ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ជា​ផ្នែក​មួយ​សំខាន់​នៃ​ជីវិត​និង​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​

382
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​បាន​លើកឡើងថា​ចំណេះដឹង​និង​ជំនាញ​ជា​មូលដ្ឋាន​ផ្នែក​ហិរញ្ញវត្ថុ​គឺ​ការចេះ​គិតគូរ​អំពី​ចំណូល​ចំណាយ​ព្រមទាំង​ចេះ​គិតគូរ​និង​ធ្វើ​ផែនការ​ចំណាយ​សមស្រប និង​ចំណូល​របស់ខ្លួន​ដែល​កត្តា​ទាំងនេះ​គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​នៃ​ជីវិត​និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។​

លោកស្រី​នាវ​ច័ន្ទ​ថា​ណា​ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា​លើកឡើង​បែបនេះ​នៅក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​២៣​មេសា​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ទី​២​ថា​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ សំដៅ​ដល់​ចំណេះដឹង​និង​ជំនាញ​គ្រប់គ្រង​ក្នុងការ​ចាត់ចែង​និង​ការធ្វើផែនការ​ផ្នែក​ហិរញ្ញវត្ថុ ឱ្យបាន​ត្រឹមត្រូវ​និង​ឆ្លាត​វៃ​។​

​ចំណេះដឹង​និង​ជំនាញ​នេះ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ជីវិត​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​ចំណេះដឹង​និង​ជំនាញ​ជា​មូលដ្ឋាន​ផ្នែក​ហិរញ្ញវត្ថុ​គឺ​ការចេះ​គិតគូរ​អំពី​ចំណូល​ចំណាយ​ព្រមទាំង​ចេះ​គិតគូរ​និង​ធ្វើ​ផែនការ​ចំណាយ​សមស្រប និង​ចំណូល​របស់ខ្លួន​។​

​លោកស្រី​បាន​មានប្រសាសន៍ថា​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​អាចជា​ការយល់ដឹង​អំពី​គោលការណ៍​និង​បែបបទ​សំខាន់ៗ​ពាក់ព័ន្ធ​និង​ហិរញ្ញវត្ថុ​។​ឧទាហរណ៍​ដូចជា​កម្រិត​ហានិភ័យ​និង​កម្រិត​ប្រាក់ចំណូល​និង​ការស្វែងរក​ការប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​។​ជាទូទៅ​ប្រជាពលរដ្ឋ​ដែលមាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នឹងមាន​សមត្ថភាព​សម្រេច​ចិត្តបាន​ប្រសើរ​ជាង​ប្រជាពលរដ្ឋ​ដែល​ពុំមាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​។​

លោកស្រី​បាន​គូសបញ្ជាក់​ក្នុង​រឿងនេះ​ថា​«​សម្រាប់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នឹង​រួមចំណែក​ដល់​ការលើកកម្ពស់​កម្រិត​ប​រិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ដោយ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​អាច​ទទួលបាន​និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ ផ្លូវការ​បាន​កាន់តែច្រើន​ប៉ុន្តែ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ក៏​ត្រូវមាន​កាតព្វកិច្ច​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​ការទទួលខុសត្រូវ​និង​ប្រកបដោយ​តម្លាភាព​និង​ធានាថា​សិទ្ធិ​និង​ផលប្រយោជន៍​ស្របច្បាប់​របស់​អ្នកប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ត្រូវបាន​ការពារ​ដោយ​ត្រឹមត្រូវ​”​។​

​ដោយឡែក​លោកស្រី​ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា បានលើកឡើង​ដែរ​ថា ក្នុងចំណោម​ប្រជាជន​ពេញវ័យ​របស់​កម្ពុជា ប្រមាណ​១០​លាន​នាក់​មាន​យុវវ័យ​ប្រមាណ​២៩​ភាគរយ មិនទាន់​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​នៅឡើយ​។​លោកស្រី​ថា​ប្រជាពលរដ្ឋ​ពេញវ័យ​ទោះបី​មាន​សេវា​ហិរញ្ញវត្ថុ​ណាមួយ​(​ប្រាក់​សន្សំ​ឬ​ប្រាក់កម្ចី​)​ក៏ដោយ​នៅតាម​គ្រឹះស្ថាន​ផ្លូវការ​ក៏​ធនាគារ​រាប់បញ្ចូល​ថា​មាន​ឬ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ប្រើប្រាស់​ដែរ​។​

​ប៉ុន្តែ​អ្វី​ដែលជា​សក្តានុពល​នៅ​កម្ពុជា​ប្រជាជន​ពេញវ័យ​ដែលមាន​អាយុ​ពី​១៥​ឆ្នាំទៅ​៣០​ឆ្នាំមាន​ចំនួន​ដល់​៤៣​ភាគរយ​នៃ​ប្រជាជន​ពេញវ័យ​សរុប​អីចឹង​មានន័យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នូវ​មានឱកាស​ជំរុញ​សេវា​ហិរញ្ញវត្ថុ​ទៅដល់​យុវជន​ពេញវ័យ​ទាំងនោះ​គឺ​នៅមាន​ឱកាស​ច្រើន​៕S/

​មន្ត្រី​ធនាគារជាតិ ,​មន្ត្រី​ក្រសួង​អប់រំ​និង​មន្ត្រី​ក្រសួង​កិច្ចការនារី​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា នៅ​ផ្សារ​ទំនើប​អ៊ី​អន​ទី​២​កាលពី​ថ្ងៃទី​២៣ មេសា​ឆ្នាំ​២០១៩(​រូប​៖​ដេប៉ូ​)​