ​លើក​មែក​ឫស្សី​ចងអោយ​ផុត​ទឹកជំនន់ ទើប​វា​មិន​ស្លាប់ ។ ឬមួយ​បោះបង្គោល ចង​ទំពាំង​អោយ​ឈរ​ត្រង់​ទើប​កូន​ទំពាំង​នេះ​លូត​បាន​ខ្ពស់ ដែលនាំអោយ​វា​ឈ្នះ​ទឹក ។​
– ជំ​រះ​កាយ​ដី​ពូន​រណ្ដៅ​តិចៗ ដើម្បីអោយ​កូន​ឫស្សី​ឈ្នះ​ទឹក ។​

ការការពារ​
– គោក្របី​ចូលចិត្ត​ស៊ី​ទំពាំង និង​ស្លឹក​ឫស្សី ។ បើ​វា​ស៊ី​វា​ទា​ញក​ន្ទ្រា​ក់ ធ្វើអោយ​របើក​គល់​ងាប់ ឬ​មិន​លូតលាស់​បាន​ក្នុង​រយៈពេល​៤​ខែ ដំបូង​នេះ លុះ​ពេល​ទឹកជំនន់​ចូលដល់​វា​ទ្រាំ​មិនបាន ក៏​ស្លាប់ ។ ដូច្នោះ​របង​ការពារ​ចំការ​ជា​វិធានការណ៍​ចាំបាច់​បំផុត​នៅ​ឆ្នាំ​ទី​១ ។​
– នៅ​ឆ្នាំ​ទី​២ យើង​លែង​ព្រួយ​ពី​កូន​ឫស្សី​ស្លាប់​ហើយ តែ​បន្លា​ឫស្សី​ពុំទាន់​អាច​ការពារ​ទំពាំង​វា​បាន​នៅឡើយ​ទេ គឺ​គោក្របី​អាច​ត្រសុល​ក្បាល​ចូល​កាច់​ទំពាំង​បាន ។​
– ពូជ​ឫស្សី​នេះ ពី​ឆ្នាំ​ទី​៣ ទៅ​វា​អាច​ការពារ​ខ្លួន​វា​បាន ព្រោះ​វា​មាន​ដៃ​វែងៗ ជា​បន្លា​ធ្លាក់​សំ​យ៉ា​យ​ពី​កំពស់​២​ម៉ែត្រ ចុះក្រោម​ដល់​ដី ដែល​ធ្វើអោយ​គោក្របី​មិន​ហ៊ាន​ចូល​ជិត ។ ដូច្នោះ​យើង​នៅតែ​បញ្ហា​ការពារ​មិនអោយ​មនុស្ស​ចូល​លួច​ទំពាំង ។ បើ​ចំការ​លើសពី​កន្លះ​ហិច​តា​យើង​គួរ​ដាំ​ផ្នែក​ជុំវិញ​អោយ​ញឹក​ធ្វើជា​របង​ការពារ​មិនអោយ​មនុស្ស​ចូលក្នុង​បាន ។ តែ​ការដាំ​របៀបនេះ ត្រូវអោយ​ឆ្ងាយ​ពី​ព្រុំដី ដើម្បី​ជៀសវាង​ទំនាស់​ជាមួយ​អ្នកជិតខាង ឬក៏​ត្រូវរ៉ូវ​ជាមួយ​អ្នកជិតខាង​ដាំ ឫស្សី​ទាំងអស់គ្នា ។​
– ជុំវិញ​ចំការ​ត្រូវ​លើក​ភ្លឺ​កំពស់ ០.៣០​ម តែ​មិន​គត់​ទឹក ។ គឺ​គ្រាន់តែ​ការពារ​មិនអោយ​ស្លឹក​ឫស្សី ហូរ​ចេញ និង​រក្សា​ភាព​ជាំ​ក្នុង​ចំការ ដើម្បី​ការពារ​ស្លឹក​កុំអោយ​ឆេះ​ងាយ នឹង​ស្លឹក​ឆាប់​ពុក ក្លាយជា​ជី ។ ចន្លោះ​ជួរ​ត្រូវ​ជីក​គន្លង​ខ្វាត់ខ្វែង ដើម្បីអោយ​ជី​នឹង​ទឹក​ដក់ ។​
– សូម​ប្រយ័ត្ន​ភ្លើង​ឆេះ​ស្លឹក ដែលនាំអោយ​រាលដាល​ដល់​គល់​ងាប់ និង​ខូច​ដើម​ល្អ ។
– ពី​ឆ្នាំ​ទី​៣​ទៅ ជា​រៀងរាល់ខែ​១០ ឬ​១១ ត្រូវ​ឡើង​កាត់​រះ​សំអាត​ដៃឫស្សី​ពី​ត្រឹម​កំពស់ ៤ ម៉ែ​ត្រមក​១​ម៉ែត្រ ដើម្បី​កុំ​ឲ្យ​ដៃ​ទំពាំង​ថ្មី វា​វែង​ហើយ​រឹង​ទាន់ ទើប​ដល់ពេល​កាប់​ដើម​អាច​ងាយស្រួល​ច្រើន ។ ដៃឫស្សី​នេះ​ចង​ទាំង​បន្លា ជា​កូន​បាច់​តូចៗ​ប៉ុនកដៃ សំរាប់ធ្វើ ជា​អុស​ដុត ។​


ការ​ហូត​ផល​
– បើ​ដាំ​គល់​អាច​ហូត​ផល​បាន​បណ្ដើរៗ នៅ​ឆ្នាំ​ទី​៤ តែបើ​ដាំ​ថ្នាំង​ត្រូវ​យឺត​ជាង​២​ឆ្នាំ ។​
– ពេល​យក​ផល​ត្រូវ​ទុក​ដើម​ខ្ពស់​អាយុ​១​ឆ្នាំ​ទាំងអស់ សំរាប់​ទំពាំង​សារ​ក្រោយ​លូត​ស្រោង​តាម ទើប​ឫស្សី​សារ​ក្រោយ​បាន​ធំ​វែង​ត្រង់ ។​
– បើ​កា​ប់យក​ច្រើនពេក ទំពាំង​សារ​ក្រោយ​ច្រើន​បាក់​ចុង ដែលនាំអោយ​សាច់​វា​នៅតែ​ខ្ចី​ប្រើ​មិនកើត ពុំ​លូតលាស់​វែង​បាន ដើម​តូច កោង ដែលជា​របស់​ពុំមាន​តំលៃនៅលើទីផ្សារ ។​
– ត្រូវ​រះ​មែក​កាប់​ចិញ្ច្រាំ​កំទេច​អោយ​ស្រលះ​នៅ​កំពស់​១​ម៉ែត្រ សឹម​កាប់​ដើម​ឫស្សី​យក ទើបបាន​ដើម​ឫស្សី​វែង ។ អ្នកខ្លះ​ធុញទ្រាន់​ពុំ តស៊ូ​នឹង​ចិញ្ច្រាំ​ដៃ​បន្លា​វា​អោយទាប​សឹម​កាប់ ក៏​កា​ប់យក​ដើម​នៅ​កំពស់ ៤​ម៉ែត្រ​ពី​ដី ។ ធ្វើ​របៀបនេះ​នាំអោយ​ទំពាំង​ដុះ​វៀច​កោង​ផ្នែក គល់ ដែល​ឆ្នាំក្រោយ​យើង​ពុំ​អាច​កាប់​យក​ប្រើ​កើត ព្រោះ​វា​វៀច​ប្រើការ​ពុំបាន នាំ​ខាត​បង់ធំ​ណាស់ ដោយ​តំលៃ​ឫស្សី​ឋិត​នៅត្រង់ ធំ វែង ត្រង់ ចុះបើ​យើង​បាត់​ផ្នែក​ខាង​គល់​ធំ​អស់​៣​ម៉ែត្រ​ហើយ​វា​នឹង​ធ្វើអោយ​អ្នកទិញ​ទំលាក់​ថ្លៃ ។​
– យើង​ហូត​ផល​ឫស្សី​ដោយ​រង់ចាំ​អ្នកទិញ​មក​តថ្លៃ នេះ​ឃើញថា ល្អ​ជាង​មុខ​ដំណាំ​ដទៃ ។ អ្នក​នៅតាម​ដង​ទន្លេ ស្ទឹង ព្រែក គួរ​ដាំ​ឫស្សី​នៅ​ផ្នែក​ទឹក​ជ្រៅ ឬក៏​ដាំ​ឫស្សី​ធ្វើជា​របង​កសិដ្ឋាន​គ្រួសារ វា​ក្លាយជា​មហាកំពែង​របស់​យើង ។​
– បើ​យើង​មាន​ពេលទំនេរ គួរ​កែច្នៃ​វា​សិន ដូចជា​ការ​ពុះ​ជា​រនាប ការ​ត្បាញ​ជា​ផ្ទាំង ប្រដាប់​ប្រើ​តូចៗ ដូចជា​ប្រដាប់​គោះ​បារី​…​។​ល​។