ចំនួន​ទារ​កកើត​នៅ​ជប៉ុន​ស្ថិតក្នុង​កំរិត​ទាប​ជា​ថ្មី និង​អ្នក​កើត​តិច​ជាង​អ្នក​ស្លាប់​

611
ចែករម្លែក

​ចំនួន​ក្មេង​ចាប់កំណើត​នៅ​ជប៉ុន​កាលពី​ឆ្នាំមុន​បាន​ធ្លាក់​ដល់​កំរិត​ទាប​ជាថ្មីទៀត នេះ​បើ​តាម​តួលេខ​ត្រូវ​បាន​បញ្ចេញ​កាលពី​ថ្ងៃ​សុក្រ​ទី​៧​មិថុនា​ឆ្នាំ​២០១៩ ដែល​វា​២៧.​បង្ហាញ​ពី​​ឧបសគ្គ​សង្គម​ដ៏​ធំ ដែល​នាយករដ្ឋមន្ត្រី​ស៊ីន​ហ្សូ អាបេ ត្រូវ​ពុះពារ​ទាញ​បញ្ច្រាស​និន្នាការ​ប្រជាសាស្ត្រ​នេះ​។​

​ក្រសួង​សុខភាព ការងារ​និង​សុខុមាលភាព​បាន​ប្រកាស​ថា មាន​ក្មេង​តែ​៩១៨.៣៩៧​នាក់​បាន​កើត​កាលពី​ឆ្នាំមុន ។​វា​ជា​ឆ្នាំ​ទី​៣​ជាប់​គ្នា​ដែល​កំណើត​ក្មេង​នៅក្រោម​១​លាន​នាក់​​ក្នុង​មួយឆ្នាំ​។​តួលេខ​នេះ​បង្ហាញថា អត្រាកំណើត​បាន​ធ្លាក់ចុះ​២,៩​ភាគរយ ស្មើនឹង​២៧.៦៦៨​នាក់ ពី​អត្រាកំណើត​នៅ​ឆ្នាំ​២០១៧ ខណៈ​ចំនួន​មនុស្ស​ស្លាប់​បែរ​ជា​កើន​២២.០៨៩​នាក់ ដល់​១.៣៦២.៤៨២​នាក់ ។​

​ទិន្នន័យ​នេះ​ត្រូវ​បាន​បញ្ចេញ​ចំពេល​មានការ​ពិនិត្យពិច័យ​អំពី​បរិ​កាស​ចិញ្ចឹម​ក្មេង​នៅ​ជប៉ុន ចំ​ពេល​មាន​ឧបទ្ទវហេតុ​រំលោភ​កូនក្មេង​ដែល​នាំ​អោយ​រដ្ឋាភិបាល​ចេញ​វិធានការ​​ហាម​ការដាក់ពិន័យ​ក្មេង​។​

​កាលពី​ខែ​មុន ឪពុក​វ័យ​៤៥​ឆ្នាំ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ចំពោះ​ប្រើ​ខ្សែ​ប្រឡៅ​ក​ឆ្កែ​ដើម្បី​ដាក់​ពិន័យ​កូន​៣​នាក់ និង​កាលពី​សប្តាហ៍​មុន​ម្តាយ​អាយុ​២១​ឆ្នាំ​និង​មិត្ត​ប្រុស​របស់​នាង​​ត្រូវបាន​ចាប់ខ្លួន ក្រោយ​កូន​អាយុ​២​ឆ្នាំ​របស់​នាង​ត្រូវបាន​ប្រទះឃើញ​ស្លាប់​។​

​ជប៉ុន​ក៏​អនុវត្ត​ច្បាប់​អនុញ្ញាត​អោយ​ម្តាយ​ឈប់​សម្រាកសម្រាល​និង​មើលថែរ​កូន​រយៈពេល​មួយ​ឆ្នាំ​និង​ទទួល​ប្រាក់កំរៃ​ឈ្នួល​៨០​ភាគ ហើយ​រដ្ឋាភិបាល​របស់​លោក​អា​បេក៏បាន​​ចេញ​វិធានការ​នានា​ដើម្បី​សម្រួល​ដល់​ស្ត្រី​ចង់​មាន​កូន​ផង​ដែរ​។​

​កាលពី​ខែ​មុន រដ្ឋាភិបាល​បាន​ចេញ​ច្បាប់​សំរាប់​ការសិក្សា​មុន​ចូល​សាលា​ផ្លូវការ​ដោយ​ឥតគិតថ្លៃ​សំរាប់​ក្មេងៗ​ទាំងអស់​មាន​អាយុ​៣​ទៅ​៥​ឆ្នាំ ព្រមទាំង​ផ្តល់​សេវា​មើលថែ​ពេល​ថ្ងៃ​​ដោយ​ឥតគិតថ្លៃ​សំរាប់​ក្មេង​អាយុ​ដល់​២​ឆ្នាំ​ណា​មក​ពី​គ្រួសារ​ចំណូល​ទាប​។​

​លោក​អាបេ បាន​និយាយ​កាលពី​ខែ​មុន​ថា «​បន្ទុក​ហិរញ្ញវត្ថុ​សំរាប់​ការអប់រំ​និង​ការ​មើលថែ​ក្មេង​ធ្លាក់​លើ​ឪពុក​ម្តាយ​វ័យក្មេងៗ​ជាខ្លាំង ដែល​ជា​ឧបសគ្គ​ក្នុងការ​មានកូន​។​ដូច្នេះ​​ហើយ យើង​ផ្តល់​ការអប់រំ​ដោយ​ឥតគិតថ្លៃ​»​។​

​ការស្ទង់មតិ​ដោយ​អង្គការ​ជប៉ុន​មួយ​កាលពី​ខែ​មុន បង្ហាញថា​៧៣,៥​ភាគរយ​គិតថា​ពិបាក​ក្នុង​ការ​មាន​កូន​ទី​២ និង​៨​នាក់​ក្នុងចំណោម​១០​នាក់​បន្ទោស​លើ​បន្ទុក​សេដ្ឋកិច្ច​៕​ប្រែ​សម្រួល​៖​វាសនា​

ម្តាយ​ជប៉ុន​ម្នាក់​បីកូន​ទើប​កើត ជិត​សមាជិក​គ្រួសារ​ដែល​មក​សួរសុខទុក្ខ​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​អូ​សា​កា​កាលពី​ថ្ងៃ​១​ឧសភា​