ចំនួន​មនុស្ស​មាន​អាយុ​១០០​ឆ្នាំ​នៅ​ជប៉ុន​កើន​លើស​៧​ម៉ឺន​នាក់​

180
ចែករម្លែក

​ព័ត៌មាន​ថ្មី​កើតមានឡើង​នៅពេល​ជប៉ុន​គ្រោង​នឹង​ប្រារព្វ​ទិវា​គោរព​ជន​វ័យ​ចំណាស់​ដែល​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​១៦​កញ្ញា​នៅ​ឆ្នាំនេះ​។​

​ព័ត៌មាន​ថ្មី​នេះ​គឺថា ចំនួន​ប្រជាជន​ជប៉ុន​ដែល​នឹង​ប្រារព្វ​អបអរ​ខួប​១០០​ឆ្នាំ​របស់​ពួកគេ មាន​ចំនួន​លើ​៧០.០០០​នាក់​ជា​លើកដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ នេះ​​បើ​តាម​ក្រសួង​សុខាភិបាល ពលកម្ម​និង​សុខុមាលភាព​បាន​បញ្ចេញ​អោយដឹង​កាលពី​ថ្ងៃ​សុក្រ​ទី​១៣​កញ្ញា​។​

​បើ​តាម​ក្រសួង ចំនួន​ជនជាតិ​ជប៉ុន​មាន​អាយុ​ពី​១០០​មាន​ចំនួន​ជាង​៧១.០០០​នាក់ ក្នុងនោះ​បុរស​មាន​៨.៤៦៣​នាក់ ស្ត្រី​៦២.៧០០​នាក់ ស្មើនឹង​៨៨​ភាគរយ​នៃ​ចំនួន​សរុប​។​​ចំនួន​នេះ​កើន​១.៤៥៣​នាក់​ក្នុង​រយៈពេល​១​ឆ្នាំ​មកនេះ​។​

​ក្រសួង​ជឿថា ការ​ជឿនលឿន​ខាង​បច្ចេកវិទ្យា​សុខាភិបាល​និង​កិច្ច​ខិតខំ​ដើម្បី​ជំរុញ​សុខភាព ជា​ហេតុផល​ចម្បង​សំរាប់​ការ​មាន​អាយុ​វែង​នេះ​។​អាជ្ញាធរ​ជប៉ុន​សន្យា​គាំទ្រ​មនុស្ស​​វ័យចាស់ ដើម្បី​អោយ​ពួកគេ​រស់នៅ​ដោយ​សុខភាព​ទោះជា​ចាស់ជរា​ណាស់​ទៅ​ហើយ​ក្តី​។​

​កំណត់ត្រា​អាយុ​នេះ​ត្រូវបាន​ធ្វើ​បច្ចុប្បន្នភាព​រៀងរាល់​ឆ្នាំ​នៅ​៤៩​ឆ្នាំ​មកនេះ​។​នៅពេល​ការសិក្សា​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​១៩៦៣ មាន​មនុស្ស​អាយុ​១០០​តែ​១៥៣​នាក់​នៅ​ជប៉ុន តែ​​នៅ​៣០​ឆ្នាំ​ក្រោយមក ចំនួន​មនុស្ស​វ័យ​១០០​នេះ​បាន​កើន​២៣​ដង​៕​ដោយ​៖​វាសនា​

កំណើន​មនុស្ស​ចាស់​ជា​បន្ទុក​សង្គម​មួយ តែ​អាជ្ញាធរ​ជប៉ុន​គាំទ្រ​អោយ​ពួកគេ​រស់នៅ​ដោយ​សុខភាព​