ចំណាត់ការ​របស់​ចិន​ក្នុង​ការផ្អាក​យន្តហោះ Boeing 737 MAX 8 បង្ហាញ​ពី​ឥទ្ធិពល​ដ៏​ខ្លាំង​របស់​ចិន​ក្នុង​វិស័យ​អាកាសចរណ៍​លើ​ពិភពលោក​

373
ចែករម្លែក
  • 148
    Shares

​តួនាទី​ដ៏​សំខាន់​របស់​ចិន​ក្នុង​ការផ្អាក​យន្តហោះ​មាន​បញ្ហា​ធុន Boeing 737 MAX 8 បានបង្ហាញ​ពី​ឥទ្ធិពល​របស់​ចិន​នៅក្នុង​វិស័យ​អាកាសចរណ៍​សកលលោក និង​ប្រហែលជា​អាច​ផ្តល់ឱ្យ​ចិន​នូវ​ប្រៀប​ចំណេញ​បន្ថែមទៀត​លើ​ការចរចា​ពាណិជ្ជកម្ម​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​

​ចិន​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​របស់ខ្លួន​ផ្អាក​យន្តហោះ​ធុន​នេះ​កាលពី​ថ្ងៃទី ១១ ខែមីនា ពោលគឺ​មួយថ្ងៃ​គត់ បន្ទាប់ពី​ការធ្លាក់​យន្តហោះ Boeing 737 MAX 8 របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេ​ត្យូ​ពី​។​

​ចំណាត់ការ​របស់​ចិន​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ក្លា​ខណៈដែល​ប្រទេស​ដទៃទៀត​បានធ្វើ​តាម​ចិន​ដែរ បន្ទាប់ពី​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ធុន​នេះ​ជា​លើក​ទី ២ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ខែ និង​កើតឡើង​ពីរ​ថ្ងៃ មុនពេល​រដ្ឋបាល​ត្រាំ​និង​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ (FAA) បាន​បញ្ជា​ឱ្យ​ផ្អាក​យន្ដហោះ​នេះ​។​

​ស្ថានភាព​នេះ​បានធ្វើ​ឱ្យគេ​ជ្រួញ​ចិញ្ចើម​ឆ្ងល់​គ្រប់គ្នា ដោយសារតែ​ចិន​តែង​ទទួលយក​កំណត់សម្គាល់​ពី FAA តាំងពីណា​ពី​ណី​មក ជាពិសេស​ដោយសារតែ​និយតករ​សុវត្ថិភាព​ផ្លូវអាកាស​របស់​អាមេរិក​មួយ​នេះ​ដឹង​ច្បាស់​អំពី​យន្តហោះ Boeing ។​

​ក្រុមអ្នកវិភាគ​អាកាសចរណ៍​និយាយថា ដោយ​កុំ​គិតពី​សង្គ្រាម​ពាណិជ្ជកម្ម​ឬ​ការប្រកួតប្រជែង​រវាង​មហាអំណាច វា​គឺជា​ការ​ចំណាត់​ការដែល​ចិន​ត្រូវតែ​ធ្វើ​។​

​បច្ចុប្បន្ន​ប្រទេស​ចិន​មាន​វិស័យ​អាកាសចរណ៍​រីកចម្រើន​ឆាប់រហ័ស​បំផុត​នៅលើ​ពិភពលោក​ដោយសារតែ​ការរីកចម្រើន​ថ្កុំ​ថ្កើ​ន​ខ្លាំង​បាន​ជំរុញឱ្យមាន​ការធ្វើដំណើ​រ​ទៅ​ក្រៅប្រទេស​ក្នុងចំណោម​ប្រជាជន​ដ៏​ច្រើន​របស់ខ្លួន ដែល​កាល​ពីមួយ​ជំនាន់​មុន ប្រជាជន​ចិន​រកតែ​អាហារ​សម្រាប់តែ​ផ្គត់ផ្គង់​ក្រពះ​ស្ទើរតែ​មិនបាន​ផង​។​

​គ្រោះថ្នាក់​អាកាសចរណ៍​នៅលើ​ផ្ទៃមេឃ​របស់​ចិន​អាច​នឹង​ក្លាយជា​គ្រោះមហន្តរាយ​មួយ​សម្រាប់​រដ្ឋាភិបាល​កុម្មុយនីស្ត​។​

​លោក ចា​ណេ​ស ចា​ណាត​ហា​ណាន់ (Janesh Janardhanan) នាយក​ផ្នែក​អាកាសចរណ៍ ការពារ​ដែនអាកាស និង សុវត្ថិភាព​ផ្លូវអាកាស​នៅ​ក្រុមហ៊ុន Frost & Sullivan និយាយថា “​ចិន​ក្នុងនាម​ជា​ប្រទេសមួយ​ត្រូវតែ​យកចិត្តទុកដាក់​លើ​សុវត្ថិភាព​។ អ្នក​អាច​ព្យាយាម​ស្វែងយល់​បន្ថែមទៀត​…​ប៉ុន្តែ​នេះ​ជា​ប្រទេសមួយ​ដែល​ផ្តល់​អាទិភាព​ខ្ពស់​លើ​សុវត្ថិភាព​ជាង​អ្វីៗ​ទាំងអស់ ដោយសារតែ​ទំហំ​នៃ​ទីផ្សារ​។ វា​មិនមែនជា​ប្រតិកម្ម​ដាច់ដោយឡែក​តែឯង​នោះទេ ពីព្រោះ​ប្រទេស​ជាច្រើន​ទៀត​ក៏បាន​ធ្វើតាម​ចិន​ដែរ​”៕ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ ដេលី​មែ​ល​