ចំនួន​មនុស្ស​ស្លាប់​កើន​លើស​១.៨០០​នាក់ នៅពេល​ចិន​បញ្ជូន​ពេទ្យ​យោធា​ចូល​បន្ថែម​

166
ចែករម្លែក

​ចំនួន​មនុស្ស​ស្លាប់​ពី​ការផ្ទុះ​ជំងឺឆ្លង​Covid-19​នៅ​មហា​ចិនដីគោក​បាន​កើន​ដល់​១.៨៦៨​នាក់​ គិត​ត្រឹម​ចុង​ថ្ងៃ​ចន្ទ​ទី​១៧​កុម្ភៈ ដោយ​កើន​៩៨​នាក់​លើស​តួលេខ​​កាល​ពី​មួយ​ថ្ងៃមុន​។​

​គណៈកម្មាធិការ​សុខាភិបាល​ជាតិ​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៨​កុម្ភៈ​ថា ខេត្ត​ហ៊ូ​ប៉ី​ដែលជា​ស្នូល​នៃ​ការផ្ទុះ​ជំងឺនេះ បាន​រាយការណ៍​ការស្លាប់​៩៣​នាក់​ថ្មី ក្នុង​​នោះ​៧២​នាក់​នៅក្នុង​ទីក្រុង​វូ​ហាន​។​នៅ​ទូទាំង​ប្រទេស​ចិន មាន​ការឆ្លង​ថ្មី​១.៨៨៦​ករណី​កាលពី​ថ្ងៃ​ចន្ទ នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​នៅ​ចិន​ឡើងដល់​៧២.៤៣៦​នាក់​។​

​ការស្លាប់​និង​ឆ្លង​ភាគច្រើន​បំផុត​បានកើត​ឡើង​នៅ​ខេត្ត​ហ៊ូ​ប៉ី និង​ក្នុង​ទីក្រុង​វូ​ហាន កន្លែង​ដែល​វីរុស​ឆ្លង​នេះ​ត្រូវបាន​គេ​រកឃើញ​ដំបូង​គេ​។​

​ជុំវិញ​ការប្រយុទ្ធប្រឆាំង​នឹង​វីរុស​នេះ​ដែរ កាលពី​ថ្ងៃ​ចន្ទ ​ចិន​បាន​បញ្ជូន​ពេទ្យ​យោធា​ចំនួន​៨​យន្តហោះ សរុប​មាន​គ្រូពេទ្យ​៦៧៦​នាក់​បន្ថែម បូក​រួម​ទាំង​គ្រឿង​ផ្គ​ត់​​ផ្គង់​វេជ្ជសាស្ត្រ​ទៅ​កាន់​ក្រុង​វូ​ហាន​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ការផ្ទុះ​ជំងឺCOVID-19 មក កងទ័ព​រំដោះប្រជាជន​ចិន​បាន​បញ្ជូន​គ្រូពេទ្យ​ចំនួន​៣០​យន្តហោះ​ទៅ​កាន់​ខេត្ត​ហ៊ូ​ប៉ី​ក្នុង​បេសកកម្ម​ដឹក​​ជញ្ជូន​ទ្រង់ទ្រាយ​ធំ​របស់​ខ្លួន​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

កងទ័ព​ចិន​បញ្ជូន​ពេទ្យ​យោធា​បន្ថែម​ទៅ​កាន់​ទីក្រុង​វូ​ហាន