ចំនួន​ពី​ការលក់​នំ​បុ័ង​ក្នុង​រដូវ​កាល​បោះឆ្នោត​ថ្នាក់ជាតិ បាន​ច្រើនជាង​បោះឆ្នោត​ឃុំ​សង្កាត់​

1516
ចែករម្លែក

​ដោយ​: ពៅ និមល / ភ្នំពេញ​: ម្ចាស់​ហាង​លក់​នំ​បុ័ង​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹងថា នា​រដូវ​កាល​ឃោសនាបោះឆ្នោត​ថ្នាក់ជាតិ ការលក់​នំ​បុ័ង គឺ​លក់ដាច់​បាន​ច្រើនជាង​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់​។ ជាក់ស្តែង ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​អាណត្តិ​ទី​៦​នេះ អាច​លក់ដាច់​ប្រមាណ​ជា​ខ្ទង់ពាន់ និង​ម៉ឺន​ដើម​ឯណោះ​។​

​ប្រាប់​កាសែត​រស្មី​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ ម្ចាស់​ហាង​លក់​នំ​បុ័ង ផ្កាយ​មាស អ្នកស្រី មាន វណ្ណ​រី បាន​លើកឡើងថា បើ​ប្រៀបធៀប​នឹង​ការលក់​នំ​បុ័ង​នៅ​ឆ្នាំនេះ​សម្រាប់​ការបោះឆ្នោតជាតិ និង​ការបោះឆ្នោត​ថ្នាក់ឃុំ​សង្កាត់​នៅ​ឆ្នាំ​កន្លងទៅ​២០១៧ ការលក់​អាច​ល្អប្រសើរ​ជាង​ទោះបីជា​មិន​ដាច់​រាល់ថ្ងៃ ប៉ុន្តែ​អាច​បាន​ដល់​ខ្ទង់ពាន់​ដើម​។​

​អ្នកស្រី​ឲ្យ​ដឹង​ទៀតថា បើ​និយាយ​ដោយឡែក​ពី​ការលក់​ដូចគ្នា​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្នុង​អា​ណិ​ត្ត​ទី​៥ (​ឆ្នាំ​២០១៣)​កន្លងទៅ និង​ឆ្នាំ​២០១៨​នេះ ការលក់​គឺ​ថយ​វិញ​ដោយសារតែ​បច្ចុប្បន្ន គឺមាន​ហាង​នំ​បុ័ង​បើក​ថ្មី​ជា​បន្តបន្ទាប់​ទាំង​នៅ​ទីក្រុង​ភ្នំពេញ និង​បណ្តា​ខេត្ត​ទើប​ធ្វើ​ឲ្យ​ការលក់​មានការ​ថយ​យ៉ាង​ដូច្នេះ​។ ទោះជា​យ៉ាងនេះ​ក្តី អ្នកស្រី​ម្ចាស់​ហាង​បាន​សម្តែង​ភាព​រីករាយ​ចំពោះ​ការលក់​សព្វថ្ងៃ ព្រោះ​មានការ​ក​ម្ម៉​ង់​ជាច្រើន​ពី​ម៉ូយ​ជាប្រចាំ និង​ពី​ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់​និង​រស់នៅ​ក្បែរ​តំបន់​នេះ​។​

​ចំណែក​លោក​ឯ​លោក សៅ សុភ័ក្ត្រ អ្នកគ្រប់គ្រង​ទូទៅ​ហាង​នំ​បុ័ង​បាយ័ន សាខា​អូ​បែកក្អម បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្នុង​យុទ្ធនា​ការបោះឆ្នោត​ឆ្នាំនេះ​ការលក់​របស់លោក​មាន​កំណើន​ដល់​ខ្ទង់​ម៉ឺន​ដើម ដែល​គិត​មក ទល់​សព្វថ្ងៃ ហាង​លោក​ទទួល​កា​រក​ម្ម៉​ង់​ពី​ភ្ញៀវ​ក្នុង​មួយកន្លែង​ចន្លោះ​ពី​៤.០០០​ដើម រហូតដល់​៨.០០០​ដើម ក្នុងនោះ​មាន​នំ​បុ័ង​សាប និង​នំ​បុ័ង​សាច់​បាក់​យ៉ុង​ជាដើម​។​

​គួររម្លឹកថា យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្នុង​អា​ណិ​ត្ត​ទី​៦​នេះ គឺមាន​រយះពេល​២០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ០៧ ដល់​ថ្ងៃទី​២៧ ខែ​ក្កដា ឆ្នាំ​២០១៨​។ សម្រាប់​ថ្ងៃ​បោះឆ្នោត​ពិតប្រាកដ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ក្នុង​សប្តាហ៍​នេះ​៕ ល​