ចំណេរ​, ចំណូល​, ចំណារ​, ចតុម្មុខ​, ចន្ទ​, ច័ន​, ចំណាយ​, ចត្រង្គ​, ឆន្ទៈ​, ឆត្រ​, ឆ្មា​, ឆៃប៉ូវ​, ឆ្អើរ​

2524
ចែករម្លែក

​ចំណេរ ( ន​. ) ដំណើរ​ប្រព្រឹត្តទៅ​នៃ​កាល​តទៅ​ខាងមុខ​, អំណើះ លុះ​ចំណេរ​តម​ក​, ចំណេរ​ទៅខាង​មុខ​, (​បុរាណ​សរសេរ ចំ​ណិ​រ អនុលោម​តាម ចិ​រ​, ចី​រ​) ។

​ចំណូល ( ន​. ឬ គុ​. ) ដំណើរ​ដែល​ចូល​, ដែល​ទើបនឹង​ចូល​ថែម​មក : ប្រាក់ចំណូល​, មនុស្ស​ចំណូល ។ សេចក្ដី​ចូលចិត្ត​បរិភោគ : អញ្ជើញ​ពីសា​តាម​ចំណូល ។

​ចំណារ ( ន​. ) ការដែល​គេ​ចារ​; អក្សរ​ដែល​គេ​ចារ​; ចម្រឹង​ទាំងឡាយ​ដែល​គេ​ចារ ឲ្យ​មាន​ព្រំ​ចារឹក (​ម​. ព​. ចារ ១ កិ​. ផង​) ។

​ចតុម្មុខ ចៈ​-​តុម​-​មុក បា​.; សំ​. ( ន​. ឬ គុ​. ) (​ចតុ​ម៌ុ​ខ​) មុខ ៤; ដែលមាន​មុខ ៤ ។ ឈ្មោះ​ទន្លេ​ប្រសព្វ​មុខ ៤ ដូច​យ៉ាង​ទន្លេ ៤ មុខ​នៅ​ក្រុងភ្នំពេញ : ទន្លេចតុម្មុខ ។ ឈ្មោះ​ព្រះបរមរាជវាំង​នៅ​ក្រុងភ្នំពេញ​សព្វថ្ងៃនេះ : ព្រះបរមរាជវាំង​ចតុម្មុខ ឬ ព្រះបរមរាជវាំង​ចតុ​ម៌ុ​ខ (​តាម​ទម្លាប់​ដែល​សរសេរ​រៀងមក​ថា ចតុរមុខ ក៏មាន ជា ចតុមុខ ក៏មាន​) ។ ក្រុងភ្នំពេញ ដោយមាន​ទន្លេ​ប្រសព្វ​មុខ​៤ នៅ​ចំ​ពី​ខាងមុខ​ហៅថា ក្រុង​ចតុម្មុខ ឬ ក្រុង​ចតុ​ម៌ុ​ខ ឬក៏ ចតុម្មុខ​នគរ​, ចតុ​ម៌ុ​ខន​គរ ពុំនោះ​ជា នគរ​ចតុមុខ​, នគរ​ចតុ​ម៌ុ​ខ ដូច្នេះ​ក៏មាន ។

ចន្ទ ច័ន បា​. ( ន​. ) សភាវៈ​សម្រាប់​បំភ្លឺ ជា​ចម្បង​ជាង​ពន្លឺ​ទាំងអស់ ដែល​ភ្លឺ​ក្នុង​វេលាយប់ : ព្រះ​ចន្ទ​ពេញវង់ ហៅ​តាម​ពាក្យ​ធម្មតា​ថា លោក​ខែ​, ខែរះ​, ខែលិច​, ខែភ្លឺ ។

​ច័ន ( ន​. ) ឈ្មោះ​ឈើ​មាន​ផ្លៃ កាល​នៅ​ខ្ចី​មាន​រស​ចត់ លុះដល់​ទុំ មាន​ក្លិនក្រអូប​ប្រហើរ​ឈ្ងប់ មាន​រសផ្អែម​ប្រើ​ជា​បង្អែម ។ មាន ២ ប្រភេទ​គឺ មាន​ផែ្ល​មូល​, មាន​ផ្លែ​សំប៉ែត​ទ្រ​មៀ​ចៗ នេះ​ច្រើន​ហៅ មាក់ប៉ែន ពុំ​សូវ​ដែលមាន​គ្រាប់​ទេ ។ ចាន់​

ចំណាយ ( កិ​. ) ប្រើ​គេ​ឲ្យ​ចាយ​, ចេញ​ប្រាក់​ឲ្យ​ចាយ​, បរិច្ចាគ​ទ្រព្យ : ចំណាយ​ទ្រព្យ​ធ្វើបុណ្យ ឲ្យ​ទាន ។ ផ្លាស់​ឬ​លុប​ចេញពី​បញ្ជី : ចំណាយបញ្ជី ។ ( ន​. ឬ គុ​. ) ការចាយ​, ដំណើរ​ដែល ចាយ :​ចំណាយធនធាន​; របស់​ដែល​
​ចាយ : ប្រាក់​ចំណាយ ។

​ចត្រង្គ ច័​ត​-​ត្រង់ ( ន​. ) (​ក្លាយ​មកពី សំ​. បា​. ថា ចតុរង្គ “​មាន​អង្គ​បួន​”) ឈ្មោះ​ល្បែង​មួយ​យ៉ាង មានកូន ៣២ សម្រាប់​លេង​ដើរ​លើ​ក្ដារ​បួន​ជ្រុង​មាន​ក្រឡា ៦៤; បណ្ដា​កូន​ទាំង ៣២ នោះ​មានកូន ២ ហៅថា ខុន ទុកជា​ស្ដេច​ទ្រង់​រាជ្យ​, មានកូន ២ ហៅថា នាង ទុកជា​ព្រះ​អគ្គមហេសី​, មានកូន ៤ ហៅថា គោល ទុកជា​សេនាបតី ឬ មេទ័ព​, មានកូន ៤ ហៅថា សេះ​, មានកូន ៤ ហៅថា ទូក​, មានកូន ១៦ ហៅថា ត្រី ទុកជា​សេនា​ទាហាន​រេ​ហ៍ ពល​រៀប​ជា​របៀប​សេនា​កងទ័ព​មាន​អង្គ ៤ ជា​ល្បែង​សម្រាប់​លេង​ឲ្យ​ឈ្លាសវៃ​ក្នុង​កលឧបាយ របស់​អ្នក​ចម្បាំង​ក្នុងសម័យ​បុរាណ : ក្ដារ​ចត្រង្គ​, កូន​ចត្រង្គ​, ក្រឡាចត្រង្គ​, លេង​ចត្រង្គ​, អុកចត្រង្គ (​ម​. ព​. ចតុរង្គ ផង​) ។

​ឆន្ទៈ ឆ័ន​-​ទៈ សំ​. បា​. ( ន​. ) (​ឆន្ទ​) សេចក្តីប្រាថ្នា​; បំណង​; គំនិត​; ការយល់ព្រម … ។

​ឆត្រ ឆ័ត សំ​.; បា​. ( ន​. ) (​ឆ​ត្ត​) ប្រដាប់​មាន​ដង​ឆ្អឹង គន្លឹះ ពាស​សំពត់ បើក តម្លោះ​បិទ​បាន សម្រាប់​បើក​កាន់​បាំង​កម្ដៅថ្ងៃ​, បាំង​ភ្លៀង : បើក ឆត្រ​, បាំងឆត្រ តម្លោះឆត្រ ។ ថ្ងៃ​បាំងឆត្រ​, ខែ​បាំងឆត្រ គឺ​ពន្លឺ​មាន​កណ្តាប់​វង់​មូល​សណ្ឋាន​ដូចជា​មណ្ឌល​ឆត្រ ព័ទ្ធជុំវិញ​ព្រះអាទិត្យ​, ព្រះ ចន្ទ្រ … ។

ឆ្មារ ( គុ​. ) តូច​បំផុត​; សម្រាប់​ហៅ​វត្ថុ​ដែល​តូច​វែង​ឬ​សំឡេង​តូច​ស្រួច : សរសៃអំបោះ​ឆ្មារ​, សំឡេង​ឆ្មារ ។ (​ក្រូចឆ្មារ ក្រូច​ដើម​ទាប ផ្លែ​តូចៗ សម្រាប់​ប្រើការ​បាន​ច្រើនយ៉ាង​មានប្រើ​ធ្វើ​ម្ជូរ​ជ្រក់​ជាដើម ) ។

​ឆ្មា ( ន​. ) បសុសត្វ​ចតុប្បាទ​មួយ​ប្រភេទ​ជាស​ត្រូវ​នឹង​កណ្ដុរ (​ព​. ទ​. បុ​.) : ឆ្មា​មិន​នៅ​កណ្ដុរ​ឡើងរាជ្យ (​អ្នកធំ​មិន​នៅ​អ្នកតូច​តែង​ឡើងចាង​) ។

​ឆៃប៉ូវ ចិ​. ( ន​. ) ផ្អក​មើម​ឆៃថាវ គឺ​មើម​ឆៃថាវ ដែល​គេ​កាត់​ពុះ​ជា​បន្ទះៗ ហាលថ្ងៃ ឲ្យ​ស្រពាប់​ប្រឡាក់​អំបិល​ផ្អាប់​ទុក​យូរថ្ងៃ សម្រាប់​ប្រើ​ជា​ម្ហូបគោក បរិភោគ​ជាមួយនឹង​បបរ​ជាដើម ។

​ឆ្អើរ ( កិ​. ) ចម្អិន​ឬ​កម្ដៅ​ដោយ​ដាក់​លើរាន ដុត​ភ្លើង​ពីក្រោម ដើម្បី​នឹង​ទុក​ឲ្យ​បានយូរ ឬ​គ្រាន់តែ​ឲ្យ​ស្រស់​ស្ងួត​ទឹក : ឆ្អើរត្រី​, ឆ្អើរសាច់ ។ ដេក​ឆ្អើរភ្លើង ដេក​លើ​ដំណេក​ដែលមាន​ភ្លើង កម្ដៅ​ពីក្រោម ។ គុ​. ដែល​ឆ្អើរ​ស្រេច​ហើយ​, ដែល​ឆ្អិន​, ដែល​ក្រៀម​ដោយ​ឆ្អើរ : ត្រីឆ្អើរ​, សាច់​ឆ្អើរ ។

​ជាវ ( កិ​. ) លក់​ឬ​ទិញ (​ពាក្យ​គោរព​) : ជាវព្រះពុទ្ធរូប​, ជាវគម្ពីរ​, ជាវត្រៃចីវរ​, ជាវដី ។

​ជៀវ ( កិ​. វិ​. ) ទ្រហឹង​, អឺងអាប់​ដោយ​សម្ដី​មនុស្ស​ឬ​សត្វ​ស្លាប​ច្រើន : ស្រែក​ជៀវ​, សត្វ​ស្លាប​ស្រែក​ជៀវ ។ ជៀ​ជុំ ដែល​ជុំគ្នា​និយាយ​ឬ​ស្រែក​ជៀវ ។

​ជញ្ជឹង ជ​ញ់​-​ជឹ​ង ( កិ​. ) រិះគិត​, ត្រិះរិះ​, ពិចារណា​, រពឹង​, សម្រឹង​ទ្រឹង​គិត ។

សញ្ជឹង ( កិ​. ឬ កិ​. វិ​. ) ទ្រឹង​ជញ្ជឹងគិត​ដោយ​អាការ​ក្រៀមក្រំ : អង្គុយ​សញ្ជឹង​ធ្មឹង​ម្នាក់ឯង (​ម​. ព​. សញ្ជប់ ផង​) ។

​ជញ្ជក់ ជ​ញ់​-​ជក់ ( កិ​. ) ស្រូប​, បឺត ឲ្យ​ជក់​ចូល : កូនបៅ​ជញ្ជក់​ទឹកដោះ ។ ជញ្ជក់មាត់ ជញ្ជក់​មាត់ទទេ ។ ស៊ី​ជញ្ជក់មាត់ ទំពា​លេប​បណ្ដើរ​ជញ្ជក់មាត់​បណ្ដើរ ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​