ផលិតករលោក ងី ស៊ីប៉ាវ ដែលម្ចាស់ផលិតកម្មជីអិមហ៊ានចំណាយលុយរាប់ម៉ឺនដុល្លារក្នុងការធ្វើរឿង “កំប្លែង”មួយដែលប្រមូលផ្តុំដោយតារាល្បីៗទាំងអ្នកកំប្លែងនិងអ្នកសម្តែង ឱ្យផ្ទុះសើចម្តងសម្រាប់ទស្សនិកជនក្នុងឆ្នាំ២០១៧នេះ។
លោក ងី ស៊ីប៉ាវ ម្ចាស់ផលិតជីអឹម
ចាងហ្វាងផលិតកម្មជីអិម បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ក្នុងពិធីក្រុងពាលីថា រឿងខ្នាតធំ “ចង់ដឹងសាកមើល” របស់លោកនេះជាខ្សែភាពយន្តលើកដំបូងដោយលោកហ៊ានចំណាយដើមទុនរាប់សិបម៉ឺនដុល្លារអាមេរិកក្នុងផលិតខ្សែភាពយន្តមានគុណភាពនិងសម្រិតសម្រាំងទាំងតួល្បីយកមកលេងឱ្យផ្ទុះម្តងសម្រាប់ទស្សនិកជនមើលហើយមិនស្តាយលុយ។ លោកក៏រំពឹងទុករឿងនេះនឹងជោគជ័យខ្ពស់ដោយលោកមានសុទ្ធតួខ្លាំងនិងល្បីដែលលេងមិនឱ្យខកបំណងឡើយ។
លោក ងី ស៊ីប៉ាវ បានបញ្ជាក់ថា “ស្នាដៃទី១របស់ផលិតកម្មខ្ញុំនេះចំណាយដើមទុនជិត១០ម៉ឺនដុល្លារយើងគ្រោងនឹងចេញថតក្នុងពេលឆាប់ៗនេះ បន្ទាប់ពីទទួលអាជ្ញាប័ណ្ណពីក្រសួង ត្រៀមនឹងដាក់បញ្ចាំងនៅតាមរោងកុន នៅចុងឆ្នាំនេះ ប្រហែលជាខែ ១១ ឬខែ១២។ ក្រោយពីថតរឿងនេះចប់យើងគ្រោងនឹងផលិតខ្សែភាពយន្តភាគដាក់បញ្ចាំងនៅទូរទស្សន៍និងរឿងខ្នាតធំចាក់បញ្ចាំងនៅរោងកុនបន្ថែមទៀត”។
ផលិតកររូបបានប្រាប់ថា ភាពយន្តខ្នាតធំ “ចង់ដឹងសាកមើល” នេះចូលរួមសម្ដែងដោយ លោក ឃឹម វីម៉ា កញ្ញា ដួង ម៉ានិច លោក ម៉ាដូណា កញ្ញា និមល លោក លឹម រដ្ឋា នាយ ក្រូច នាយ ចាបចៀន ព្រមទាំងតារាសម្ដែងប្រុសស្រីជាច្រើនរូបទៀត។ រឿងនេះជាប្រភេទរឿងបង្ហាញពីក្បាច់គុនបុរាណខ្មែរបែបកំប្លែងសើចលាយឡំជាមួយឈុតឆាកស្នេហាផ្អែមល្ហែមរបស់តួឯកប្រុសស្រីក្នុងរឿងនេះដែលតួនីមួយៗសុទ្ធលេងខ្លាំងនិងល្អនឹងធ្វើផ្ទៃសាច់រឿងទាំងមូលល្អមើលជាមួយសំណើចតាំងពីដើមទី៕ដោយៈបូរិន/sn