ចំណតទូក​នេសាទ​ក្នុង​ក្រុង​កំពត​ក្លាយជា​កន្លែង​អតិថិជន​ទិញ​ម្ហូប​សមុទ្រ​ស្រស់​ដ៏​គាប់ចិត្ត​

480

(​កំពត​)៖​ភ្ញៀវ​មកពី​ចម្ងាយ​ភាគច្រើន​ពិតជា​មិនទាន់បាន​ស្គាល់​ចំណតទូក​នេសាទ​ជា​កន្លែង​ដែល​អ្នកក្រុង​កំពត​តែង​ទទួល​ទិញ​ម្ហូប​សមុទ្រ​ស្រស់ៗ​ពោរពេញ​ដោយ​គុណភាព​នៅឡើយ​ទេ​ដ្បិត​ទីនោះ​មាន​ភាព​កុះករ​ជា​លក្ខណៈ​ផ្សារ​លក់ទំនិញ​ត្រឹម​រយៈពេល​ប្រហែល​មួយ​ម៉ោង​កន្លះ​រៀងរាល់​ព្រឹក​ព្រលឹម​ប៉ុណ្ណោះ​។​

​ចំណតទូក​អ្នកនេសាទ​សមុទ្រ​ស្ថិតក្នុង​ទឹកដី​ភូមិ​សុវណ្ណ​សាគរ​សង្កាត់​កំពង់​កណ្តាល​ក្រុង​កំពត​ចម្ងាយ​ប្រមាណ​៤០០​ម៉ែត្រ​ភាគខាងត្បូង​សាលាខេត្ត​កំពត បានក្លាយ​ជាទី​លក់​ទិញ​ដុំ​រាយ​នូវ​ត្រី មឹក ក្តាម បង្គា​នាពេល​បច្ចុប្បន្ន​ព្រោះតែ​បរិយាកាស​ល្អ បន្ទាប់ពី​ការវិនិយោគ​ឱ្យ​ក្រុមហ៊ុន​ឯកជន​គ្រប់គ្រង ជាមួយនឹង ការបង្កើត​សមិទ្ធផល​ផ្សេងៗ​លើដី​របស់​រដ្ឋ ក្រោយ​ផ្លាស់ប្តូរ​ចេញពី​ទីតាំង​ចាស់​ដែល​គ្មាន​អនាម័យ​នោះ​។​

​លោក​ទី វុទ្ធី ចៅសង្កាត់​កំពង់​កណ្តាល​បានរ​រៀបរាប់ថា នា​អំឡុងពេល​ចុងក្រោយ​នេះ កំពង់ផែ​ទូក នេសាទ​ក្នុង​មូលដ្ឋាន​របស់លោក​បាន​ក្លាយជា​កន្លែង​ទិញ​ម្ហូប​សមុទ្រ​ស្រស់ៗ​របស់​អ្នកក្រុង​កំពត​ដ៏​ពេញចិត្ត បំផុត​។
ប៉ុន្តែ​នៅទីនេះ ភាព​កុះករ​កើតឡើង​ពី​ម៉ោង​៥ និង​៣០​នាទី រហូតដល់​ម៉ោង​៧​ព្រឹក​ប៉ុណ្ណោះ គឺ​ចាប់ ផ្តើម​ពេល​ទូក​វិល​មកពី​សមុទ្រ​ចូល​ចំណត ហើយ​ផល​នេសាទ​ត្រូវគេ​ទិញ​លើក​យកទៅលក់​បន្ត​នៅ​កន្លែង ផ្សេងៗ​។ ម្ល៉ោះហើយ មានតែ​អ្នក​ក្រោក​ពី​ដេក​ដោយ​ប្រញាប់ប្រញាល់ ឬ​អ្នក​ហាត់ប្រាណ​លើ​សួនច្បារ​ក្បែរ នោះទេ​ដែល​អាច​ទិញ​បាន​ម្ហូប​ស្រស់ៗ​ទាំងនេះ​។

​លោក​ចៅសង្កាត់​បានបញ្ជាក់​ថា ទោះបី​មាន​កិច្ច​សហ ការ​តិចតួច​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន តែ​តាមរយៈ​ការណែនាំ​ក្រើនរំលឹក​ឃើញថា​ដំណើរការ​គ្រប់គ្រង​រប​ស់ ក្រុមហ៊ុន​ឯកជន​នេះ​ល្អប្រសើរ​ទាំង​ផ្នែកអនាម័យ សន្តិសុខ សណ្តាប់ធ្នាប់ និង​សោភ័ណភាព​គឺអាច​ទទួល យកបាន​។

តាម​ការ​សង្កេតឃើញ​ជាប្រចាំ ក្រោយពី​ម្ចាស់​ទូក​លក់ និង​ឈ្មួញ​ដឹក​ផល​នេសាទ​ចេញ​អស់ កម្លាំង​សម្អាត​តែងតែ​បាញ់​ទឹក​លាង​មិនឱ្យ​សល់​ក្លិនឆ្អាប​ស្អុយ​ដូច​ពេល​កំពង់ទូក​ទើបនឹង​កើតឡើង​ទេ​។
​លោក​ទី វុទ្ធី បានបញ្ជាក់​ទៀតថា ជាមួយនឹង​ការខិតខំ​របស់​អ្នកវិនិយោគ​ឃើញថា រហូតមកដល់​ពេលនេះ នៅក្នុង និង​ក្បែរ​បរិវេណ​ចំណតទូក​ទាំងមូល​មាន​សោភ័ណ​ភាពល្អ បន្ទាប់ពី​ការបង្កើតឡើង​នូវ​សមិទ្ធផល ផ្សេងៗ ហើយក៏​តែង​ឃើញ​មាន​ភ្ញៀវរ​បរទេស​មក​កម្សាន្ត គយគន់​ផល​សមុទ្រ និង​ទូក​នេសាទ​ផងដែរ​។

​អ្នកស្រី​ចាង វួ​ច ម្ចាស់​ក្រុមហ៊ុន​ហេង​រស្មី​ដែល​គ្រប់គ្រង​ចំណោត​ទូក​នេសាទ​បាន​រៀបរាប់ថា ក្រោយ អាជ្ញាធរខេត្ត​ផ្លាស់ប្តូរ​ទីតាំង​ផែ​ទូក​នេសាទ​ពី​ក្បែរ​សាលាខេត្ត ដើម្បី​លម្អ​សោភ័ណភាព​ក្រុង និង​រក្សា អនាម័យ​បរិស្ថាន បែរជា​កន្លែង​ថ្មី​នេះ​ហាក់​មាន​ភាពអនាធិបតេយ្យ គ្មាន​ការសម្អាត ព្រមទាំង​ប៉ះពាល់​ដល់ សុខភាព​អ្នក​រស់​ជិតខាង​ព្រោះតែ​បរិយាកាស​មិនល្អ​។

​ស្របពេល​អាជ្ញាធរ​ខេត្តកំពត​ស្វែងរក​ដៃគូ​ទើប​ក្រុមហ៊ុន​ហេង​រស្មី​របស់​អ្នកស្រី​សម្រេច​វិនិយោគ​ដោយបាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ អ្នកស្រី​បាន​បន្តទៀតថា ទោះបី​ដំណើរការ​ជាង​មួយឆ្នាំ​មកហើយ​ក្តី តែ​ក្រុមហ៊ុន​មិនទាន់​អនុវត្តតាម​សៀវ ភៅ​បន្ទុក​មួយរយ​ភាគរយ​នៅឡើយ ដូចជា ការតម្រូវ​ឱ្យ​ទូក​មួយគ្រឿង​បង់​ពីរពាន់​រៀល ពេល​ចូល​ចំណត ម្តងៗ​។

អ្នកខ្លះ​បាន​បង់​ឱ្យ អ្នកខ្លះ​ក៏​អនុគ្រោះ ដោយ​មើល​តាម​ស្ថានភាព​ជាក់ស្តែង​ក្នុងចំណោម​ទូក​ប្រហែល ជាង​៨០​គ្រឿង​ដែល​ចូល​ជាប្រចាំ​នោះ​។ គោលបំណង​របស់​ក្រុមហ៊ុន គឺ​ចូលរួម​ធ្វើឱ្យ​ទីក្រុង​មាន​សោភ័ណ ភាព អនាម័យ ជួយ​ប្រជា​នេសាទ​ឱ្យមាន​កន្លែង​ដាក់​ផល​នេសាទ​សម្រាប់​លក់ ក៏ដូចជា​រក្សា​ត​ម្លែ​បានល្អ ពិសេស​កាត់បន្ថយ​ការចំណាយ​សម្រាប់​ដឹក​យកទៅលក់​នៅ​កន្លែង​ផ្សេងៗ​។​

អ្នកស្រី​ចាង វួ​ច​បាន​អំពាវ នាវ​ដល់​ភ្ញៀវ​ជិត​ឆ្ងាយ​ថា ក្នុងករណី​ចង់បាន​ម្ហូប​សមុទ្រ​ស្រស់ៗ ពុំមាន​ដាក់​សារធាតុ​បំប៉ន ឬ​ថ្នាំ​គីមី​ផ្សេងៗ​ដែលនាំឱ្យ​ប៉ះពាល់​សុខភាព​នោះ សូម​អញ្ជើញ​មករក​ទិញ​ត្រី មឹក ក្តាម បង្គា​របស់​អ្នកនេសាទ​ផ្ទាល់​ដោយ​តម្លៃ​ទាប​ជាង​កន្លែង​ដទៃ ហើយ​ប្រញាប់​រូតរះ​នាពេល​ព្រឹក​ព្រលឹម​។

ជាមួយគ្នានេះដែរ អ្នកស្រី​ក៏បាន​អំពាវនាវ​ចំពោះ​អ្នកលក់ និង​អតិថិជន​ទាំងអស់​មេត្តា​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ដើម្បី​ទាំងអស់គ្នា ដោយ​ក្រុមហ៊ុន​មាន​ធុងសំរាម​គ្រប់គ្រាន់​សម្រាប់​ទទួល​សំណល់​ផ្សេងៗ​។ អ្នកស្រី​ចាង វួ​ច បញ្ជាក់ថា ទីនេះ​ក៏​ជា ផ្នែក​មួយ​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ផងដែរ​៕

ចំណតទូក​នេសាទ​ក្នុង​ក្រុង​កំពត​ក្លាយជា​កន្លែង​អតិថិជន​ទិញ​ម្ហូប​សមុទ្រ​ស្រស់​ដ៏​គាប់ចិត្ត​(រូប៖បូកគោ)