ចំនួន​ភ្ញៀវទេសចរ​មកលេង​ហុងកុង​ធ្លាក់ចុះ ៤០ ភាគរយ​មិន​ធ្លាប់មាន​ចាប់​តាំង​វិបត្តិ​ជំងឺសា​

222
ចែករម្លែក

​ការតវ៉ា​កំពុង​បន្ត​នៅ​ហុងកុង​ដែល​ឥឡូវ​ឈានដល់​សប្តាហ៍​ទី​១៥ បាន​ជះ​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ឧស្សាហកម្ម​ទេសចរណ៍​ក្នុង​ទីក្រុង​នេះ មិន​ធ្លាប់​ឃើញ​ពីមុន​ឡើយ ចាប់តាំងពី​ការផ្ទុះ​រាលដាល​នៃ​ជំងឺសា​ក្នុង​ឆ្នាំ ២០០៣​។​

​លោក ផូ​ល ចាន់ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ បាន​សរសេរ​នៅក្នុង​ប្លុក​មួយ​កាលពី​ថ្ងៃអាទិត្យ​ទី​៨​កញ្ញា​ថា ការមកដល់​របស់​ភ្ញៀវទេសចរ​នៅក្នុង​ទីក្រុង​បាន​ធ្លាក់ចុះ​ជិត ៤០ ភាគរយ​ក្នុង​ខែសីហា​ធៀប​នឹង​មួយ​ឆ្នាំមុន​។ នោះ​គឺជា​ការថយចុះ​ខ្លាំង​បំផុត​ធៀប​នឹង​មួយឆ្នាំ គិត​ចាប់តាំងពី​ខែឧសភា​ឆ្នាំ ២០០៣ នៅពេលដែល​ចំនួន​អ្នកទេសចរ​បាន​ធ្លាក់ចុះ​ជិត ៧០ ភាគរយ​ពេល​កំពុង​ផ្ទុះ​ជំងឺសា ដែល​ទីបំផុត​បាន​ឆក់យក​ជីវិត​មនុស្ស​រាប់រយ​នាក់​នៅក្នុង​ទីក្រុង នេះ​បើ​យោងតាម​ទិន្នន័យ​ដែល​រៀបចំ​ដោយសារ​ព័ត៌មាន Bloomberg ដែល​ទទួលបាន​ពី​ក្រុមប្រឹក្សា​ទេសចរណ៍​ហុងកុង​។​

​លោក​ចាន់​បាន​សរសេរ​នៅក្នុង​ផុស​របស់គាត់​ថា “​បញ្ហា​សង្គម​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​ជាពិសេស​ការប៉ះទង្គិច​គ្នា​ដោយ​អំពើហិង្សា​និង​ការបិទ​ព្រលានយន្តហោះ​និង​ផ្លូវថ្នល់​បាន​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​មុខមាត់​អន្តរជាតិ​របស់​ហុងកុង​ជាទី​ក្រុងមាន​សុវត្ថិភាព​។ អ្វីដែល​គួរឱ្យ​ព្រួយបារម្ភ​បំផុត​នោះ​គឺថា​ស្ថានភាព​នឹងមិន​វិលត្រឡប់​ទៅ​សភាព​ដើម​នាពេល​អនាគត​ដ៏​ខ្លី​នោះទេ​”​។

​លោក​ចាន់​បាន​និយាយថា ឧស្សាហកម្ម​ទេសចរណ៍ ការលក់​រាយ និង​សណ្ឋាគារ​បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​។ អត្រា​ការ​ស្នាក់នៅ​សណ្ឋាគារ​នៅតាម​បណ្តា​សង្កាត់​មួយចំនួន​បាន​ធ្លាក់ចុះ​ជាង​ពាក់កណ្តាល ខណៈ​អត្រា​បន្ទប់​ថយចុះ​ពី ៤០ ទៅ ៧០ ភាគរយ​។ លោក​ចាន់​និយាយថា ការប្រជុំ​និង​ការធ្វើដំណើរ​អាជីវកម្ម​ជាច្រើន​ត្រូវបាន​ពន្យារពេល​ឬ​ផ្លាស់​ទៅ​កន្លែង​ផ្សេងទៀត​៕ ដោយ៖ កញ្ញាដាលីស

ភ្ញៀវទេសចរ​មក​ហុងកុង​ធ្លាក់ចុះ ៤០ ភាគរយ