ចំណូល​ពី​ប្រាសាទអង្គរវត្ត ទទួលបាន​ជាង ៦,៧ លាន​ដុល្លារ នៅ​ខែឧសភា​

1845
ចែករម្លែក
  • 107
    Shares

.៥​ខែ ក្នុង​ឆ្នាំ​២០១៨ ចំណូល​សរុប​ជិត ៥៥​លាន​ដុល្លារ​

​ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: គ្រឹះស្ថាន​អង្គរ បានប្រកាសថា នៅ​ខែឧសភា ឆ្នាំ​២០១៨ មាន​អ្នកទេសចរ​បរទេស ចំនួន ១៥៥.១៩៦ នាក់ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដោយ​ទទួលបាន​ចំណូល​សរុប ៦.៧៣៨.០៧២ ដុល្លារ​។ ក្នុងនោះ ចំណូល​នៅ​ខែឧសភា ត្រូវបាន​ឧបត្ថម្ភ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា សម្រាប់​ខែឧសភា មាន​ចំនួន ៣១០.៣៩២ ដុល្លារ​។
​គ្រឹះស្ថាន​អង្គរ បានប្រកាសថា ចំនួន​ភ្ញៀវទេសចរ​បរទេស ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ក្នុង​ខែឧសភា ឆ្នាំ​២០១៨ ចំនួន ១៥៥.១៩៦ នាក់ បាន​កើន ៥,៥៧% ធៀប​នឹង​ខែឧសភា ឆ្នាំ​២០១៧​។ រីឯ​ចំណូល នៅ​ខែឧសភា ឆ្នាំ​២០១៨ ដែលមាន​ចំនួន ៦.៧៣៨.០៧២ ដុល្លារ បាន​កើន ១,១៦% ធៀប​នឹង​ខែឧសភា ឆ្នាំ​២០១៧​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ក៏បាន​បង្ហាញថា រយៈពេល ០៥ ខែ ចាប់ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​២០១៨ ចំនួន​ភ្ញៀវទេសចរ​បរទេស និង​ចំណូល ដែល​ទទួលបាន​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ រួមមាន​៖ ចំនួន​ភ្ញៀវ មាន ១.២០៦.១៨៨ នាក់ កើន ១០,៤២% ធៀប​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៧ និង​ចំណូល​សរុប ចំនួន ៥៤.៩៩៣.៣៩១ ដុល្លារ កើន ១៩,៧៨% ធៀប​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៧​។​

​ជាមួយគ្នានេះ គ្រឹះស្ថាន​អង្គរ ក៏បាន​ប្រកាសថា ក្នុង​រយៈពេល ៥ ខែ គិត​ចាប់ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​២០១៨ ចំណូល​ត្រូវបាន​ឧបត្ថម្ភ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា មាន​ចំនួន​សរុប ២.៤១២.៣៧៦ ដុល្លារ​។​
​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ បានបង្ហាញ​ពី​ចំនួន​អ្នកទេសចរ​បរទេស និង​ចំណូល ក្នុង​ខែ​នីមួយៗ ក្នុង​រយៈពេល ៥ ខែ ក្នុង​ឆ្នាំ​២០១៨ រួមមាន​៖ ខែមករា ឆ្នាំ​២០១៨ ភ្ញៀវទេសចរ​បរទេស ២៩៤.៨១៣ នាក់ ចំណូល ១៣.៤៧៩.៦៨៦ ដុល្លារ​។ ខែកុម្ភៈ ឆ្នាំ​២០១៨ ភ្ញៀវទេសចរ​បរទេស ២៩៥.៣៨៩ នាក់ ចំណូល ១៤.០០៩.០៦៨ ដុល្លារ​។ ខែមីនា ឆ្នាំ​២០១៨ ភ្ញៀវទេសចរ​បរទេស ២៦៨.៣៧៨ នាក់ ចំណូល ១២.១៦៨.០៥៦ ដុល្លារ​។ ខែមេសា ឆ្នាំ​២០១៨ ភ្ញៀវទេសចរ​បរទេស ចំនួន ១៩២.៤១២ នាក់ ចំណូល ៨.៥៩៨.៥០៩ ដុល្លារ​។ ខែឧសភា ឆ្នាំ​២០១៨ ភ្ញៀវទេសចរ​បរទេស ចំនួន ១៥៥.១៩៦ នាក់ ចំណូល ៦.៧៣៨.០៧២ ដុល្លារ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ ក៏បាន​បង្ហាញ​ពី​ចំណូល ដែល​ត្រូវបាន​ឧបត្ថម្ភ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា ចាប់ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​២០១៨ សរុប​ចំនួន ២.៤១២.៣៧៦ ដុល្លារ​។ ក្នុងនោះ រួមមាន​៖ ខែមករា ឆ្នាំ​២០១៨ ចំនួន ៥៨៩.៦២៦ ដុល្លារ​។ ខែកុម្ភៈ ឆ្នាំ​២០១៨ ចំនួន ៥៩០.៧៧៨ ដុល្លារ​។ ខែមីនា ឆ្នាំ​២០១៨ ចំនួន ៥៣៦.៧៥៦ ដុល្លារ​។ ខែមេសា ឆ្នាំ​២០១៨ ចំនួន ៣៨៤.៨២៤ ដុល្លារ​។ ខែឧសភា ឆ្នាំ​២០១៨ ចំនួន ៣១០.៣៩២ ដុល្លារ​។​

​សូម​រម្លឹកថា រាជរដ្ឋាភិបាល​កម្ពុជា បាន​កែប្រែ​តម្លៃ​លក់​ប័ណ្ណ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៧ ដោយ​ចែកជា ៣​ប្រភេទ​៖ ១- ប្រភេទ​ប័ណ្ណ​ចូល​ទស្សនា ១​ថ្ងៃ មានតម្លៃ ៣៧​ដុល្លារ ២-​ប្រភេទ​ប័ណ្ណ​ចូល​ទស្សនា ៣​ថ្ងៃ មានតម្លៃ ៦២​ដុល្លារ និង​មាន​សុពលភាព ១០​ថ្ងៃ និង​៣-​ប្រភេទ​បណ្ណ ចូល​ទស្សនា ៧​ថ្ងៃ មានតម្លៃ ៧២​ដុល្លារ និង​មាន​សុពលភាព ០១​ខែ​។ ក្នុងនោះ រាជរដ្ឋាភិបាល ក៏បាន​សម្រេច​ដក ២ ដុល្លារ ក្នុង​ប័ណ្ណ​មួយ សម្រាប់​ឧបត្ថម្ភ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៧​។​

​រាជរដ្ឋាភិបាល តាមរយៈ​គ្រឹះស្ថាន​អង្គរ ដែលជា​ក្រុមហ៊ុន​របស់​រាជរដ្ឋាភិបាល ទទួលបន្ទុក​លក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ បានប្រកាសថា នៅ​ឆ្នាំ​២០១៧ អ្នកទេសចរ​បរទេស ចំនួន ២.៤៥៧.០២៣ នាក់ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​កើនឡើង ១១,៨២​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦​។ នៅ​ឆ្នាំ​២០១៧ ចំណូល​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ ទទួលបាន​សរុប​ចំនួន ១០៧.៩៧៦.៤៣៩ ដុល្លារ គឺ​កើនឡើង ៧២,៥៤ ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦៕ ល​

#