ចំណុច​សំខាន់​ពីរ នៃ​ជំនួប​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​អង្គការសហប្រជាជាតិ​

172
ចែករម្លែក

ដោយ​: ពៅ និមល​
​ភ្នំពេញ​:
លោក ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​នីតិសម្បទា​និង​អភិវឌ្ឍន៍​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​កន្លងទៅនេះ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី ប៉ូ​លីន ថា​មេ​ស៊ី​ស អ្នកសម្របសម្រួល​ប្រព័ន្ធ​អង្គការសហប្រជាជាតិ (United Nations Resident Coordinator) នៅ​រាជធានី​ភ្នំពេញ​។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត​មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) ទទួលបាន​នៅ​រសៀល​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៩​នេះ បាន​លើកឡើងថា កិច្ចពិភាក្សា​នេះ ប្រព័ន្ធ​អង្គការសហប្រជាជាតិ​បាន​ឯកភាព​ធ្វើការ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​ទៅលើ​ចំណុច​សំខាន់​ចំនួន​ពីរ​គឺ ១.​ការកសាង​សមត្ថភាព​ស្ថាប័ន​ផ្នែក​ស្ថិតិ​ដោយ​ធ្វើការ​ពង្រឹងគុណភាព​ទិន្នន័យ និង​ចំណេះដឹង​អ្នក​ផលិត​និង​អ្នកប្រើប្រាស់​ទិន្ន​ន័​៧ ក៏ដូចជា​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ត្រួតពិនិត្យ តាមដាន និង​វាយតម្លៃ រួម​ម​ទាំង​ការកែទម្រង់​ការគ្រប់គ្រង និង​កសាង​សមត្ថភាព​ស្ថាប័ន​។ និង​ទី​២.​ការរៀបចំ​យុទ្ធសាស្ត្រ​វាយតម្លៃ​លើ​ការចំណាយ​តម​រយៈ​ការប៉ានស្មាន​លើ​ការចំណាយ​ធនធាន​សម្រាប់​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា និង​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ និង​ការ​កៀរគរ​ហិរញ្ញប្បទាន​ដោយ​រៀបចំ​ក្របខណ្ឌ​ហិរញ្ញប្បទាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​។ ការសម្រេចបាន​នូវ​ការងារ​អាទិភាព​ទាំងនេះ នឹង​ជម្រុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួលបាន​ធនធាន ទិន្នន័យ និង​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​តាមដាន និង​វាយតម្លៃ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ប្រសិទ្ធភាព និង​ចីរភាព​កម្ពុជា​។​

​គួរ​បញ្ជាក់ថា គោលបំណង​នៃ​ជំនួប​ខាងលើនេះ គឺ​ផ្តោតទៅលើ​របៀបវារៈ​មួយចំនួន ដូចជា​ការតាមដាន​វ​ឌ្ឍ​នភា​ព នៃ​សំណើរ​របស់​រដ្ឋាភិបាល​ដែល​បានលើកឡើង ក្នុង​វេទិកា​នយោបាយ​កម្រិត​ខ្ពស់​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព (HLPF) និង​ការត្រៀមខ្លួន​សម្រាប់​វេទិកា​នយោបាយ​កម្រិត​ខ្ពស់​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​(HLPF) ដែល​នឹង​រៀបចំ​នៅ​ខែកញ្ញា ឆ្នាំ​២០១៩​ខាងមុខ​៕ ល​