ចំណាយពេល​ច្រើនពេក​លើ​ស្មា​ត​ហ្វូ​ន នាំឱ្យ​កើត​ជំងឺ​ធាត់​និង​ជំងឺ​កាច​សហាវ​ដទៃទៀត​

690
ចែករម្លែក

​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួ​បាន​រាយការណ៍​ថា ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ការ​ញៀន​នឹង​ស្មា​ត​ហ្វូ​ន​អាច​បណ្តាលឱ្យ​ឡើង​ទម្ងន់​យ៉ាងធ្ងន់ធ្ងរ​និង​ឈានដល់​ការកើត​ជំងឺ​ដ៏​កាច​សហាវ​ជាច្រើន​។​

​យោងតាម​ក្រុម​អ្នកស្រាវជ្រាវ​កូ​ឡុំ​ប៊ី​បានឱ្យដឹងថា ក្មេង​ជំទង់​ដែល​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ប្រាំ​ម៉ោង​ឬ​ច្រើនជាង​នេះ​ក្នុង​មួយថ្ងៃ កើន​ហានិភ័យ ៤៣ ភាគរយ​ក្នុង​ការកើត​ជំងឺ​ធាត់​និង​មាន​បញ្ហា​ដទៃទៀត​ទាក់ទង​នឹង​បេះដូង​។​

​លោកស្រី មី​រ៉ា​រី ម៉ាន់​ធី​ល​ឡា ម៉ូ​រ៉ូ​ន អ្នកឯកទេស​ខាង​ស្តារនីតិសម្បទា​ផ្នែក​សរសៃឈាម​បេះដូង​នៅឯ​សាកលវិទ្យាល័យ​សាយ​ម៉ុ​ន​បូ​លី​វ៉ា (SBU) ក្នុងប្រទេស​កូ​ឡុំ​ប៊ី បាន​និយាយថា “​ការ​ចំណាយពេល​ច្រើនពេក​នៅមុខ​ស្មា​ត​ហ្វូ​ន​ជួយ​សម្រួល​ឱ្យមាន​ឥរិយាបថ​អង្គុយ​ច្រើន​និង​កាត់បន្ថយ​ពេលវេលា​សម្រាប់​ការហាត់​ប្រាណ ដែល​បង្កើន​ហានិភ័យ​នៃ​ការស្លាប់​មុន​អាយុ ការកើត​ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង ជំងឺមហារីក ភាពមិន​ស្រួល​ក្នុង​ឆ្អឹង និង​រោគសញ្ញា​ទាក់ទង​នឹង​សាច់ដុំ​”​។​

​ការសិក្សា​នេះ​មានការ​ចូលរួម​ពី​និស្សិត​ចំនួន ១.០៦០ នាក់ ស្រី ៧០០ នាក់​និង​បុរស ៣៦០ នាក់ ដែលមាន​អាយុ ១៩ ឆ្នាំ​និង ២០ ឆ្នាំ​មកពី​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​នៅ​សាកលវិទ្យាល័យ SBU ពី​ខែមិថុនា​ដល់​ខែធ្នូ​ឆ្នាំ ២០១៨​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា និស្សិត​ដែល​ចូលចិត្ត​កាន់​ស្មា​ត​ហ្វូ​ន “​ងាយ​នឹង​ផឹក​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ច្រើន ញ៉ាំ​អាហារ​កញ្ចប់ បង្អែម អាហារសម្រន់ និង មានការ​ថយចុះ​នូវ​សកម្មភាព​រាងកាយ​”​។​

​ការផ្សាភ្ជាប់​សក្តានុពល​រវាង​បច្ចេកវិជ្ជា​និង​ជំងឺ​ធាត់​គឺមាន​ភស្តុតាង​ល្មម​គ្រប់គ្រាន់​សម្រាប់​ការស្រាវជ្រាវ ខណៈ​មនុស្សពេញវ័យ​ជាង ១,៩ ពាន់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​បាន​លើស​ទម្ងន់​នៅ​ឆ្នាំ ២០១៦ ក្នុងនោះ​មាន​មនុស្ស ៦៥០ លាន​នាក់​កើត​ជំងឺ​ធាត់​។ នេះ​បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក​៕ ដោយ៖ កញ្ញាដាលីស

ប្រើ​ស្មា​ត​ហ្វូ​ន​ច្រើន​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ជំងឺ​ធាត់​និង​ជំងឺ​បេះដូង